លោក លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ ការទូតសេដ្ឋកិច្ច ក្លាយជាសកម្មភាពដ៏សំខាន់មួយ នៃនយោបាយការបរទេសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត

Posted By: RoogRog Robot | 29-Apr-2024 18:59:09

2024-04-29 05:56pm

(ភ្នំពេញ)៖ លោក លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ការទូតសេដ្ឋកិច្ច ក្លាយជាសកម្មភាពដ៏សំខាន់មួយនៃនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលថ្មី ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត។

លោកថ្លែងបែបនេះ ក្នុងឱកាសបកស្រាយលើប្រធានបទ៖ <<ការទូតសេដ្ឋកិច្ចរបស់កម្ពុជា លើឆាកអន្តរជាតិ>> គ្រាដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សហការជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រៀបចំសិក្ខាសាលា ស្តីពី <<ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០>> នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។

លោក លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់យ៉ាងដូច្នេះថា <<ទាំងអស់គ្នាដឹងស្រាប់ហើយ ការទូតសេដ្ឋកិច្ច ក្លាយជាសកម្មភាពស្នូល សកម្មភាពដ៏សំខាន់មួយ នៃនយោបាយការបរទេស របស់រាជរដ្ឋាភិបាលថ្មី ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា>>។

បើតាមលោក លោក តាន់ ហ្សង់ហ្វ្រង់ស័រ គេអាចឱ្យនិយមន័យថា ការទូតសេដ្ឋកិច្ច គឺជាការស្វែងរកប្រយោជន៍សេដ្ឋកិច្ច ស្វែងរកប្រយោជន៍ពាណិជ្ជកម្មសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់មធ្យោបាយទូត ហើយការទូតសេដ្ឋកិច្ច ចងសមត្ថកិច្ច ២ជាប់គ្នា។ លោកថ្លែងថា ការទូតសេដ្ឋកិច្ចនេះ នៅម្ខាងមានសមត្ថកិច្ចរបស់រដ្ឋ ព្រោះការទូត គឺជាតួនាទីផ្តាច់មុខរបស់រដ្ឋ និងម្ខាងទៀត មានសមត្ថកិច្ចរបស់វិស័យឯកជន ព្រោះឯកជនជាអ្នកតួនាទីផ្នែកវិនិយោគ។

សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ លោក ប្រាក់ សុខុន កាលជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចុះហត្ថលេខាដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ដែលមានគោលបំណងចំនួន៤ រួមមានការជំរុញពាណិជ្ជកម្មអន្តរជាតិ ការទាក់ទាញការវិនិយោគទុនផ្ទាល់ពីបរទេស ការលើកកម្ពស់វិស័យទេសចរណ៍ និងការជំរុញការផ្លាស់ប្តូរវប្បធម៌ បូករួមទាំងការផ្សព្វផ្សាយពីមុខម្ហូបខ្មែរផងដែរ។ នៅក្នុងប្រការ ២ នៃលិខិតដែលបានចុះហត្ថលេខាដោយ លោក ប្រាក់ សុខុន នោះ បានចែងថា <<ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះអង្គភាពចំណុះទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស>>។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសពង្រឹងការទូតសេដ្ឋកិច្ច ព្រោះសេដ្ឋកិច្ចជាអាយុជីវិតរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិ៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...