សម្តេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ៖ កម្ពុជា បានដាក់​ចេញ​នូវ​វិធានការ​កែទម្រង់​ស៊ីជម្រៅ ដើម្បី​កាត់បន្ថយ​ថ្លៃដើម​និង​ថ្លៃ​ប្រតិបត្តិការ​ធុរកិច្ច

ចែករំលែកដោយ R-S-E
សម្តេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ៖ កម្ពុជា បានដាក់​ចេញ​នូវ​វិធានការ​កែទម្រង់​ស៊ីជម្រៅ ដើម្បី​កាត់បន្ថយ​ថ្លៃដើម​និង​ថ្លៃ​ប្រតិបត្តិការ​ធុរកិច្ច

ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នក​វិនិយោគ​មកពី​ប្រទេស​កូរ៉េ នៅក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​កូរ៉េ អំពី​ការ​ប្ដេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​សម្រេច​ដាក់ចេញ​នូវ​វិធានការ​កែទម្រង់​ស៊ីជម្រៅ ដើម្បី​កាត់បន្ថយ​ថ្លៃដើម និង​ថ្លៃ​ប្រតិបត្តិការ​ធុរកិច្ច ក្នុង​គោលបំណង​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ជំរុញ​ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​និង​កែលម្អ​បរិស្ថាន​ធុរកិច្ច​និង​វិនិយោគ​នៅ​កម្ពុជា​។


សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​នេះ​នៅក្នុង​ឱកាស​ដែល​សម្តេច​និង​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អី​ន អញ្ជើញ​ពិធី​ពិសា​អាហារ​ថ្ងៃត្រង់​នា​ឱកាស​វេទិកា​ធុរកិច្ច​កម្ពុជា​-​កូរ៉េ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា​ ថ្មីៗ​នេះ​ក្នុង​គោលបំណង​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ជំរុញ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​កែលម្អ​បរិស្ថាន​ធុរកិច្ច​និង​វិនិយោគ​នៅ​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ដាក់ចេញ​នូវ​វិធានការ​កែទម្រង់​ស៊ីជម្រៅ​ដើម្បី​កាត់បន្ថយ​ថ្លៃដើម​និង​ថ្លៃ​ប្រតិបត្តិការ​ធុរកិច្ច​។ រាជរដ្ឋាភិបាល​ចាត់ទុក​វិស័យ​ឯកជន​ជា​ក្បាលម៉ាស៊ីន​នៃ​កំណើនសេដ្ឋកិច្ច និង​ជា​ដៃគូ​ដ៏​ពិតប្រាកដ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​។


សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា <<​យើង​បាន​បង្កើត​យន្តការ​សន្ទនា​មួយ​ហៅថា <<​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​>>​ដែល​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​របស់ខ្ញុំ​ដោយមាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​គ្រប់​ក្រសួង​-​ស្ថាប័ន អភិបាល​គ្រប់​រាជធានី​-​ខេត្ត តំណាង​ផ្នែក​ឯកជន​គ្រប់​វិស័យ​ប្រមាណ​៣០០​នាក់ អស់ លោក លោកស្រី​ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា​និង​តំណាង​ស្ថាប័ន​អន្តរជាតិ​មួយចំនួន​។ យន្តការ​នេះ​ផ្ដល់​ឱកាស​ឲ្យ​ផ្នែក​ឯកជន​លើកឡើង​នូវ​បញ្ហា​ប្រឈម​និង​សំណូមពរ​ជូន​រាជរដ្ឋាភិបាល​ពិនិត្យ និង​មាន​វិធានការ​សមស្រប​ដើម្បី​ដោះស្រាយ​។​ រាល់​ការសម្រេច​នៅក្នុង​វេទិកា​នេះ​ត្រូវបាន​ចាត់ទុកជា​ការសម្រេច​របស់​គណៈរដ្ឋមន្ត្រី​>>​។


​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​សូម​ធានា​ជូន​អ្នក​វិនិយោគ​គ្រប់រូប​នូវ​បរិស្ថាន​ប្រកប ដោយ​ភាព​អំណោយផល​ជាពិសេស គឺ​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នយោបាយ ក៏ដូចជា​ស្ថិរភាព​ម៉ាក្រូ​- សេដ្ឋកិច្ច ក្របខ័ណ្ឌ​ច្បាប់​និង​ស្ថាប័ន​ដែល​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព​និង​ភាព​អាច​ប៉ាន់ប្រមាណ​បាន​។

​ជាមួយគ្នា​នេះ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ដល់​វិស័យ​ឯកជន និង​អ្នកវិនិយោគ​កូរ៉េ​ដែល​មិនទាន់​បាន​មក​កម្ពុជា​សូម​អញ្ជើញ​មក​សិក្សា​ស្វែងយល់​ពី​សក្ដានុពល​និង​សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា <<​ខ្ញុំ​សូម​អំពាវនាវ​ដល់​វិស័យ​ឯកជន និង​អ្នក​វិនិយោគ​កូរ៉េ ដែល​មិនទាន់​បាន​មក​កម្ពុជា​សូម​អញ្ជើញ​មក​សិក្សា​ស្វែងយល់​ពី​សក្ដានុពល និង​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា​ព្រមទាំង​សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ​ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ជាមួយ​យើងខ្ញុំ និង​ទាញយក​ប្រយោជន៍​ជា​អតិបរមា​ពី​សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ទាំ​ង​អស់នេះ​>>​។

​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ទៀត​ថា កម្ពុជា​ជា​ប្រទេស​បើក​ចំហ​ជាងគេ​នៅក្នុង​តំបន់​ដែល​ផ្ដល់​ឲ្យ​អ្នក​វិនិយោគ​បរទេស​រួម​ទាំង​អ្នក​វិនិយោគ​កូរ៉េ អាច​វិនិយោគ​លើ​គ្រប់​វិស័យ​ដូចគ្នា​នឹង​អ្នកវិនិយោគ​ក្នុងស្រុក​។

សម្តេច​តេ​ជោ​ក៏បាន​បញ្ជាក់​ទៀត​ថា ​កម្ពុ​ជា និង​សាធារណរដ្ឋ​កូរ៉េ បាន​ចុះ​កិច្ចព្រមព្រៀងទ្វេភាគី​ស្ដីពី​ការជំរុញ​និង​ការ​ការពារ​វិនិយោគ​នៅ​ឆ្នាំ​១៩៩៧ ហើយ​មុន​នេះ​បន្តិច​កិច្ចព្រមព្រៀង​មួយចំនួន​ទើបតែ​ត្រូវ​បាន​ចុះហត្ថលេខា​ក្នុងនោះ​មាន​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ទីភ្នាក់ងារ​ជំរុញ​ការ​វិនិយោគ​ពាណិជ្ជកម្ម​កូរ៉េ​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​សម្រួល​ការ​វិនិយោគ​ដែល​នឹង​ផ្ដល់​ភាព​ងាយស្រួល​និង​លទ្ធភាព​កាន់តែ​ខ្ពស់​ដល់​ធុរជន​និង​អ្នកវិនិយោគ​កូរ៉េ​ក្នុងការ​មក​បណ្ដាក់ទុន​វិនិយោគ​បន្ថែម និង​ធ្វើ​ឲ្យ​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​កម្ពុជា​កាន់តែ​រីកលូតលាស់​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ ខាងមុខនេះ សម្តេច​នឹង​ដឹកនាំ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើក​ទី​១៨​នៅ​វិមាន​សន្តិភាព ដែល​នៅក្នុង​ឱកាស​នោះ សម្តេច​នឹងដាក់​ចេញ​នូវ​វិធានការ​មុត​ស្រួច​មួយ​ចំនួន​ទៀត​សំដៅ ៖បង្កើន​ភាព​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ច​កម្ពុជា​,​កែលម្អ​និង​លើកស្ទួយ​ថែមទៀត​នូវ​បរិយាកាស​វិនិយោគ​និង​ធុរកិច្ច​,​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចជាតិ និង​បង្កើត​ការងារ​ប្រកបដោយ​គុណភាព​កាន់តែច្រើន​ថែមទៀត​ជូន​ពលករ​កម្ពុជា​។

អ្នកឧកញ៉ា គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែង​នៅក្នុង​វេទិកា​នោះ​ថា ​ជា​ការ​ពិត​ណាស់​វេទិកា​ធុរកិច្ច​កម្ពុជា​-​កូរ៉េ​នេះ​ ត្រូវ​បាន​សហការ​រៀបចំឡើង​ដោយ​សភាពាណិជ្ជកម្ម​កម្ពុ​ជា​និង​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ ដោយមាន​ការ​គាំទ្រ​ពី​ក្រសួងពាណិជ្ជកម្ម និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។


អ្នកឧកញ៉ា គិត ម៉េង បាន​ថ្លែង​ថា បច្ចុប្បន្ន​នេះ​ពិភពលោក​កំពុង​មាន​បញ្ហា​ប្រឈម​ជាច្រើន​ទាក់ទង​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន​។ លោក​សូម​លើកទឹកចិត្ត​ដល់​ធុរជន​កូរ៉េ​ធ្វើការ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​លើ​វិស័យ​ជាច្រើន​ផ្សេងៗ​ស្របតាម​គោលនយោបាយ​ខាង​ឆ្ពោះទៅ​ខាងត្បូង​ថ្មី ដែល​ផ្តួចផ្តើម​ដោយ​លោក​ប្រធានាធិបតី មូ​ន ចេ​អី​ន​។

​អ្នកឧកញ៉ា​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​បង្ហាញ​នូវ​សក្តានុពល​និង​ឱកាស​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ជូន​ធុរជន​កូរ៉េ​ផង​ដែរ​ថា ​កម្ពុជា​គឺជា​ប្រទេស​មួយ​ក្នុងចំណោម​បណ្តា​ប្រទេស​ដែល​មាន​ភាព​រីកចម្រើន​លឿន​បំផុត​នៅ​លើ​ពិភពលោក​និង​ប្រកបដោយ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​នយោបាយ​។​ក្នុង​រយៈពេល​មធ្យ​ម​ កម្ពុ​ជា​នឹង​អាច​រក្សា​បាន​នូវ​កំណើន​៧​ភាគរយ​ក្នុង​មួយឆ្នាំ ហើយ​កម្ពុជា​កំពុងស្ថិត​នៅ​លើ​គន្លង​នៃ​ការ​ឈាន​ទៅ​សម្រេច​បាន​ឋានៈ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅត្រឹម​ឆ្នាំ​២០៣០ និង​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​ត្រឹម​ឆ្នាំ​២០៥០​។ កម្ពុ​ជា​មាន​ទីតាំង​យុទ្ធសាស្ត្រ​ស្ថិតនៅ​ចំ​បេះដូង​អាស៊ាន ដែល​ជា​តំបន់​ប្រកបដោយ​ថាមពល មាន​ផលិតផល​ក្នុងស្រុក​សរុប​ចំនួន​២,៧​ទ្រី​លាន​ដុល្លារ និង​ជាទី​ផ្សារ​មាន​ទំហំ​ដ៏​ធំ​មាន​ប្រជាជន​ចំនួន​៦៤០​លាននាក់​។

​សូម​ជម្រាប​ថា ​ការ​វិនិយោគ​របស់​កូរ៉េ​នៅ​កម្ពុ​ជា​មាន​ចំនួន​២១២​គម្រោង ដែល​មាន​ទឹកប្រាក់​វិនិយោគ​សរុប​ចំនួន​៤,៥៦​ពាន់​លាន​ដុល្លារ​ ចាប់ពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១៨​។ ចំណែក​ពាណិជ្ជកម្ម​ទ្វេភាគី មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដោយ​នៅក្នុង​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​សរុប មាន​ចំនួន​៩៧៥​លាន​ដុល្លារ​កើនឡើង​១១% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧​។ ឆ្នាំ​កន្លង​ទៅ​នេះ ភ្ញៀវទេសចរ​កូរ៉េ​មក​ទស្សនា​កម្ពុជា មាន​ចំនួន​ជាង​៣០​ម៉ឺន​នាក់​។ ជាងនេះ​ទៅ​ទៀត​វប្បធម៌​កូរ៉េ ជាពិសេស ភាពយន្ត និង​តន្ត្រី បាននឹងកំពុង​ទទួល​បាន​នូវ​ប្រជាប្រិយភាព ក្នុងចំណោម​ប្រជាជន​កម្ពុជា​៕


ចំនួនអ្នកមើល: 20