អំពើពុករលួយរបស់មេៗនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប នៅតែប្រព្រឹត្តទៅយ៉ាងរលូន

Posted By: RoogRog Robot | 18-Aug-2021 06:45:40

ប្រភពពីមន្រ្តីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា អំពើពុករលួយរបស់លោក ម៉ក់ ធារ៉ា ស្នងការរងនគរបាលខេត្តសៀមរាប ទទួលបន្ទុកផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចនិងមន្រ្តីក្រោមឱវាទនៅតែប្រព្រឹត្តទៅយ៉ាងរលូន។ ដោយហេតុថា លោក ទិត្យ​ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ម៉ក់ ធារ៉ា ក៏ដូចជាអំពើពុករលួយរបស់លោក ជ្រិញ គឹមនី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប និងលោក ម៉េង សំណាង នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនោះទេ។ ដូច្នេះហើយទើបលោក ម៉ក់ ធារ៉ា ស្នងការរងទទួលបន្ទុកផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រមទាំងលោក ជ្រិញ គឹមនី និងលោក ម៉េង សំណាង នៅតែប្រព្រឹត្តអំពើពុករលួយគ្មានទីបញ្ចប់។

ប្រភពស្និទ្ធនឹងលោក ជ្រិញ គឹមនី នាយការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានឲ្យដឹងថា ឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញខុសច្បាប់ឆ្លងកាត់ខេត្តសៀមរាប នៅតែជាប្រភពចំណូលដ៏សំខាន់របស់លោក ជ្រិញ គឹមនី និងបក្ខពួក។ ទន្ទឹមនឹងនេះក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ពីខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ចូលខេត្តសៀមរាប ឬឆ្លងកាត់ខេត្តសៀមរាប ក៏ជាប្រភពចំណូលរបស់លោក ជ្រិញ គឹមនី និងបក្ខពួកដែរ។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យនាយឧត្តមសេនីយ៍ នេត សាវឿន​ អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់មេៗនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាបរាប ខ្លះផង។ 

ប្រភពស្និទ្ធនឹងលោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា បើគ្មានការបើកដៃពីលោក ទិត្យ ណារ៉ុង ទេនោះគឺលោក ម៉ក់ ធារ៉ា និងលោក ជ្រិញ គឹមនី ព្រមទាំងបក្ខពួកមិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួននោះទេ។ ហេតុនេះហើយទើបលោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប តែងតែរក្សាភាពស្ងៀមស្ងាត់ ក្នុងខណៈដែលរឿងអាស្រូវពុករលួយរបស់មេៗនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប ត្រូវបានលាតត្រដាងជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ចូលខេត្តសៀមរាប និងឆ្លងកាត់ខេត្តសៀមរាប នៅតែកើតឡើងពេញបន្ទុកព្រោះនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បង្ក្រាបតែឈ្មួញដែលមិនបង់លុយតាមការកំណត់ប៉ុណ្ណោះ៕ News Source: www.moneaksekar.com

LATEST NEWS
វិទ្យុពេលព្រឹក - ឧសភា ២៩, ២០២៥
MORE NEWS CLICK HERE...