(ប៉េកាំង)៖ នាថ្ងៃសុក្រនេះ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានទទួលជួបពិភាក្សាជាមួយ រដ្ឋមន្រ្តីការបរទេសចិន លោក Antony Blinken ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤។
នាឱកាសនោះ លោក ស៉ី បាននិយាយទៅកាន់លោក Blinken ថា <<ប្រទេសទាំងពីរ គួរតែធ្វើជាដៃគូជាមួយគ្នា មិនមែនគូប្រជែងឡើយ។ នៅមានបញ្ហាជាច្រើន ដែលចាំបាច់ត្រូវដោះស្រាយ និងនៅមានចន្លោះសម្រាប់ឱ្យភាគីទាំងពីរ បង្កើនកិច្ចប្រឹងប្រែងបន្ថែមទៀត>>។ ទន្ទឹមគ្នានោះ លោកប្រធានាធិបតីចិន បានបន្តប្រាប់ លោកប្រមុខការទូតអាមេរិកថា <<យើងសង្ឃឹមថា ភាគីអាមេរិកក៏នឹងអាចប្រកាន់ទស្សនៈវិជ្ជមានផងដែរ ចំពោះការអភិវឌ្ឍរបស់ប្រទេសចិន។ នៅពេលបញ្ហាមូលដ្ឋានមួយនេះ អាចត្រូវដោះស្រាយបាន នោះទំនាក់ទំនងមុខជាអាចទទួលបានស្ថិរភាព ហើយប្រសើរជាងមុន ព្រមទាំងបោះជំហានទៅមុខ យ៉ាងពិតប្រាកដ>>។
គួរបញ្ជាក់ថា មុនជួបលោក ស៉ី ជីនពីង លោក Blinken ក៏បានបើកកិច្ចពិភាក្សា ដែលប្រព្រឹត្តទៅរយៈពេលជាច្រើនម៉ោង ជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi ផងដែរ។ នេះគឺជាទស្សនកិច្ចលើកទី២ហើយ របស់លោក Blinken មកកាន់ប្រទេសចិន ក្នុងរយៈពេលជិតមួយឆ្នាំ៕