អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សេចក្តីប្រកាសព័ត៌មានបង្ហាញលទ្ធផលនៃការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា

Posted By: RoogRog Robot | 29-Apr-2024 18:53:54

2024-04-29 05:48pm

(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៩ ខែមេសា ឆ្នា២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានបង្ហាញលទ្ធផល នៃការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន​ Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានបទបញ្ជាលេខ០១បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានគោរព និងអនុវត្តតាមខ្លឹមសារនៃបទបញ្ជានេះដោយទទួលបានលទ្ធផលដូចខាងក្រោម៖

* មកដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួនបានចាត់តាំងអនុវត្តបទបញ្ហានេះដោយបានធ្វើតេស្ដរហ័សរកសារធាតុញៀនក្នុងទឹកមូត្រ ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាសរុបបានចំនួន ៥៦,៤៤៥រូប ក្នុងនោះមានលទ្ធផលវិជ្ជមានសារធាតុញៀនក្នុងទឹកមូត្រចំនួន៧៦រូប ដែលមន្ត្រីទាំងនេះត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ។

* បានចេញសេចក្តីណែនាំលេខ០០១ សណន.អ.ជ.ប.គ.៣. ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ស្ដីពីវិធានការក្នុងការចាត់តាំងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១បប ពាក់ព័ន្ធការប្រើប្រាស់ឧបករណ៍ធ្វើតេស្ត របៀបក្នុងការធ្វើតេស្តការបញ្ជាក់លទ្ធផលតេស្ត និងចំណាត់ការចំពោះអ្នកវិជ្ជមានសារធាតុញៀន ដើម្បីពង្រឹងប្រសិទ្ធភាពការអនុវត្តបទបញ្ជលេខ០១បប របស់រាជរដ្ឋាភិបាលដូចខាងក្រោម៖

ទី១៖ បាននិងកំពុងខិតខំកៀរគរស្វែងរកជំនួយបន្ថែមពីសប្បុរសជនជាតិ និងអន្តរជាតិនូវឧបករណ៍ធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រសម្រាប់ប្រើប្រាស់ចំពោះមុខ។

ទី២៖ បានសហការជាមួយក្រសួងសុខាភិបាល បង្កើតក្រុមការងារចំពោះកិច្ចដោះស្រាយលទ្ធផលមិនប្រក្រតីនៃការធ្វើតេស្ដរហ័សរកសារធាតុញៀនក្នុងទឹកមូត។

ទី៣៖ បានបើកវគ្គបណ្តុះបណ្តាលមន្ត្រីបង្គោលរបស់អង្គភាពនាំ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីឱ្យបណ្ដាំអង្គភាពទាំងនោះមានការយល់ដឹងនិងម្ចាស់ការធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងទឹកមូត្រដោយខ្លួនឯង។

ទី៤៖ បានណែនាំដល់សាមីក្រសួង ស្ថាប័ន ដែលបានបណ្ដេញមន្ត្រីដែលមានសារធាតុញៀន ចេញពីក្របខ័ណ្ឌ ត្រូវបញ្ជូនពួកគាត់ទៅទទួលការព្យាបាល និងស្តារនីតិសម្បទា។

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណចំពោះកិច្ចសហការពីបណ្តាក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងសាធារណជនទាំងអស់ ទាំងក្នុង និងក្រៅប្រទេសដែលបាន គាំទ្រយ៉ាងមុតមាំដល់ការអនុវត្តបទបញ្ហាខាងលើដើម្បីការពារសុខុមាលភាព សេចក្តីសុខ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជន និងប្រទេសកម្ពុជា៕

ខាងក្រោមនេះជាសេចក្តីប្រកាស៖



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...