រដ្ឋមន្ដ្រីសុខាភិបាល៖ ផ្ដល់ឈាម មួយប្លោក ស្មើនឹងសង្គ្រោះអាយុជីវិតមនុស្សម្នាក់, ការផ្ដល់ឈាម មិនប៉ះពាល់ដល់សុខភាពទេ សូមលើកទឹកចិត្ដដល់ពលរដ្ឋ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ

Posted By: RoogRog Robot | 25-Apr-2024 20:26:47

2024-04-25 07:22pm

(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា ការផ្ដល់ឈាម មិនប៉ះពាល់ដល់សុខភាពនោះទេ ហើយបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមបរិច្ចាគឈាមឱ្យបានគ្រប់ៗគ្នា ហើយសម្រាប់អ្នកដែលធ្លាប់ចូលរួមបរិច្ចាគឈាម សូមបន្ដបរិច្ចាគឱ្យក្លាយជាទម្លាប់ដ៏ប្រពៃយូរអង្វែង និងផុលផុស ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ។

ការដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញទៅផ្ដល់ឈាមជួយសង្គ្រោះជីវិតអ្នកជំងឺ និងជាអធិបតីភាព ក្នុងពិធីបរិច្ចាគឈាម លើកទី១០ របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៅមន្ទីរពេទ្យកាល់ម៉ែត ក្រោមប្រធានបទ <<រួមគ្នាបរិច្ចាគឈាមសង្គ្រោះជីវិត>> ដែលមានការសហការគាំទ្រដោយ ក្រុមហ៊ុន វ័ន ហ្រេ្វតធើនីធី (វីតាល់) និងចូលរួមសហការរៀបចំដោយមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ។លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងបន្ដថា <<គិតត្រឹមថ្ងៃនេះ ខ្ញុំបានផ្ដល់បានឈាមជាលើកទី១០ ជួយអ្នកជំងឺដែលត្រូវការឈាមដើម្បីរស់រានមានជីវិតវិញឡើងវិញ ការផ្ដល់ឈាមនេះមិនមានការប៉ះពាល់ដល់សុខភាពនោះឡើយ>>។

លោកសាស្ដ្រាចារ្យបានបន្ដថា បច្ចុប្បន្ននេះការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅកម្ពុជា មានត្រឹម២០ភាគរយប៉ុណ្ណោះ ក្រៅពីនោះ គឺជាការបរិច្ចាគឈាមជំនួស មានន័យថា អ្នកជំងឺត្រូវការឈាម ក្រុមគ្រួសារជាអ្នកជំងឺបរិច្ចាគជំនួស។ <<ដូច្នេះយើងចង់បង្កើននូវការផ្ដល់ឈាមដោយស្ម័គ្រចិត្ដរហូតដល់ទៅ៥០% និងបន្ដទៅប្រហាក់ប្រហែលនឹងប្រទេសជឿនលឿន ដើម្បីឱ្យស្ដុកឈាមរបស់យើងមានគ្រប់គ្រាន់ សម្រាប់សង្គ្រោះអ្នកជំងឺយើង ពេលនោះក្រុមគ្រួសារអ្នកជំងឺក៏មិនលំបាក ព្រោះថាត្រូវថែទាំអ្នកជំងឺផង ហើយត្រូវទៅផ្ដល់ឈាមផង>>។

លោករដ្ឋមន្ដ្រីសុខាភិបាល បានគូសបញ្ជាក់ទៀតថា ដើម្បីឱ្យគោលដៅមានឈាមគ្រប់គ្រាន់នៅថ្ងៃអនាគត់ ក្រសួងនឹងបង្កើនការអប់រំសុខភាពដល់ប្រជាពលរដ្ឋ ឱ្យបានទូលំទូលាយ អំពីការផ្តល់ឈាម។ ចំពោះការផ្ដល់ឈាមនេះ គឺបុរសអាចផ្តល់ឈាមរហូតដល់៤ដងក្នុងមួយឆ្នាំ គឺរៀងរាល់៣ខែម្តង និងស្ត្រីអាចបរិច្ចាគ៣ដងក្នុងមួយឆ្នាំ រៀងរាល់៤ខែម្ដង។ លើសពីនោះ ក្រសួងសុខាភិបាល ក៏នឹងធ្វើការអំពាវនាវលើកទឹកចិត្តជាបន្ដបន្ទាប់ ដល់បណ្តាអង្គភាពទាំងអស់ក្នុងវិស័យសុខាភិបាល និងបណ្ដាស្ថាប័នរដ្ឋ និងឯកជននានាទូទាំងប្រទេស ចូលរួមបរិច្ចាគឱ្យបានផុលផុស និងក្លាយទៅជាទម្លាប់។

ក្នុងពិធីបរិច្ចាគឈាមខាងលើ ក៏មានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្រេ្វតធើនីធី (វីតាល់) លោកប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងលោក លោកស្រី ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យជាតិ តេជោសន្តិភាព មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម រួមទាំងមន្ទីរពេទ្យជាតិនានា និងនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

ពិធីដ៏មានសារៈសំខាន់នេះក៏មានព្រះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ដែលព្រះវត្តមានរបស់ព្រះតេជគុណ នាពេលនេះ គឺជាការលើកទឹកចិត្តដល់សប្បុរសជនស្ម័គ្រចិត្តបរិច្ចាគឈាម បានយល់ដឹងអំពីការធ្វើអំពើល្អដោយទឹកចិត្តបរិសុទ្ធ តាមរយៈការលះបង់លោហិតរបស់ខ្លួន ដើម្បីជួយដល់អ្នកជំងឺ ដែលកំពុងរង់ចាំការជួយសង្គ្រោះអាយុជីវិត ពីក្រុមវេជ្ជបណ្ឌិតជំនាញគ្រប់ឯកទេស មន្រ្តីថែទាំគ្រប់ថានានុក្រមទទួលខុសត្រូវ ជាមួយនឹងឈាមដែលជាឱសថមានគុណតម្លៃឧត្តុង្គឧត្តមបំផុត ព្រោះលើលោកនេះពុំមានមន្ទីរពិសោធន៍ណាអាចផលិតឈាមបាននៅឡើយ។

សូមបញ្ជាក់ផងដែរថា កម្មវិធីបរិច្ចាគឈាមនៅថ្ងៃនេះ បានប្រព្រឹត្ដទៅដោយភាពរីករាយ ស្និតស្នាល សស្រាក់សស្រាំ និងប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ ដែលអ្នកចូលរួមបរិច្ចាគឈាមសរុបមានជិត ៤០០នាក់៕














News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...