អភិបាលខេត្តកំពង់ចាម អញ្ជើញបើកពិធីបោះជំរំយុវជនខេត្ត ក្រោមប្រធានបទ «យុវជនសតវត្សរ៍ទី២១ ជួយសង្គមជាតិ»

Posted By: RoogRog Robot | 27-Mar-2024 23:30:21

2024-03-27 10:26pm

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញប្រារព្ធពិធីបើក ការបោះជំរំយុវជនខេត្តកំពង់ចាម ក្រោមប្រធានបទ <<យុវជនសតវត្សរ៍ទី២១ ជួយសង្គមជាតិ>>។ ពិធីនេះ ធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យកោះសូទិន ក្នុងស្រុកកោះសូទិន ដោយមានការអញ្ជើញចូលរួមជាអធិបតី ពីលោកស្រី ស្រូយ សុជាតិ អគ្គនាយក នៃនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡាផងដែរ។

ក្នុងឱកាសសំណេះសំណាល ជាមួយយុវជន លោក អ៊ុន ចាន់ដា បានថ្លែងថា មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានរៀបចំការបោះជំរំយុវជន ខេត្តកំពង់ចាម ដោយលើកយកប្រធានបទ <<យុវជនសតវត្សរ៍ទី២១ ជួយសង្គមជាតិ>> ដែលជាប្រធានបទមួយ ដ៏ល្អប្រពៃថ្លៃថ្លា សម្រាប់ក្មួយៗប្រើប្រាស់ពេលវេលា ដ៏មានតម្លៃនេះ ដើម្បីពង្រឹង និងអភិវឌ្ឍនសមត្ថភាព យល់ពីសារៈប្រយោជន៍នៃការចូលរួមរបស់យុវជន ក្នុងសហគមន៍ ការគ្រប់គ្រងដំណើរការក្រុមប្រឹក្សាយុវជនកម្ពុជា និងរៀបចំផែនការសកម្មភាពក្លឹបសិក្សា របស់ខ្លួនឲ្យបានកាន់តែរឹងមាំ រីកចម្រើនថែមទៀត។

លោកអភិបាលខេត្តថ្លែងបន្តថា ការបោះជំរំយុវជន ជាកិច្ចការហ្វឹកហាត់ដ៏សំខាន់ក្នុងការងារអប់រំ ពីព្រោះការងារ បោះជំរំនេះ ធ្វើឲ្យយុវជន អភិវឌ្ឍជំនាញទន់របស់ខ្លួន ដោយឲ្យក្មួយៗចេះសង្កេត ចេះពិចារណា ចេះបង្កើនស្មារតី ធ្វើការងារជាបុគ្គល ជាក្រុម ចេះធ្វើសេចក្តីសម្រេចចិត្តជាសមូហភាព និងជាបុគ្គល ចេះទទួលខុសត្រូវក្នុងស្មារតីមិត្តភាព។ ម្យ៉ាងទៀតការបោះជំរំយុវជន ជាការងារបង្កលក្ខណៈ ឲ្យយុវជនស្គាល់ភូមិសាស្រ្ត តម្លៃពិតនៃធម្មជាតិ ចេះស្រឡាញ់ ការពារបរិស្ថាន និងទទួលបានចំណេះដឹង បំណិននានាបន្ថែម ទៅតាមគោលដៅ និងគោលបំណងដែល គណៈកម្មការរៀបចំកម្មវិធី ជំរំបានគ្រោងទុក។ការបោះជំរំ គឺជាការបង្ហាត់បង្ហាញពីការងារគ្រប់គ្រង តាមបែបប្រព័ន្ធគ្រប់គ្រងស្វ័យគ្រប់គ្រង ដែលគណៈកម្មការបានរៀបចំបែងចែកជាក្រុម ជាសាខា និងប្រគល់កិច្ចការទទួល ខុសត្រូវតាមឋានានុក្រម ដូចជាប្រធាន អនុប្រធានក្រុម និងប្រធាន អនុប្រធានសាខា ឲ្យដឹកនាំអនុវត្ត។ ទាំងអស់នេះហើយដែល គេហៅថា ការរៀនដោយការអនុវត្ត ហើយនៅពេលដែល ក្មួយៗឆ្លងកាត់ការរៀនដោយការអនុវត្តនេះ ក្មួយៗនឹងមានស្មារតីម្ចាស់ការលើការងារ គ្រប់គ្រង ក្មួយៗ នឹងទទួលបានបទពិសោធន៍ ទៅតាមកម្មវិធីដែលគណៈកម្មការ បានកំណត់ និងណែនាំ។

ទន្ទឹមនឹងនោះ ក្មួយៗយុវជនបានហាត់ បានរៀនតាមការអនុវត្ត ដោយផ្ទាល់ ដើម្បីអភិវឌ្ឍបំណិនជីវិតរបស់ក្មួយៗ ក្នុងរយៈពេលនៃដំណើរការបោះជំរំនេះ។ ដូចនេះការបោះជំរំ គឺជាសកម្មភាពជំរុញ និងលើកទឹកចិត្តយុវជន ឲ្យទទួលបាននូវការអប់រំ និងការបណ្តុះបណ្តាលអភិវឌ្ឍនបុគ្គលិកលក្ខណៈ របស់យុវជនឲ្យមានភាពពេញលេញលើផ្នែករាងកាយ បញ្ញាស្មារតី សីលធម៌ និងបំណិន ដើម្បីឲ្យយុវជនក្លាយជាពលរដ្ឋល្អ ក្នុងសង្គមជាតិ៕










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...