ប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសន្ទុក ខេត្តកំពង់ធំ, ប្រធានក្រុមការងារណែនាំឲ្យម្ចាស់ការដោះស្រាយបញ្ហាជូនពលរដ្ឋ

Posted By: RoogRog Robot | 29-Mar-2024 23:57:25

2024-03-29 10:50pm

(កំពង់ធំ)៖ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសន្ទុក នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសន្ទុក។

ក្នុងរបាយការណ៍ស្វាគមន៍ លោក ឡង គីសឹង អភិបាលស្រុកសន្ទុក បានបង្ហាញពីស្ថានភាពរបស់ស្រុក និងសមិទ្ធផលសម្រេចបាន ព្រមទាំងបញ្ហាប្រឈមដែលស្រុកកំពុងជួបប្រទះ។ លោកក៏បានរៀបចំសេចក្តីព្រាង សេចក្តីសម្រេចស្តីពីការចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង១០ នៃស្រុកសន្ទុក និងបានស្នើអង្គពិធីពិនិត្យនិងសម្រេចផងដែរ។

ក្នុងឱកាសនោះ លោក រស់ សីលវ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសន្ទុក បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ព្រមទាំងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងការអនុវត្តគោលនយោបាយដែលបានដាក់ចេញ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាពិសេសការបង្កើតក្រុមការងារចុះមូលដ្ឋាន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ។

លោកប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសន្ទុក បានលើកឡើងថា ការរៀបចំឲ្យមានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គឺដើម្បីគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលឲ្យបានសកម្មផុសផុល ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា និងចូលរួមបំផុសចលនាឲ្យមានការគាំទ្រ ការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងការកសាងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។

លោកបញ្ជាក់បន្ថែមថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានត្រូវសហការគ្នា ធ្វើការជាមួយគ្នាឲ្យបានល្អ មានឆន្ទៈ មានការទទួលខុសត្រូវ និងមានភាពម្ចាស់ការ ដោយត្រូវចុះដល់មូលដ្ឋាន ស្តាប់ពីតម្រូវការ បញ្ហាប្រឈមពិតប្រាកដរបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាគិត រួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពបំផុត ទាន់ពេលវេលា ប្រកបដោយគណនេយ្យភាព និងតម្លាភាព ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាបន្តជំរុញការអភិវឌ្ឍប្រទេសជាតិ សំដៅឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

លោកថា ភារកិច្ចរបស់ក្រុមការងារចុះមូលដ្ឋាន គឺចុះជួយ មិនមែនធ្វើជំនួស និងសម្រេចជំនួសអង្គភាពជំនាញនោះទេ។ ទន្ទឹមនឹងនេះ លោកក៏បានរំលឹកអំពីតួនាទីភារកិច្ច របស់ក្រុមការងារចុះមូលដ្ឋាន របៀបរបបការងារ ព្រមទាំងយន្តការការងារ ដើម្បីឱ្យការអនុវត្តការងារទទួលបានប្រសិទ្ធភាព។

រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានសម្រេចចាត់តាំងលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសន្ទុក ខេត្តកំពង់ធំ តាមសេចក្តីសម្រេចលេខ ០៥ សសរ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានសមាសភាពក្រុមការងារចុះមូលដ្ឋានស្រុកសន្ទុក សរុប ៧៦រូប៕













News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...