ទូតខ្មែរនៅអេហ្ស៉ីប ជូនដំណឹងពីវិធានការថ្មីៗ របស់រដ្ឋាភិបាលអេហ្ស៉ីប ដើម្បីទប់ស្កាត់ជំងឺ COVID-19

Posted By: RoogRog Robot | 30-May-2020 22:33:57

(អេហ្ស៉ីប)៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសអេហ្ស៉ីប បានបន្ដចេញសេចក្តីជូនដំណឹងដល់និស្សិតខ្មែរ ដែលកំពុងសិក្សានៅអេហ្ស៉ីបពីវិធានការថ្មីៗ របស់រដ្ឋាភិបាលអេហ្ស៉ីប ក្នុងការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំង COVID-19។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសអេហ្ស៉ីប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋអារ៉ាប់អេហ្ស៉ីប បានបញ្ជាក់ថា និស្សិតទាំងអស់ត្រូវពាក់ម៉ាស នៅកន្លែងទីសាធារណៈ ជៀសវាងការផាកពិន័យ ជាថវិកាចំនួន៤០០ផោន ឬក៏អាចឈានដល់ការបញ្ចូនទៅពន្ធនាគារ ចំពោះប្រជាពលរដ្ឋ និងជនបរទេសដែលល្មើសបំរាមនេះ។

នៅក្នុងសេចក្តីជូនដំណឹងនេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសអេហ្ស៉ីប បានបន្ថែមទៀតថា អាជ្ញាធរអេហ្ស៉ីប នឹងចាប់ផ្តើមអនុវត្តការផាកពិន័យជាថវិកា ចំនួន៤០០ផោន ឬបញ្ចូនទៅពន្ធនាគារនេះ ចាប់ពីថ្ងៃទី៣០ ខែឧសភានេះតទៅ ដូច្នេះសូមនិស្សិតទាំងអស់កុំធ្វេសប្រហែស។

ជាមួយគ្នានេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធរណរដ្ឋអារ៉ាប់អេហ្ស៉ីប ជឿជាក់យ៉ាងមុតមាំថា សិស្ស និស្សិតទាំងអស់ដែលកំពុងសិក្សានៅតាមសាលារៀន និងសាកលវិទ្យាល័យនានា និងយកចិត្តទុកដាក់តាមដានស្ថានការណ៍វិវត្តន៍ និងវិធានការសំខាន់ៗ ដែលរាជរដ្ឋាភិបាលអេហ្ស៉ីបបានដាក់ចេញ និងចូលរួមអនុវត្តទាំងអស់គ្នា ហើយថែទាំសុខភាពដោយមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការឆ្លងជំងឺជាយថាហេតុ៕



News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...