សហរដ្ឋអាមេរិក យល់ព្រមថានឹងដកកងទ័ពចេញពីប្រទេសនីហ្សេ ចំពោះមុខការកើនឡើងឥទ្ធិពលរុស្ស៉ី

Posted By: RoogRog Robot | 20-Apr-2024 13:06:03

2024-04-20 12:04pm

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានយល់ព្រមថានឹងដកកងទ័ពរបស់ខ្លួនចេញពីប្រទេសនីហ្សេ បន្ទាប់ពីមានការឯកភាពគ្នារវាងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Kurt Campbell និងថ្នាក់ដឹកនាំនីហ្សេ ដែលកំពុងពង្រឹងទំនាក់ទំនងជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤។

ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ប៉ុន្តែ ប្រភពដដែលបានបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ច និងការទូតរវាងសហរដ្ឋអាមេរិក និងនីហ្សេនៅតែរក្សាដដែល បើទោះជាមានការដកកងទ័ពអាមេរិកក៏ដោយ។ ដោយឡែក កាសែតអាមេរិក New York Times កាលពីថ្ងៃសុក្រ ទី១៩ ខែមេសា ក៏បានឱ្យដឹងដែរថាកងទ័ពអាមេរិកនឹងត្រូវចាកចេញពីប្រទេសនីហ្សេនៅពេលប៉ុន្មានខែខាងមុខ បន្ទាប់ពីរបបសឹកនីហ្សេកាលពីខែមុន បានប្រកាសលុបចោលភ្លាមៗនូវកិច្ចព្រមព្រៀងយោធាមួយដែលអនុញ្ញាតឱ្យកងទ័ព និងបុគ្គលិកស៊ីវិលរបស់ក្រសួងការពារជាតិអាមេរិកអាចឈរជើងនៅលើទឹកដីនីហ្សេ។

គួរបញ្ជាក់ថា កងទ័ពអាមេរិកជាង ១០០០នាក់ ត្រូវបានរាយការណ៍ថាកំពុងឈរជើងនៅក្នុងប្រទេសនីហ្សេ ជាទីដែលយោធាអាមេរិកមានមូលដ្ឋានទ័ពចំនួន២ ក្នុងនោះរួមមាន មូលដ្ឋានយន្ដហោះដ្រូនមួយឈ្មោះ Air Base 201 ស្ថិតនៅក្បែរទីក្រុង Agadez នៃភាគកណ្ដាលប្រទេសនីហ្សេ ដែលអាមេរិកចាយលុយប្រហែល ១០០លានដុល្លារ ដើម្បីសាងសង់។ ចាប់តាំងពីឆ្នាំ២០០៨មក មូលដ្ឋានយន្ដហោះដ្រូននេះត្រូវបានយោធាអាមេរិកប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងពួក ISIS និងសាខារបស់ ពួកអាល់កៃដា នៅក្នុងតំបន់ Sahel។

កាលពីឆ្នាំ២០២៣ យោធានីហ្សេបានធ្វើរដ្ឋប្រហារដណ្ដើមអំណាច។ នៅមុនរដ្ឋប្រហារនេះកើតឡើង នីហ្សេគឺជាដៃគូសន្តិសុខដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក និងបារាំង។ ប៉ុន្តែ រដ្ឋអំណាចថ្មីនៅនីហ្សេសព្វថ្ងៃ បានចូលរួមជាមួយរបបសឹកដទៃនៅក្នុងប្រទេសក្បែរខាងដូចជាម៉ាលី និងបួរគីណាហ្វាសូ បិទបញ្ចប់កិច្ចព្រមព្រៀងយោធាជាមួយ លោកខាងលិចដូចជាសហរដ្ឋអាមេរិក និងបារាំងជាដើម ព្រមទាំងបានដើរចេញពីក្រុមប្រទេសអាហ្វ្រិក ECOWAS ទៀតផង ខណៈកំពុងពងឹ្រងទំនាក់ទំនងជាមួយរុស្ស៉ី៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...