លោក គន់ គីម៖ ការដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ជាការងារស្នូល និងអាទិភាព

Posted By: RoogRog Robot | 30-May-2020 18:51:24

(ឧត្តរមានជ័យ)៖ លោក គន់ គីម សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តឧត្តរមានជ័យ បានរំលឹកដល់សមាជិក សមាជិកាក្រុមការងារថា បេសកកម្មចុះមូលដ្ឋាន ដើម្បីជួយដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋ ដូច្នេះត្រូវតែប្រឹងប្រែងឱ្យអស់លទ្ធភាពដោះស្រាយបញ្ហាដែលកើតមានចំពោះប្រជាពលរដ្ឋ។

លោក គន់ គីម បានក្រើនរំលឹកបែបនេះក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ក្រុមការងារបក្សប្រចាំខែឧសភា និងលើកទិសដៅការងារថ្មីនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ។

ក្នុងកិច្ចប្រជុំនេះ លោក ប៉ែន កុសល្យ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ និងលោក ស៊ី ប្រាសិទ្ធ អនុប្រធានគណបក្ស បានលើកបង្ហាញនូវសមិទ្ធផលការងារដែលសម្រេចបានក្នុងខែឧសភា និងលើកបញ្ហាមួយចំនួន ដែលត្រូវរកដំណោះស្រាយផងដែរ។

ការងារដែលសម្រេចបានមានដូចជាការងារចុះអប់រំផ្សព្វផ្សាយពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រួមនឹងការចុះផ្តល់ស្បៀងអាហារជូនប្រជាពលរដ្ឋជួបការខ្វះខាតក្នុងកំលុងពេលនៃការរាតត្បាតជំងឺកូវីដ១៩នេះ។ ក្រៅពីនោះក្រុមការងារបានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំផ្តល់ជាស្បៀងអាហារ ជួយជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងបានផ្តល់ស័ង្កសី សម្រាប់ជួសជុលផ្ទះសរុបបាន ៧២ខ្នងផ្ទះ ផ្តល់ស័ង្កសី ចំនួន ៥២៧សន្លឹក និងហ្វីប្រូស៊ីម៉ង់ចំនួន ៥៧៨សន្លឹក។

លោក គន់ គីម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រឹងប្រែងរបស់ក្រុមការងារ ដើម្បីឆ្លើយតបការលំបាករបស់ប្រជាពលរដ្ឋ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

បើទោះបីជាយ៉ាងណា លោក គន់ គីម ប្រធានក្រុមការងារ បានជំរុញក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន បន្តអនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ឱ្យបានច្បាស់លាស់ និងសុក្រិតភាព ដើម្បីរាជរដ្ឋាភិបាលជួយដល់ការលំបាករបស់ពួកគេ។

លោក គន់ គីម ក៏បានរំលឹកក្រុមការងារបន្តត្រួតពិនិត្យពលករដែលត្រឡប់មកវិញតាមច្រកព្រំដែនទាំងពីរ (ជាំ និង អូរស្មាច់ ) និងធ្វេីចត្តាឡីស័ក តាមការណែនាំរបស់ក្រសួង ខិតខំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្ន បង្ការការពារខ្លួនពីកូវីត-១៩។ បន្ថែមពីលើនោះ បន្តចុះតាមខ្នងផ្ទះ ជួយប្រជាពលរដ្ឋ ដែលមានជីវភាពលំបាក ម្ចាស់ការជួយឧបត្ថម្ភពួកគាត់បន្តទៀត ដោយមិនរង់ចាំជំនួយពីថ្នាក់លេី។

លោកប្រធានក្រុមការងារ ក៏បានណែនាំដល់ក្រុមការងារសហការជាមួយអាជ្ញាធរ ស្រុក ខេត្ត និងស្ថាប័នជំនាញ ត្រូវខិតខំដោះស្រាយបញ្ហាប្រឈម ដែលនៅសេសសល់ផ្សេងៗទៀត។

លោក គន់ គីម បានសង្កត់ធ្ងន់ថា ក្រុមការងារទាំងអស់ត្រូវចង់ចាំនូវដំបូន្មានរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីថា <<ទុក្ខលំបាករបស់ប្រជាជន គឺជាទុក្ខលំបាករបស់គណបក្សយើង របស់មន្ត្រីយើង>>។

លោកប្រធានក្រុមការងារបន្ថែមថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ការចូលរួមដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន គឺត្រូវតែអនុវត្តឱ្យខានតែបានដូចពាក្យស្លោក ដែលបានពោលថា គណបក្សប្រជាជនកម្ពុជា មានប្រភពពីប្រជាជន ជារបស់ប្រជាជន និងដើម្បីប្រជាជន។

នៅរសៀលថ្ងៃដដែលនេះ បន្ទាប់ពីបានប្រជុំបូកសរុបការងាររបស់បក្សហើយនោះ លោក គន់ គីម ក៏បានដឹកនាំក្រុមការងារចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ផងដែរ៕






































News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...