ប្រទេសមីយ៉ាន់ម៉ា កត់ត្រាសីតុណ្ហភាពក្តៅខ្លាំងបំផុតប្រចាំខែមេសា គឺជិត៥០អង្សាសេ

Posted By: RoogRog Robot | 29-Apr-2024 17:21:38

2024-04-29 04:18pm

(ណៃពិដោ)៖ អាជ្ញាធរមីយ៉ាន់ម៉ា បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសមីយ៉ាន់ម៉ា បានកត់ត្រាសីតុណ្ហភាពក្តៅបំផុតប្រចាំខែមេសា គឺរហូតដល់​៤៨.២អង្សាសេ ចំពោះមុខការវាយលុកពីរលកកម្តៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤។

ទីភ្នាក់ងារឧតុនិយមមីយ៉ាន់ម៉ា បានរាយការណ៍ឱ្យដឹងថា សីតុណ្ហភាពបានកើនដល់៤៨.២អង្សាសេ នៅក្រុង Chauk នៃតំបន់ Magway ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា។ វាគឺជាសីតុណ្ហភាពខ្ពស់បំផុតប្រចាំក្នុងខែមេសា ដែលពីមុនមកមិនធ្លាប់ត្រូវបានកត់ត្រា នៅប្រទេសមីយ៉ាន់ម៉ាឡើយ ចាប់តាំងពី​ការធ្វើកំណត់ត្រាបានចាប់ផ្តើម កាលពី៥៦ឆ្នាំមុន។ ក្នុងថ្ងៃដដែលនេះ សីតុណ្ហភាពនៅទីក្រុង Yangon ស្ថិតក្នុងកម្រិត៤០អង្សាសេ ហើយនៅ​ទីក្រុង Mandalay ៤៤អង្សាសេ។

គួរបញ្ជាក់ថា សីតុណ្ហភាពសកល បានកើនឡើងដល់កម្រិតបំបែកកំណត់ត្រាថ្មី កាលពីឆ្នាំ២០២៣ ហើយអង្គការឧតុនិយមពិភពលោករបស់ អង្គការសហប្រជាជាតិ បានព្រមានថា នៅតំបន់អាស៉ីជាពិសេស កំពុងទទួលរងការកើនឡើងកម្តៅយ៉ាងឆាប់រហ័ស ដោយឥទ្ធិពលនៃរលកកម្តៅនៅក្នុងតំបន់នេះ កាន់តែមានសភាពធ្ងន់ធ្ងរឡើង។ របាយការណ៍ស្រាវជ្រាវ របស់អ្នកវិទ្យាសាស្រ្ត បានរកឃើញថា ការប្រែប្រួលអាកាសធាតុពិភពលោក ជាកត្តាដែលជំរុញឱ្យរលកកម្តៅ កាន់តែមានរយៈពេលយូរ កាន់តែញឹកញាប់ និងកាន់តែមានឥទ្ធិពល។ ក្រៅពីមីយ៉ាន់ម៉ា ប្រទេសក្នុងតំបន់ដទៃទៀត ដូចជា​ហ្វីលីពីន និងថៃ ជាដើម ក៏កំពុងជួបប្រទះការកើនឡើងសីតុណ្ហភាពខ្ពស់ ផងដែរ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...