កម្ពុជាត្រូវបានជ្រើសជាប្រទេសគំរូ ដែលបណ្តុះបណ្តាលភ្នាក់ងារពេទ្យសត្វតាមភូមិ ស្របតាមស្តង់ដារពិភពលោក

Posted By: RoogRog Robot | 09-Oct-2023 02:47:01

2023-10-09 04:42pm

(ភ្នំពេញ)៖ កម្ពុជាត្រូវបានអង្គការសុខភាពសត្វពិភពលោក និងអង្គការពេទ្យសត្វអន្តរជាតិ ជ្រើសរើស ជាប្រទេសគំរូ ដែលបានបណ្តុះបណ្តាលភ្នាក់ងារពេទ្យសត្វភូមិ តាមស្តង់ដារពិភពលោក ខណៈបច្ចុប្បន្ននេះ ភ្នាក់ងារពេទ្យសត្វប្រមាណជាង ៩ពាន់នាក់ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់សេវា និងបច្ចេកនៃការចិញ្ចឹមសត្វ នៅតាមភូមិនៅទូទាំងប្រទេស។

ថ្លែងក្នុងសិក្ខាសាលាផ្តល់សុពលបញ្ចប់ការសិក្សាស្តីពី <<កត្តានិរន្តរភាពរបស់ភ្នាក់ងារសុខភាពសត្វភូមិនៅក្នុងប្រទេសកម្ពុជា>> នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ លោក មិន សោភ័ន ប្រធានសម្របសម្រួលប្រចាំប្រទេស របស់អង្គការអ្នកក្សេត្រសាស្ត្រ និងពេទ្យសត្វគ្មានព្រំដែន បានសម្តែងមោនទភាពដែល កម្ពុជាត្រូវបានជ្រើសរើសជាគំរូសម្រាប់ប្រទេសដទៃ យកជាពិសោធក្នុងការបណ្តុះបណ្តាលភ្នាក់ងារពេទ្យសត្វភូមិ។

លោកមានប្រសាសន៍ថា<< យើងមានមោទនភាពដែលអង្គការសុខភាពសត្វពិភពលោក ក៏ដូចជាអង្គការពេទ្យសត្វអន្តរជាតិ បានជ្រើសរើសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំងអស់ នៅលើពិភពលោក ដើម្បីធ្វើការសិក្សាពាក់ព័ន្ធនឹងប្រព័ន្ធបណ្តុះបណ្តាលសុខភាពសត្វភូមិ។ ជារួមមានតែ៤ប្រទេសទេ ដែលគេបានជ្រើសរើសក្នុងការសិក្សា រួមមានកម្ពុជា ប៊ូរុនឌី នីហ្សេរីយ៉ា និងសូដង់ខាងត្បូង>>។

លោកបន្តថា <<បើយើងគិតទៅប្រទេសជាង១០០ នៅលើពិភពលោក គេរើសតែ៤ ហើយយើង១ ក្នុងចំណោម៤ អីចឹងបានន័យថាយើងវាល្អ។ យើងគិតថាវាមិនល្អបំផុតទេ តែវាជាចំណុចចាប់ផ្តើមមួយ ដែលប្រទេសផ្សេងទៀត អាចរៀនបទពិសោធពីយើង ដើម្បីពង្រឹងប្រព័ន្ធភ្នាក់ងារសុខភាពសត្វភូមិ របស់ប្រទេសគេ>>។

លោកបានឱ្យដឹងថា មូលហេតុដែលនាំឱ្យមានការជ្រើសរើសនេះ ដោយសារកម្ពុជា បានធ្វើការបណ្តុះបណ្តាល ទៅដល់ភ្នាក់ងារសុខភាពសត្វភូមិ ទៅតាមស្តង់ដាររួមរបស់ពិភពលោក ដែលគ្រប់ដៃគូរពាក់ព័ន្ធទាំងអស់ ត្រូវបណ្តុះបណ្តាលភ្នាក់ងារសត្វភូមិ យ៉ាងហោចណាស់ឱ្យ២៥ថ្ងៃ ដែលបង្ហាញថា ភ្នាក់ងារសុខភាពសត្វភូមិនៅកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ជួយដល់កសិករចិញ្ចឹមសត្វ នៅតាមបណ្តាភូមិនៅទូទាំងប្រទេស។ ជាមួយគ្នានេះ ពួកគាត់បានផ្តល់សេវាកម្មត្រឹមត្រូវ ទៅដល់អ្នកចិញ្ចឹមសត្វនៅមូលដ្ឋាន ព្រមទាំងមានការទទួលស្គាល់ពីរាជរដ្ឋាភិបាល ទៅដល់ភ្នាក់ងារ ដែលទទួលបានការបណ្តុះបណ្តាលទាំងនោះទៀតផង។

លោកមានប្រសាសន៍ថា ភ្នាក់ងារសុខភាពសត្វភូមិបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់សេវាព្យាបាលសត្វ ការចាក់វ៉ាក់សាំង ផ្តល់ដំបូន្មានទាក់ទងនឹងបច្ចេកទេសនៃការចិញ្ចឹមសត្វ នៅតាមមូលដ្ឋាន ដែលជួយជំរុញវិស័យចិញ្ចឹមសត្វនៅកម្ពុជា កាន់តែល្អប្រសើរ ជួយដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។

តែយ៉ាងនេះក្តីលោកកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភ្នាក់ងារសុខភាពសត្វបានធ្លាក់ ចុះគួរឱ្យកត់សម្គាល់។ បើទោះបីជាភ្នាក់ងារសុខភាពសត្វភូមិ មានការថយចុះក៏ដោយ ប៉ុន្តែការផ្តល់សេវាទៅដល់អ្នកចិញ្ចឹមសត្វ នៅតាមភូមិនៅតែល្អ បើទោះបីជាពួកគាត់មានការលំបាកខ្លះ។ ហេតុនេះហើយ ត្រូវតែទាមទារឱ្យការបណ្តុះបណ្តាលភ្នាក់ងារសុខភាពសត្វភូមិបន្ថែម ដើម្បីឆ្លើយតបនឹងតម្រូវការ។

លោកបណ្ឌិត ស៊ន សាន អគ្គនាយករងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មានប្រសាស៍ថា មូលហេតុដែលនាំឱ្យភ្នាក់ងារសុខភាពសត្វភូមិធ្លាក់ចុះ ដោយសារពួកគាត់មានវ័យចំណាស់មិនអាចបន្តផ្តល់សេវាបាន, ការចំណាកស្រុក ,ការប្តូរមុខរបរជាពិសេសក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ ព្រោះការចិញ្ចឹមសត្វត្រូវបានកាត់បន្ថយ។

លោកមានប្រសាសន៍បន្ថែមថា ក្នុងពេលដែលពេទ្យសត្វភូមិបានថយចុះ ត្រូវតែមានការបណ្តុះបណ្តាលបន្ថែមទៀត ខណៈបច្ចុប្បន្ននេះ ថវិកាប្រមាណ១៩លានដុល្លារ ត្រូវបានផ្តល់ដល់ស្ថាប័នអង្គការដៃគូរអភិវឌ្ឍន៍ និងរដ្ឋាភិបាល ដើម្បីពង្រឹងទៅលើការបណ្តុះបណ្តាលពេទ្យភូមិ។

បើតាម លោក មិន សោភ័ន នៅឆ្នាំ២០២១ ភ្នាក់ងារសុខភាពសត្វភូមិនៅកម្ពុជា មានប្រមាណជាង៩ពាន់ ដែលបានផ្តល់សេវាកម្ម ជួយដល់ការចិញ្ចឹមសត្វនៅតាមបណ្តាភូមិនៅទូទាំងប្រទេស ជួយកាត់បន្ថយអត្រាស្លាប់សត្វ ផ្តល់បច្ចេកទេសនៃការចិញ្ចឹមឱ្យកាន់តែល្អប្រសើរ ដើម្បីជួយដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។

តែយ៉ាងណាមិញលោកលើកឡើងថា បច្ចុប្បន្នភ្នាក់សុខភាពសត្វភូមិ មិនទាន់មានកម្មវិធីបណ្តុះបណ្តាលជាទៀងទាត់នៅឡើយទេ។ ហេតុនេះលោកសំណូមពរឱ្យរដ្ឋាភិបាលរៀបចំកម្មវិធីបន្ថែមក្នុងការបណ្តុះបណ្តាលជាទៀងទាត់រៀងរាល់៣ឆ្នាំឬ៥ឆ្នាំម្តង ដើម្បីឱ្យពួកគាត់យល់ដឹងបន្ថែមពីជំងឺថ្មីៗ និងជំរុញការបង្កើតជាសមាគម ដើម្បីឱ្យពួកគាត់បានរួបរួមគ្នា៕








News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...