ស្វីស បន្តគាំទ្រកំណែទម្រង់វិមជ្ឈការនៅកម្ពុជា និងគម្រោងបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពមន្ត្រីក្រសួងមហាផ្ទៃ

Posted By: RoogRog Robot | 24-Apr-2024 22:46:59

2024-04-24 09:44pm

(ភ្នំពេញ)៖ រដ្ឋាភិបាលស្វីស នឹងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារកំណែទម្រង់វិមជ្ឈការ ព្រមទាំងគម្រោងបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពមន្រ្តីជំនាញក្រសួងមហាផ្ទៃ។ នេះបើតាមខ្លឹមសារ នៃជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Alexandre Fasel រដ្ឋលេខាធិការក្រសួងការបរទេសសហព័ន្ធស្វីស នៅទីក្រុងប៊េន នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

សំណើទាំង៣ចំណុច ដែលស្នើឡើងដោយអភិសន្តិបណ្ឌិត និងទទួលបានការឯកភាពគាំទ្រពីភាគីស្វីសនោះ គឺទី១៖ ការគាំទ្រដំណើរការកែទម្រង់វិមជ្ឈការនៅកម្ពុជា ព្រមទាំងជំនួយបច្ចេកទេសនានា ដែលជាតម្រូវការចាំបាច់, ទី២៖ ការគាំទ្រគម្រោងពង្រឹងសមត្ថភាពមន្ត្រីនគរបាល និងអ្នកអនុវត្តច្បាប់នៅកម្ពុជា ពិសេសពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា ការលាងលុយកខ្វក់ និងសន្តិសុខតាមប្រព័ន្ធ អ៉ីនធឺណេត និងទី៣៖ ការគាំទ្រដល់ការពង្រឹងសមត្ថភាពមន្ត្រីនៅស្ថាប័នក្រោមជាតិ ក្នុងន័យចូលរួមចំណែកលើកកម្ពស់ដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។

ក្នុងជំនួបនោះដែរ លោក Alexandre Fasel បានសម្ដែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ច របស់លោកអភិសន្តិបណ្ឌិត និងគណៈប្រតិភូកម្ពុជា និងបានចូលរួមអបអរសាទរ លោកអភិសន្តិបណ្ឌិតដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយសង្ឃឹមនិងជឿជាក់ថា លោកអភិសន្តិបណ្ឌិត នឹងដឹកនាំក្រសួងមហាផ្ទៃ ប្រកបដោយជោគជ័យ។

អភិសន្តិបណ្ឌិត ស សុខា ជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងនាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនសហព័ន្ធស្វីស ដែលបាននឹងផ្ដល់ការគាំទ្រជាច្រើនវិស័យមកដល់ប្រទេសកម្ពុជា រួមទាំងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការពង្រឹងគណនេយ្យភាពសង្គម ខណៈក្នុងជំនួបនេះ លោករដ្ឋលេខាធិការ ក៏បានបញ្ជាក់ពីការទទួកយកសំណើរទាំង៣របស់កម្ពុជា។

នាឱកាសនោះដែរ លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ទាំងនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដើម្បីដកស្រង់បទពិសោធន៍បន្ថែមទៀត លើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីប្រទេសស្វីស និងពីប្រទេសអាល្លឺម៉ង់ ដើម្បីបន្តជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាន នៅកម្ពុជា៕





























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...