សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកទុក្ខជូនចំពោះ លោកជំទាវ អ៊ុំ​ ផារ៉ាន់​ ចំពោះមរណភាព ឯកឧត្តមសាស្ត្រាចារ្យ​ សំបូរ​ ម៉ាណ្ណារ៉ា

Posted By: RoogRog Robot | 20-Apr-2024 16:23:11

2024-04-20 03:18pm

(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងសោកស្ដាយក្រៃលែង ចំពោះមរណភាពរបស់ ឯកឧត្តមសាស្ត្រាចារ្យ​ សំបូរ​ ម៉ាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់​សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ត្រូវជាស្វាមី លោកជំទាវ អ៊ុំ​ ផារ៉ាន់​ ដែលបានទទួលមរណភាពនៅថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោង ៥:៤០ នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាដ៏ក្រៀមក្រំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន សូមចូលរួមសោកស្តាយជាមួយលោកជំទាវ ព្រមទាំង ក្រុមគ្រួសារ ចំពោះការបាត់បង់ស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ចំពោះ ភរិយា កូនៗ ចៅៗ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់។

មរណភាពរបស់ ឯកឧត្តមសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា គឺជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់របស់ជាតិ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងបញ្ញាស្មារតីបម្រើប្រទេសជាតិនៅគ្រប់កាលៈទេសៈ ក្នុងគោលដៅបម្រើដល់ ឧត្តមប្រយោជន៍ជាតិ មាតុភូមិ នាពេលកន្លងមក ទោះបីរូបកាយរបស់ ឯកឧត្តម បានបាត់បង់ទៅពិតមែន ប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្ដីថ្លៃថ្នូរ នឹងនៅស្ថិតស្ថេរក្នុង សន្តានចិត្តភរិយា កូន ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិរន្តរ៍។

ស្ថិតក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសព ឯកឧត្តមសាស្ត្រាចារ្យ​ សំបូរ​ ម៉ាណ្ណារ៉ា សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...