ប្រធាន IAEA លោក Grossi នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ីរ៉ង់នៅថ្ងៃទី៦-៨ ខែឧសភា

Posted By: RoogRog Robot | 30-Apr-2024 23:49:14

2024-04-30 10:45pm

(ឌូបៃ)៖ ទីភ្នាក់ងារសារព័ត៌មាន Mehr របស់អ៊ីរ៉ង់បាននិយាយនៅថ្ងៃអង្គារនេះថា អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ លោក Rafael Grossi គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ ដើម្បីចូលរួមក្នុងសន្និសីទនុយក្លេអ៊ែរនៅថ្ងៃទី ៦-៨ ខែឧសភា និងជួបជាមួយមន្ត្រីអ៊ីរ៉ង់។​ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី៣០​ ខែមេសា ឆ្នាំ២០២៤។

ទីភ្នាក់ងារនេះបាននិយាយថា <<លោក Grossi នឹងជួបជាមួយមន្ត្រីអ៊ីរ៉ង់នៅទីក្រុង Tehran មុនពេលចូលរួមក្នុងសន្និសីទអន្តរជាតិស្តីពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានុយក្លេអ៊ែរ ដែលធ្វើឡើងនៅទីក្រុង Isfahan>>។

ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បាននិយាយកាលពីខែកុម្ភៈថា លោកគ្រោងនឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងតេអេរ៉ង់ ដើម្បីដោះស្រាយការប្រេះឆានៅក្នុងទំនាក់ទំនងរវាងទីភ្នាក់ងារ និងសាធារណរដ្ឋអ៊ីស្លាមមួយនេះ។

នៅក្នុងខែដដែលនេះ លោក Grossi ក៏បាននិយាយដែរថា ទោះបីជាល្បឿននៃការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ បានថយចុះបន្តិចចាប់តាំងពីចុងឆ្នាំមុនក៏ដោយ ក៏ប្រទេសនេះនៅតែបង្កើនក្នុងអត្រាខ្ពស់ប្រហែល ៧ គីឡូក្រាមក្នុងមួយខែដែលឈានដល់ភាពបរិសុទ្ធ ៦០ ភាគរយ។ ក្នុងកម្រិត ៦០ ភាគរយនេះ គឺជិតទៅនឹងអ្វីដែលត្រូវការសម្រាប់អាវុធ មិនមែនសម្រាប់ថាមពលនុយក្លេអ៊ែរធម្មតានោះទេ។ អ៊ីរ៉ង់​តែងតែបដិសេធ​មិន​ចង់​បាន​អាវុធ​នុយក្លេអ៊ែរ ប៉ុន្តែ​កម្រិត​នៃ​ការបង្កើននេះ​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ។

គួរជម្រាបថា នៅក្រោមកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ដែលផុតកំណត់ជាមួយមហាអំណាចពិភពលោក អ៊ីរ៉ង់អាចចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមបានត្រឹមតែ ៣.៦៧ ភាគរយប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីអតីតប្រធានាធិបតី លោក Donald Trump បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងក្នុងឆ្នាំ ២០១៨ និងដាក់ទណ្ឌកម្មឡើងវិញ អ៊ីរ៉ង់បានរំលងការរឹតបន្តឹងទាំងនេះ៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...