រាជរដ្ឋាភិបាល​នឹង​ចាត់តាំង​រៀបចំ​ពិធីបុណ្យ​វិសាខបូជា ដែល​នឹង​ជិត​ឈាន​ចូល​មកដល់ ​នៅ​សាលា​បុណ្យ​ជើងភ្នំ​ ភ្នំ​ព្រះរាជ​ទ្រព្យ

ចែករំលែកដោយ R-S-E
ចុចលើរូបដើម្បីពង្រីក។

ភ្នំពេញ ​៖ ជាមួយ​ពុទ្ធសាសនិក​លើ​សកលលោក​ប្រារព្ធ​ពិធី​បុណ្យ​វិសាខបូជា ឆ្នាំនេះ​ក៏ដូចជា​ឆ្នាំ​មុនៗ​ដែរ តាម​ការ​គ្រោងទុក​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ត្រូវ​រៀបចំ​ពិធីបុណ្យ​វិសាខបូជា​ដ៏​មាន​អត្ថន័យ​នេះ​ជា​ផ្លូវការ នៅ​សាលា​បុណ្យ​ក្នុង​បរិវេណ​មហា​បរម​សក្យមុនីចេតិយ នា​ជើងភ្នំ​ព្រះរាជ​ទ្រព្យ ក្នុងស្រុក​ពញាឮ ខេត្តកណ្តាល នៅ​ថ្ងៃ​សៅរ៍​ទី​១៨ ខែឧសភា​ខាងមុខ ទៅតាម​ទំនៀមទម្លាប់​ប្រពៃណី​ព្រះពុទ្ធសាសនា ដើម្បី​ជាការ​គោរព​រម្លឹក​នឹក​ដល់​ព្រឹត្តិការណ៍​ធំ​ៗ​បី នៃ​សម័យកាល​របស់​ព្រះសម្មាសម្ពុទ្ធ​សមណគោតម គឺ​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​បាន​ប្រសូត ទ្រង់​ត្រាស់​ដឹង និង​ថ្ងៃ​ដែល​ទ្រង់​ចូល​បរិនិព្វាន គឺ​ចំ​ថ្ងៃ​តែមួយ​ថ្ងៃ ១៥​កើត ពេញបូណ៌មី ខែ​ពិសាខ​ដូចគ្នា ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ​។

តាម​ឯកសារ​បង្ហាញ​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា បុណ្យ​វិសាខបូជា គឺជា​បុណ្យ​មួយ​ដែល​អ្នក​ប្រណិប័តន៍​តាម​ឱវាទ​របស់​ព្រះពុទ្ធ ប្រារព្ធ​ធ្វើឡើង​នៅ​រៀងរាល់ថ្ងៃ​១៥​កើត ខែ​ពិសាខ តាំងពី​យូរលង់​ណាស់​មក​ហើយ​។ ពិធីបុណ្យ​វិសាខបូជា​ដ៏​មាន​អត្ថន័យ​នេះ ក៏​ត្រូវ​បាន​អង្គការសហប្រជាជាតិ​ប្រកាស​ទទួលស្គាល់​វិសាខបូជា​ក្នុង​ឆ្នាំ​១៩៩៩ ថា​ជា​ទិវា​បុណ្យ​មាន​គោលដៅ និង​តួនាទី​ដ៏​សំខាន់​នៃ​ពុទ្ធសាសនា ក្នុង​ការ​ដោះស្រាយ​វិបត្តិ​សង្គម ដែល​អង្គការសហប្រជាជាតិ​បានសម្រេច​ដាក់បញ្ចូល​វិសាខបូជា ជា​ទិវា​បុណ្យ​អន្តរជាតិ ជាការ​រម្លឹក​ដល់​ការ​លះបង់​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះសម្មាសម្ពុទ្ធ​សា​មណ​គោតម ក្នុង​ការ​ស្វែងរក​មាគ៌ា​រំដោះទុក្ខ និង​ផ្សព្វផ្សាយ​នូវ​មាគ៌ា​ដ៏​ប្រសើរ​គ្មាន​ពីរ​នេះ​ដល់​មនុស្សលោក ប្រកបដោយ​ក្តី​មេត្តា​ករុណា​ដ៏​បរិសុទ្ធ​ឥត​ព្រំដែន ជា​ពិធីបុណ្យ​ដ៏​មាន​អត្ថន័យ ហើយ​ត្រូវ​បាន​អង្គការសហប្រជាជាតិ​រៀបចំ​ប្រារព្ធ​ជាស​កល ដែលមាន​ឈ្មោះថា <<​យូ​អ៊ិន​-​វិសាខ ឬ​វិសាខបូជា​នៃ​អង្គការសហប្រជាជាតិ​>> ដោយមាន​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​ពុទ្ធសាសនា​អន្តរជាតិ​ប្រចាំឆ្នាំ​នៅ​រៀងរាល់​វិសាខបូជា​ម្តងៗ​៕