នាយករដ្ឋមន្រ្តីថៃ៖ ការធ្វើឱ្យកាស៉ីណូក្លាយជាអាជីវកម្មស្របច្បាប់ នឹងជួយបង្កើនចំណូលសម្រាប់រដ្ឋ ហើយបង្កើតការងារបន្ថែមសម្រាប់ប្រជាជន

Posted By: RoogRog Robot | 29-Mar-2024 18:08:14

2024-03-29 05:03pm

(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក Srettha Thavisin បាននិយាយនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលថៃកំពុងពិចារណា លើសេចក្តីព្រាងច្បាប់ស្តីពីកាស៉ីណូ ហើយប្រសិនបើទទួលបានការអនុម័តពីសភា វានឹងអាចបង្កើតការងារថ្មីៗ ព្រមទាំងប្រាក់ចំណូលរដ្ឋបន្ថែម ហើយបើកផ្លូវសម្រាប់គម្រោងវិស័យកម្សាន្តដ៏ធំមួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ ២០២៤។

កាស៉ីណូទាំងអស់ក្នុងប្រទេសថៃគឺមិនស្របច្បាប់នោះទេ និងមានតែល្បែងប្រណាំងសេះ ឆ្នោត គ្រប់គ្រងដោយរដ្ឋប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាត ទោះបីជាការលេងល្បែងស៉ីសងខុសច្បាប់ ដូចជាកាស៉ីណូក្រោមដី និងការភ្នាល់បាល់ទាត់ សម្បូរវត្តមានក៏ដោយ។ បើតាមសិក្សាមួយរបស់សភាថៃ ប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី ២នៅអាស៉ីមួយនេះ កំពុងពិចារណាធ្វើឱ្យអាជីវកម្មកាស៉ីណូ ក្លាយជាមធ្យោបាយមួយផ្សេងទៀត ដើម្បីទាញការវិនិយោគ និងទេសចរណ៍។

លោក Srettha បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា <<យើងអាចគ្រប់គ្រងសេដ្ឋកិច្ចពណ៌ប្រផេះ និងប្រមូលពន្ធបាន។ យើងមិនចង់លើកកម្ពស់ការលេងល្បែងស៉ីសងទេ ប៉ុន្តែយើងនឹងគ្រប់គ្រងវាឱ្យបាន ហើយប្រើប្រាស់ការវិនិយោគទៅលើវា ដើម្បីបង្កើតការងារ>>។

គួរបញ្ជាក់ថា មនុស្សជាច្រើនក្នុងឧស្សាហកម្មនេះ ជឿជាក់ថាទីផ្សារកាស៉ីណូស្របច្បាប់ក្នុងប្រទេសថៃ នឹងទទួលបានជោគជ័យធំធេង ក្នុងការទាក់ទាញភ្ញៀវទេសចរ ហើយអាចនឹងប្រកួតប្រជែងជាមួយទីក្រុងម៉ាកាវ ដែលជាមជ្ឈមណ្ឌលល្បែងស៉ីសងដ៏ធំបំផុត របស់ពិភពលោក៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...