លោក​រដ្ឋមន្ត្រី លឹម គានហោ ស្នើ​ឲ្យ ក្រុម​ប្រឹក្សាជាតិ នៃ​សាធារណរដ្ឋ​កូរ៉េ ជួយ​ពង្រឹងសមត្ថភាព​លើ​ការសិក្សា​ស្រាវជ្រាវ​និង​ជំនាញ​ផ្នែក​បច្ចេកទេស​សម្រាប់​មន្ត្រី ក្រសួង

ចែករំលែកដោយ R-S-E
ចុចលើរូបដើម្បីពង្រីក។

ភ្នំពេញ​ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន ស្នើសុំ​ឲ្យ​ ក្រុមប្រឹក្សា​ជាតិ​ស្រាវជ្រាវ​សេដ្ឋកិច្ច មនុស្សសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម​នៃ​សាធារណរដ្ឋ​កូរ៉េ ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ជួយ​ពង្រឹងសមត្ថភាព​លើ​ការសិក្សា​ស្រាវជ្រាវ​និង​ជំនាញ​ផ្នែក​បច្ចេកទេស​សម្រាប់​មន្ត្រី​ក្រសួង ក៏ដូចជា​រាជបណ្ឌិត្យសភាកម្ពុជា ដើម្បី​បំពេញការងារ​លើ​ការសិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​សម្រាប់​ពេលបច្ចុប្បន្ន និង​នា​ពេល​អនាគត​។


ការ​ស្នើ​នេះ​ធ្វើឡើង នៅ​ទីស្តីការ​ក្រសួង កាលពី​រសៀល ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩ នៅក្នុង​ជំនួប ពិភាក្សា​ការ​ងារ​ជាមួយ គណៈប្រតិភូ​ក្រុមប្រឹក្សា​ជាតិ​ស្រាវជ្រាវ​សេដ្ឋកិច្ច មនុស្សសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម​នៃ​សាធារណរដ្ឋ​កូរ៉េ ដឹកនាំ​ដោយ​លោក Kyong Ryung Seong ប្រធាន​ក្រុមប្រឹក្សា។​ក្រសួង បាន​ឲ្យ​ដឹង​ថា​ ជំនួប​នេះ បានធ្វើ​ឡើង​តាម​សំណើ​របស់​រាជបណ្ឌិត្យសភា​កម្ពុជា និង​ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក បណ្ឌិតសភា​ចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា និង​សហការី​មួយចំនួនទៀត​។


​នៅក្នុង​កិច្ចពិភាក្សា លោក​រដ្ឋមន្ត្រី បាន​លើក​ឡើង​អំពី​សារសំខាន់​នៃ​ការសិក្សា​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកទេស​លើ​វិស័យ​ធនធានទឹក និង​ឧតុនិយម ដែល​ក្រសួង​បាន​នឹង​កំពុង​យកចិត្តទុកដាក់ តាមរយៈ​ការបង្កើត​ឲ្យ​មាន​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ បច្ចេកទេស និង​សង្គម ដែល​នឹង​ប្រមូល​ចងក្រង​នូវ​រាល់​ចំណេះដឹង​បែប​វិទ្យាសាស្ត្រ​និង​បច្ចេកទេស​ដែល​មាន​ស្រាប់ និង​ថ្មីៗ ដើម្បី​បង្កើត​ជា​មូលដ្ឋាន​ចំណេះដឹង​សម្រាប់​គាំទ្រ​ដល់​ការរៀបចំ​គោលនយោបាយ យុទ្ធសាស្ត្រ និង​ផែនការ សម្រាប់​គ្រប់គ្រង និង​អភិវឌ្ឍ​វិស័យ​ធនធានទឹក និង​ឧតុនិយម ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។


លោក រដ្ឋមន្ត្រី បាន​ស្នើ​ដល់​ក្រុមប្រឹក្សា​ជាតិ​ស្រាវជ្រាវ​សេដ្ឋកិច្ច មនុស្សសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម​នៃ​សាធារណរដ្ឋ​កូរ៉េ ពិនិត្យ​លទ្ធភាព​ក្នុង​ការជួយ​ពង្រឹងសមត្ថភាព​លើ​ការសិក្សា​ស្រាវជ្រាវ​និង​ជំនាញ​ផ្នែក​បច្ចេកទេស​សម្រាប់​មន្ត្រី​ក្រសួង ក៏ដូចជា​រាជបណ្ឌិត្យសភាកម្ពុជា ដើម្បី​បំពេញការងារ​លើ​ការសិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​កាន់​តែ​មាន​ប្រសិទ្ធភាព​ថែមទៀត​សម្រាប់​ពេលបច្ចុប្បន្ន និង​នាពេល​អនាគត​។


ជា​ការ​ឆ្លើយតប លោក Kyong Ryung Seong បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​យកចិត្តទុកដាក់​របស់​ក្រសួង​លើ​ការសិក្សា​ស្រាវជ្រាវ ដែល​នេះ ពិត​ជាមាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព​ក្នុង​ការ​បំពេញបេសកកម្ម​របស់​ក្រសួង និង​វិស័យ​ពាក់ព័ន្ធ​ផ្សេងទៀត​។ លោក បានទទួល​យក​នូវ​សំណើ​របស់លោក រដ្ឋមន្ត្រី​ក្នុង​ការជួយ​ពង្រឹងសមត្ថភាព​និង​កិច្ចសហការ​លើ​ការសិក្សា​ស្រាវជ្រាវ​លើ​វិស័យ​ធនធានទឹក​។


លោក រដ្ឋមន្ត្រី និង​លោក Kyong Ryung Seong បាន​សំដែង​នូវ​ការពេញចិត្ត​ចំពោះ​កិច្ច​ជំនួប ដែលមាន​លក្ខណៈ​ស្និទ្ធស្នាល និង​បង្ហាញ​នូវ​ការប្តេជ្ញា​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​គ្នា​បន្តទៀត ដើម្បី​ធ្វើ​ឲ្យ​ផ្នែក​សិក្សា​ស្រាវជ្រាវ ដើរ​តួនាទី​កាន់តែ​សំខាន់​សម្រាប់​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​តាម​វិស័យ​ជំនាញ​នីមួយៗ ប្រកបដោយ​ចីរភាព។ តប​តាម​ការ​អញ្ជើញ​របស់លោក Kyong Ryung Seong លោក រដ្ឋមន្ត្រី នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​ទៅកាន់​សាធារណរដ្ឋ​កូរ៉េ ក្នុង​ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ធនធានទឹក រវាង​ប្រទេស​ទាំងពីរ ឲ្យ​បាន​កាន់តែ​ប្រសើរ​ថែមទៀត សម្រាប់​ពេលអនាគត៕