សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រុមប្រឆាំងដែលបំផុសចលនាបដិសេធគម្រោងព្រែកជីកហ្វូណន-តេជោ នឹងទទួលបរាជ័យ ព្រោះប្រឆាំងជាមួយផលប្រយោជន៍ជាតិ (Video inside)

Posted By: RoogRog Robot | 01-May-2024 13:02:06

2024-05-01 11:57am

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ បានក្លាយទៅជាចលនាជាតិនិយមដែលគាំទ្រដោយប្រជាពលរដ្ឋចាស់ក្មេង នៅទូទាំងប្រទេស ហើយក្រុមប្រឆាំង ដែលបានបំផុសចលនាបដិសេធចំពោះគម្រោងព្រែកជីកនេះ នឹងទទួលបរាជ័យ ព្រោះតែពួកគេប្រឆាំងនឹងផលប្រយោជន៍ជាតិ។

សារនយោបាយរបស់សម្តេចធិបតិ ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំងនៅក្រៅប្រទេស បានរៀបចំសេនារីយ៉ូមួយឱ្យបក្ខពួករបស់ខ្លួនដែលប្រើប្រាស់បណ្តាញសង្គម បំភ្លៃ៣ចំណុចទាក់ទងនឹងព្រែកជីកហ្វូណនតេជោ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះថា៖ <<ម្សិលមិញ ខ្ញុំក្តាប់បាន មានក្រុមមួយនៅសហរដ្ឋអាមេរិក គាត់ផ្សព្វផ្សាយឱ្យគ្នាគាត់ ដាក់ផែនការដើម្បីបដិសេធព្រែកជីកហ្វូណន ខ្ញុំថា អ្នកឯងដើរក្រឡាខុសហើយ ប្រជាពលរដ្ឋទូទាំងប្រទេសរាប់លាននាក់ទាំងចាស់ទាំងក្មេង យល់ពីតម្លៃមួយនេះ ហើយបានផ្តល់ការគាំទ្រ>>។

សម្តេចបានបញ្ជាក់បន្ថែមថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងរាជរដ្ឋាភិបាល អាណត្តិទី៧នេះ បានប្តេជ្ញាហើយថា ត្រូវតែអនុវត្តគម្រោងនេះឱ្យចេញជារូបរាង ហើយសម្តេចធិបតីបានបញ្ជាក់ទៀតថា គម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងត្រូវកសាងជាលក្ខណៈ BOT ដោយចប់កុងត្រានឹងត្រូវប្រគល់មកជូនរដ្ឋវិញ។

កាលពីពេលថ្មីៗនេះ មានការបែកធ្លាយសំឡេងរបស់ លោក ឆាំ ឆានី សមាជិកក្រុមប្រឆាំង នៅក្រៅប្រទេស បានដាក់ផែនការ៣ចំណុច ដើម្បីរារាំងគម្រោងព្រែកជីកហ្វូណនតេជោ។ គោលការណ៍៣ចំណុចនេះរួមមាន៖ ទី១៖ ផ្សព្វផ្សាយបំភ្លៃថា ការធ្វើព្រែកជីកនេះមានហានិភ័យដោយនឹងក្លាយទៅជាអនាគតព្រំដែនកម្ពុជា​-វៀតណាម, ទី២៖ ផ្សព្វផ្សាយបំភ្លៃថា ការសាងសង់ព្រែកជីកនេះហើយ ក៏មិនអាចប្រើប្រាស់បានដែរ ដោយសារតែទឹករាក់ ដូចទៅនឹងកំពង់ផែកំពតដែរ និងទី៣៖ ផ្សព្វផ្សាយបំភ្លៃថា នឹងមានការទៅរំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋ នៅតំបន់ព្រែកជីកនេះ នៅពេលដែលកសាងព្រែក។ ផែនការរបស់ក្រុមប្រឆាំង បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី បានបង្ហោះលើបណ្តាញសង្គមចោទប្រកាន់គម្រោងព្រែកជីនេះថា ប៉ះពាល់ដល់បរិស្ថាន និងសង្គម ព្រមទាំងផ្តល់ឱកាសដល់យោធាចិន មានវត្តមាននៅកម្ពុជា។

ក្នុងពិធីដដែលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថា៖ <<ខ្ញុំសូមផ្តាំទៅអ្នកដែលបង្កើតចលនាប្រឆាំង អ្នកឯងមិនជោគជ័យទេ ព្រោះអ្នកឯងប្រឆាំងចលនាជាតិរបស់ប្រជាជនខ្មែរ ប្រឆាំងផលប្រយោជន៍ជាប្រវត្តិសាស្ត្រកម្ពុជា អ្នកឯងមិនជោគជ័យទេ>>។

សម្តេចលើកឡើងទៀតថា បើក្រុមប្រឆាំងមិននិយាយក៏គ្មាននរណាថា ពួកគេគនោះទេ។ សម្តេចបន្តថា ពួកគេអាចមានប្រធានបទជាច្រើនដែលអាចលើកមកនិយាយ ប៉ុន្តែហេតុអ្វីពួកគេលើកប្រធានបទដែលធ្វើឱ្យខាតផលប្រយោជន៍ជាតិទៅវិញ៕
















































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...