យុវជនខេត្តព្រៃវែងជិត៤០០នាក់ ទស្សនកិច្ចសិក្សានៅសាលាក្តីខ្មែរក្រហម, សារៈមន្ទីរគុកទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក

ចែករំលែកដោយ R-S-E
ចុចលើរូបដើម្បីពង្រីក។

(ព្រៃវែង)៖ យុវជនខេត្តព្រៃវែងមកពីសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារសាខាខេត្តព្រៃវែង មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តព្រៃវែង និងសាលាគរុកោសល្យនិងវិក្រិត្យការខេត្តព្រៃវែងចំនួនជិត ៤០០នាក់ដឹកនាំដោយលោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងបានធ្វើទស្សនកិច្ចសិក្សានៅសាលាក្តីខ្មែរក្រហម សារៈមន្ទីរប្រល័យពូជសាសន៍គុកទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នេះ។

លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហមបានឱ្យដឹងថា រហូតមកទល់ពេលនេះ យុវជនសិស្សានុសិស្ស លោកគ្រូអ្នកគ្រូនិងប្រជាពលរដ្ឋប្រមាណ ២០០០០នាក់មកពីខេត្តព្រៃវែងដែលបានមកទស្សនាសាលាក្តីខ្មែរក្រហមក្នុងក្របខ័ណ្ឌនៃដំណើរទស្សន កិច្ចសិក្សាដែលរៀបចំដោយផ្នែកកិច្ចការសាធារណៈដើម្បីផ្សព្វផ្សាយអំពីដំណើរការជំនុំជម្រះក្តីលើអតីត មេដឹកនាំខ្មែរក្រហម និងបញ្ជ្រាបចំណេះដឹងអំពីប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យជូនដល់សាធា រណជនជាពិសេសយុវជនជំនាន់ក្រោយដែលកើតមិនទាន់របបខ្មែរក្រហម ប៉ុន្តែពួកគាត់ជាសាក្សីរស់នៃការ ជំនុំជម្រះក្តីលើឧក្រិដ្ឋកម្មដែលបានកើតឡើងក្នុងរបបខ្មែរក្រហម។

លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងបានបញ្ចាក់ថា ការដឹកនាំយុវជន ជាគរុសិស្ស និងនិស្សិតមកនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងបន្ថែមនូវការចងចាំ និងយល់នូវអ្វីដែលកើតឡើងនៅក្នុងប្រវត្តិសាស្រ្តដែលបានកើតឡើងនាពេលកន្លងមកនេះ។ លោកក៏បានផ្តាំផ្ញើដល់យុវជន គរុសិស្ស និស្សិត ក៏ដូចជាពលរដ្ឋត្រូវតែថែរក្សាសន្តិសុខសុវត្តិភាព ហើយសព្វថ្ងៃនេះកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ហើយសន្តិភាពដែលកម្ពុជាបានទទួលមានអាយុទើបតែ ២០ ឆ្នាំប៉ុណ្ណោះ ។ លោកអភិបាលខេត្តបានថ្លែងថា ចាប់តាំងពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ ១៩៩០ រដ្ឋាភិបាល ដៃមួយចំហៀងកសាងប្រទេស មួយចំហៀងការពារប្រទេសទប់ទល់កុំឱ្យរបបខ្មែរក្រហមវិលត្រឡប់មកសាជាថ្មី។

ជាមួយគ្នានេះ លោកអភិបាលខេត្តបានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមថែរក្សាសុខសន្តិភាពនេះឱ្យបានគង់វង្សដើម្បីធានាដល់ការអភិវឌ្ឍ។ទាក់ទងនឹងដំណើរទស្សនកិច្ចនេះ លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទីនៃអង្គជំនុំ ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ថ្លែងអំណរគុណចំពោះលោក ជា សុមេធី អភិបាលខេត្តព្រៃវែងដែលបានដឹកនាំយុវជនមកទស្សនាដោយផ្ទាល់នៅសាលាក្តីខ្មែរក្រហមដើម្បីស្វែងយល់ពីដំ ណើរការស្វែងរកយុត្តិធម៌ និងការពិតដ៏មានសារៈសំខាន់នេះ និងដើម្បីពង្រឹងការចងចាំជុំវិញរឿងរ៉ាវប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម និងចូលរួមទប់ស្កាត់ និងបង្ការកុំឱ្យរបបសាហាវឃោរឃៅដូចរបបខ្មែរក្រហម វិលត្រឡប់មកកម្ពុជាសាជាថ្មី ឬកើតនៅកន្លែងណាមួយនៅលើពិភពលោកឱ្យសោះ។ លោកប្រធានការិយាល័យស្តីទីនៃសាលាក្តីខ្មែរក្រហមក៏បានស្វាគមន៍ និងបើកចំហជានិច្ចចំពោះដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីគ្រប់មជ្ឈដ្ឋាន ទាំងអស់មកកាន់សាលាក្តីខ្មែរក្រហម៕