មន្ត្រីអាមេរិកនិយាយថា គ្រោះទុរ្ភិក្សអាចកើតមាននៅតំបន់ខ្លះ នៃភាគខាងជើងហ្គាហ្សា

Posted By: RoogRog Robot | 29-Mar-2024 23:34:21

2024-03-29 10:28pm

(ហ្គាហ្សា)៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃសុក្រថា គ្រោះទុរ្ភិក្សមិនត្រឹមតែជាហានិភ័យប៉ុណ្ណោះទេ ប៉ុន្តែវាទំនងជាកើតមាននៅក្នុងតំបន់មួយចំនួន នៃភាគខាងជើងហ្គាហ្សាស្ទ្រីប ដោយបន្ថែមថា ភាពខ្វះខាតនៃឡានដឹកទំនិញគឺជាឧបសគ្គក្នុងការផ្តល់ជំនួយបន្ថែមទៀត ដល់តំបន់ដែលមានប្រជាជនរស់នៅច្រើន ដែលឡោមព័ទ្ធដោយទាហានអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។

មន្ត្រីរូបនេះបានប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា <<ខណៈពេលដែលយើងអាចនិយាយដោយទំនុកចិត្តថា គ្រោះទុរ្ភិក្សគឺជាក្តីកង្វល់ដ៏ធ្ងន់ធ្ងរនៅភាគខាងត្បូង និងកណ្តាលហ្គាហ្សា ប៉ុន្តែវាមិនទាន់កើតមានទេ។ ដោយឡែក នៅភាគខាងជើងហ្គាហ្សា គឺជាហានិភ័យមួយ ហើយទំនងជាកើតមាននៅក្នុងតំបន់មួយចំនួនផងដែរ>>។

គួរជម្រាបថា កាលពីដើមខែនេះ ទីភ្នាក់ងារសន្តិសុខស្បៀងពិភពលោក ដែលគាំទ្រដោយអង្គការសហប្រជាជាតិបានព្រមានពីគ្រោះទុរ្ភិក្ស ដែលអាចកើតមាននៅភាគខាងជើងតំបន់ហ្គាហ្សា ក្នុងខែឧសភា និងរីករាលដាលពាសពេញតំបន់នៅខែកក្កដា។

របាយការណ៍ចំណាត់ថ្នាក់ដំណាក់កាលសន្តិសុខស្បៀង ដែលហៅកាត់ថា IPC បាននិយាយថា កង្វះអាហារូបត្ថម្ភ និងអសន្តិសុខស្បៀងនៅភាគខាងជើងតំបន់ហ្គាហ្សា អាចលើសពីកម្រិតទុរ្ភិក្ស ហើយអត្រាមរណភាពដែលទាក់ទងនឹងភាពអត់ឃ្លាន ទំនងជានឹងកើតឡើងក្នុងពេលឆាប់ៗនេះ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...