ថៃចុះកិច្ចព្រមព្រៀង ស្តីពីបច្ចេកវិទ្យាហិរញ្ញវត្ថុជាមួយអូស្ត្រាលី

Posted By: RoogRog Robot | 29-Apr-2024 08:46:32

2024-04-29 07:42am

(បាងកក)៖ ប្រទេសថៃនិងអូស្ត្រាលី បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ឧស្សាហកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) ក្នុងស្រុក។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា អនុស្សរណៈនៃការយោគយល់គ្នា (MoU) ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៣ ខែមេសា រវាងសមាគមបច្ចេកវិទ្យាហិរញ្ញវត្ថុថៃ (Thai Fintech Association) និងសមាគមបច្ចេកវិទ្យាហិរញ្ញវត្ថុអូស្រ្តាលី (FinTech Australia)។

លោក Brian Collins អនុប្រធានសមាគម FinTech Australia ត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍ខណៈថ្លែងថា ប្រទេសថៃ និងតំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញឱកាសរីកចម្រើនដ៏ធំសម្រាប់វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងស្រុករបស់អូស្ត្រាលី។

លោកមានប្រសាសន៍ថា៖ <<ប្រទេសថៃ និងតំបន់អាស៊ីអាគ្នេយ៍តំណាងឱ្យឱកាសរីកចម្រើនដ៏ធំមួយ សម្រាប់វិស័យ fintech ក្នុងស្រុករបស់យើង។ វាជាផ្នែកមួយនៃពិភពលោក ដែលសមាជិកជាច្រើនរបស់យើងបានសម្តែងការចាប់អារម្មណ៍ ដោយសារតែការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងទម្រង់ផ្សេងៗយ៉ាងឆាប់រហ័ស>>។ លោកបានបន្ថែមថា៖ <<យើងទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយសមាគម Fintech របស់ថៃដើម្បីធ្វើឱ្យប្រសើរឡើង នូវលទ្ធផលសម្រាប់ប្រទេសទាំងពីរ>>។

លោក Chonladet Khemaratna ប្រធានសមាគម Fintech ថៃបានថ្លែងថា ប្រទេសថៃកំពុងក្លាយជាមជ្ឈមណ្ឌល សម្រាប់នវានុវត្តបច្ចេកវិទ្យាហិរញ្ញវត្ថុ។

លោកមានប្រសាសន៍ថា៖ <<សមាគម Fintech របស់ថៃសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះភាពជាដៃគូជាមួយ FinTech Australia ដោយទទួលស្គាល់សក្ដានុពលកំណើនយ៉ាងខ្លាំង នៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍។ យើងចង់ធ្វើការយ៉ាងជិតស្និទ្ធជាមួយ FinTech Australia ដើម្បីប្រើប្រាស់ភាពខ្លាំងរៀងៗខ្លួនរបស់យើង និងលើកកំពស់លទ្ធផលសម្រាប់ប្រព័ន្ធអេកូឡូស៊ី Fintech ក្នុងតំបន់ទាំងពីរ>>។

អ្នកស្រី Angela Macdonald ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសថៃ បានថ្លែងក្នុងពិធីចុះហត្ថលេខានេះថា វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ប្រទេសថៃ គឺជាផ្នែកមួយនៃការរីកលូតលាស់លឿនបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។អ្នកស្រីបានបន្ថែមថា៖ <<គួបផ្សំជាមួយនឹងទិដ្ឋភាព fintech ដ៏គួរឱ្យរំភើបនិងស្វាហាប់របស់ប្រទេសអូស្ត្រាលី ភាពជាដៃគូនេះគឺជាជំហានដ៏គួរឱ្យស្វាគមន៍មួយ ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលជាមួយប្រទេសថៃ>>៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...