ប្រជាពលរដ្ឋ​ចំនួន​៥២​នាក់​ក្នុង​ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​ចូលរួម​ក្នុង​ពិធី​អប់រំ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍

ចែករំលែកដោយ R-S-E
ចុចលើរូបដើម្បីពង្រីក។

កំពង់ស្ពឺ ៖ នៅ​សាលាឃុំ ជៀប មាន​រៀបចំ​ការអប់រំ និង​ផ្សព្វផ្សាយ​ស្តីពី​សុវត្ថិភាព​ផ្លូវគោក​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​៥២​នាក់ អញ្ជើញ​មកពី​៤​ភូមិ គឺ​ភូមិ គោក ភូមិ​ស្នួល ភូមិ​ក្រាំង​ដូង​និង​ថ្នល់បំបែក ដែល​រស់នៅ​សងខាង​ផ្លូវ​លេខ​១៥១B​ដ​ក្នុង​ខេត្តកំពង់ស្ពឺ​។ ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី លោក​ពា គីម​វង​ទីប្រឹក្សា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៃ​គំរោង​កែលំអ​ផ្លូវ​នៃ​អង្គភាព​ស្ថាបនា​ផ្លូវថ្នល់​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ព្រមទាំង​លោក​ទួន ផាវ មេឃុំ​អម​លាំង លោកស្រី​ក្រុមប្រឹក្សាឃុំ និង​នាយ​ប៉ុស្តិ៍​នគរ​បាល​ឃុំ​ផងដែរ។


ថ្លែង​ក្នុង​ពិធី​បើក​ការអប់រំ និង​ផ្សព្វផ្សាយ លោក​ទួន ផាវ បាន​ប្រសាសន៍​ថា ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​គឺជា​ក្តី​កង្វល់​របស់​រាជរដ្ឋាភិបាល​កម្ពុជា គ្រោះថ្នាក់​ចរាចរណ៍​បាន​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់ របួស ពិការ និង​ខូចខាត​សម្ភារៈ​អស់​ជាច្រើន ហើយ​នៅ​ឃុំ​អម​លាំង​គឺជា​ឃុំ​ដែល​មាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាង​គេ​នៃ​ឃុំ​ទាំង​អស់​នៃ​ស្រុក​ថ្ពង​ទាំងមូល​។

ចំណែក​លោក​ពា គីម​វង ទីប្រឹក្សា​នៃ​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​មានប្រសាសន៍​ផងដែរ​ថា អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១៨​មាន​ចំនួន​ប្រមាណ​ជិត​២០០០​នាក់ ហើយ​ស្ទើរ​ជា​រៀងរាល់​ឆ្នាំ​ប្រទេស​កម្ពុជា​ខាតបង់​ថវិកា​ប្រមាណ​ជាង​៣០០​លាន​ដុល្លា​អាមេរិក​ដោយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​មើលឃើញ​បញ្ហា​នេះ​អង្គភាព​ស្ថាបនា​ផ្លូវថ្នល់​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ពិតជា​ព្រួយ​បារម្ភ​ពី​សុខ​សុវត្ថិភាព​របស់​អ្នកប្រើប្រាស់​ផ្លូវ​ក្រោយពេល​ផ្លូវ​ត្រូវ​បាន​កែលំអ​ពេលនេះ​។ ដោយឡែក​កត្តា​ចម្បង​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​គឺ​កត្តា​មនុស្ស​ដែលមាន​ចំណែក​រហូត​៩៥​ភាគរយ​ដែល​ក្នុង​នេះ​រួមមាន​ការ​បើកបរ​ហួស​ល្បឿន​កំណត់ ការ​បើកបរ​ក្រោយពេល​ហូប​គ្រឿង​ស្រវឹង ការ​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ការ​បត់​ឆ្វេង​-​ស្តាំ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ការ​មិន​គោរព​សិទ្ធិ​អាទិភាព និង​ការ​មិន​យកចិត្តទុកដាក់​លើ​បញ្ហា​បច្ចេកទេស​យានយន្ត​។ ដោយ​មើលឃើញ​នូវ​បញ្ហា​ប្រឈម​ទាំងនេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​តាមរយៈ​អង្គភាព​ស្ថាបនា​ផ្លូវថ្នល់​(MPU3) បាន​ធ្វើ​ការ​ចុះ​អប់រំ និង​ផ្សព្វផ្សាយ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្តោយ​ខ្សែ​ផ្លូវ​នៃ​គម្រោង។ ​កម្មវិធី​នេះ​នឹង​បន្ត​រហូតដល់​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ ​ដែល​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ម្តងៗ​ចំនួន​គ្រោះថ្នាក់ ក៏​ដូច​ចំនួន​អ្នកស្លាប់​មានការ​កើនឡើង​យ៉ាង​គំហុក​។

នៅពេល​បញ្ចប់​ការអប់រំ​នេះ ​ក៏​មាន​ផ្តល់ជូន​នូវ​អាវយឺត និង​មួក​សុវត្ថិភាព​ដល់​អ្នក​ចូលរួម​ផងដែរ​ដើម្បី​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​ម៉ូតូ ព្រោះ​បច្ចុប្បន្ន​ចំនួន​អ្នករបួស ស្លាប់​ដោយ​ការប្រើប្រាស់​ម៉ូតូ​មាន​ចំនួន​ច្រើន​គួរ​ឲ្យ​ព្រួយ​បារ​ម្ភ​។


ក្នុង​ពេល​នោះ​ដែរ លោក​ពា គីម​វង ទីប្រឹក្សា​នៃ​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ក៏បាន​ប្រាប់​ពី​គោលបំណង​នៃ​ការអប់រំ និង​ផ្សព្វផ្សាយ​នេះ​ថា ការរៀបចំ​ឲ្យ​មាន​ការអប់រំ និង​ផ្សព្វផ្សាយ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​ពេល​នេះ​គឺ​ក្នុង​គោលបំណង​ចូលរួម​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ដែល​បាន​កំពុង​គំរាមកំហែង​អាយុជីវិត​អ្នកប្រើប្រាស់​ផ្លូវ និង​ធ្វើ​ឲ្យ​មាន​ការ​រាំងស្ទះ​ដល់​កិច្ច​អភិវឌ្ឍន៍​ប្រទេសជាតិ​ផងដែរ។

លោក​បាន​បន្ថែម​ថា កម្មវិធី​នេះ នឹង​បន្ត​អប់រំ​ដល់​ប្រជាពលរដ្ឋ ដែល​រស់​នៅ​តាម​បណ្តោយ​ខ្សែ​ផ្លូវ​រួម​ទាំង​សិស្សានុសិស្ស​ដែល​រៀន​នៅ​តាម​សាលា​នៅ​ជាប់​ដងផ្លូវ​ផង​ដែរ​។ លោក ក៏បាន​សំណូមពរ​ឲ្យ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ពិសេស​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​គ្រប់ពេល ពិសេស​ការ​បើកបរ​ហួស​ល្បឿន​កំណត់ ការ​បើកបរ​ក្រោយពេល​ហូប​គ្រឿង​ស្រវឹង និង​ការគោរព​សិទ្ធិ​អាទិភាព​ក្នុង​អំឡុង​ពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ ដែល​និង​មកដល់​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​៕