លោក ដូណាល់ ត្រាំ៖ «សំណាងហើយដែលក្រុមបាតុករមិនបំពានចូលរបងសេតវិមាន កុំអីពួកគេនឹងត្រូវស្វាគមន៍ដោយឆ្កែកាចៗ និងអាវុធយ៉ាងគ្រោះថ្នាក់ផ្សេងៗទៀត»

Posted By: RoogRog Robot | 30-May-2020 23:02:04

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃសៅរ៍នេះ បានបង្ហាញការសោតសរសើរចំពោះកងអង្គរក្សរបស់ លោក ជុំវិញកិច្ចខិតខំការពារសេតវិមាន កំឡុងការធ្វើបាតុកម្មដែលបានរាលដាលមកដល់រដ្ឋធានីវ៉ាស៊ីនតោន កាលពី យប់ថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក) ហើយលោកក៏បានព្រមានដល់ក្រុមបាតុករផងដែរថា ពួកគេច្បាស់ ជានឹងរងការឆ្លើយតបយ៉ាងចាស់ដៃ ប្រសិនបើពេលនោះហ៊ានបំពានចូលក្នុងរបងសេតវិមាន ដែលរូបលោកស្ថិតនៅ។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន Fox News នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០។

នៅព្រឹកថ្ងៃសៅរ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក) លោក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Twitter ដូច្នេះថា <<យប់មិញកងអង្គរក្ស Secret Service របស់អាមេរិក ធ្វើការការពារសេតវិមានបានយ៉ាងល្អបំផុត។ ពួកគេមិនត្រឹមតែពោរពេញ ដោយវិជ្ជាជីវៈប៉ុណ្ណោះទេ គឺមើលទៅឡូយអស្ចារ្យថែមទៀត ហើយធ្វើឲ្យរូបខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាពជាទីបំផុត>>។

លោកប្រធានាធិបតីអាមេរិកបានបន្តថា បាតុកម្មកាលពីយប់ថ្ងៃសុក្រនៅក្បែរសេតវិមាន គឺមានមនុស្សម្នាចូលរួមច្រើន ប៉ុន្តែវាបាន ប្រព្រឹត្តទៅដោយសន្តិវិធី ហើយមិនមាននរណាម្នាក់បានមកជិតខ្លាំង ដើម្បីប៉ុនប៉ងបំពានចូលរបងរបស់សេតវិមានឡើយ។ លោក ត្រាំ ក៏បានលើកឡើងបន្ថែមថា វា ជាសំណាងល្អហើយ ព្រោះអីបើមិនដូច្នោះទេ ក្រុមអ្នកតវ៉ាទាំងនោះច្បាស់ជានឹងត្រូវស្វាគមន៍ដោយសត្វសុនខដ៏កាចៗជាទីបំផុត ព្រមទាំងអាវុធដ៏គ្រោះថ្នាក់ផ្សេងៗទៀត។

គួរជម្រាបថា បាតុកម្មដែលបានចាប់ផ្តើម ក្រោយការស្លាប់របស់បុរសម្នាក់ជាពលរដ្ឋអាមេរិកស្បែកខ្មៅ ឈ្មោះថា George Floyd ក្រោមស្នាដៃប៉ូលិសស្បែកស នៅឯទីក្រុង Minneapolis នៃរដ្ឋ Minnesota កាលពីដើមសប្តាហ៍នេះ បានបន្តរាលដាលដល់ទីក្រុង ជាច្រើនទៀតនៅក្នុងសហរដ្ឋអាមេរិក រួមមានទាំងរដ្ឋធានីវ៉ាស៊ីនតោន។ នៅពេលក្រុមបាតុករបានដល់ក្បែរសេតវិមាន កាលពីយប់ ថ្ងៃសុក្រ កងអង្គរក្សលោក ត្រាំ បានសម្រេចបិទការចេញ-ចូលសេតវិមានអស់មួយភ្លែត៕

















News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...