សន្និសីទ​និង​ពិព័រណ៍​ឌីជីថល​កម្ពុជា​២០១៩​ ដែល​ឆ្ពោះ​ទៅ​រក​ឧស្សាហកម្ម​ជំនាន់​ទី​៤​បាន​បើក​ដំណើរការ​ជា​ផ្លូវការ

ចែករំលែកដោយ R-S-E
សន្និសីទ​និង​ពិព័រណ៍​ឌីជីថល​កម្ពុជា​២០១៩​ ដែល​ឆ្ពោះ​ទៅ​រក​ឧស្សាហកម្ម​ជំនាន់​ទី​៤​បាន​បើក​ដំណើរការ​ជា​ផ្លូវការ

ភ្នំពេញ​ ៖​ សន្និសីទ និង​ពិព័រណ៍​ឌីជីថល​កម្ពុជា​២០១៩​ ដែល​ឆ្ពោះ​ទៅ​រក​ឧស្សាហកម្ម​ជំនាន់​ទី​៤​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៧ ខែមីនា​ ឆ្នាំ​២០១៩ ​ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ​មុន្នី​រត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​កម្មវិធី​សន្និសីទ និង​ពិព័រណ៍​ឌីជីថល​កម្ពុជា​២០១៩ លោក ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ​មុន្នី​រត្ន បាន​មានប្រសាសន៍ថា សន្និសីទ និង​ពិព័រណ៍​ឌីជីថល​កម្ពុជា​២០១៩ នេះ នឹង​បង្កើត​ឱកាស​សម្រាប់​អ្នក​ចាប់ផ្តើម​អាជីវកម្ម សហគ្រាស​ធុន​តូច និង​មធ្យម និង​អ្នក​វិនិយោគ​ដើម្បី​រៀនសូត្រ​ពី​គ្នា​ទៅវិញទៅមក ព្រមទាំង​បង្កើត​បណ្តាញ​ជំនួញ​និង​ការវិនិយោគ ការ​លើកកម្ពស់​សហគ្រិន​ភាព​និង​នវានុវត្តន៍​ឌីជីថល និង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​បច្ចេកវិទ្យា​។

ជា​មួយគ្នា​នេះដែរ​ក៏​នឹង​ជួយ​ជំរុញ​បង្កើត​ឱកាស​សម្រាប់​ការ​ចាប់ផ្តើម​ធុរកិច្ច បង្កើន​ផលិតភាព និង​បង្កើត​ឱកាស​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​កាន់តែ​ច្រើនឡើង​បន្ថែមទៀត។


លោក​ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បន្ត​ថា សេដ្ឋកិច្ច​របស់​កម្ពុជា បាន​ផ្លាស់​ប្តូរ​ពី​ការ​ពឹង​តែ​ទៅលើ​វិស័យ​កសិកម្ម​ជា​មូលដ្ឋាន មក​ជា​អ្នកផ្តល់​សេវាកម្ម និង​ឧស្សាហកម្ម ក្នុង​ធ្វើ​សមាហរណកម្ម​សង្វាក់​ត​ម្លៃ​ទៅកាន់​តំបន់ និង​ពិភពលោក។

លោក​បន្ថែម​ទៀត​ថា ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​វិស័យ​បច្ចេកវិទ្យា ក៏​នឹង​ផ្តល់​នូវ​ឱកាស​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅក្នុង​វិស័យ​ដទៃទៀត​ដូចជា សុខភាព​សាធារណៈ សន្តិសុខ​ស្បៀង ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​ការអប់រំ​ផងដែរ​។

ចំណែក​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ទទួល​ស្គាល់​ថា អ្នក​វិនិយោគ​នឹង​បន្ត​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា និង​បោះទុន​វិនិយោគ​ចំពោះ​ការសន្យា​ជា​សហគ្រិន និង​គំនិត​របស់​ពួក​។ លោក​បាន​បញ្ជាក់​ថា កម្ពុជា​បាន​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​យ៉ាងច្រើន ដើម្បី​ធានា​ថា ​បច្ចេកវិទ្យា​ជា​ឆ្អឹងខ្នង​របស់​ប្រទេស ដែល​អាច​គាំទ្រ​ដល់​កំណើន​យ៉ាង​ឆាប់រហ័ស និង​គ្មាន​ដែន​កំណត់​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​ឌីជីថល​។ លោក បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ដើមឆ្នាំ​២០១៩​នេះ ចំនួន​អ្នកប្រើប្រាស់​លេខ​ទូរស័ព្ទ​ចល័ត​បាន​កើនឡើង ដល់​ប្រមាណ​១៩​លាន​៥​សែន ដោយ​គ្រប​ដណ្តប់​១០០​ភាគរយ រហូតដល់​តំបន់​ជនបទ ខណៈ​ចំនួន​នៃ​អ្នកប្រើប្រាស់​អ៊ិន​ធើ​ណេ​ត បាន​កើន​ដល់​១៤​លាន ក្នុង​អត្រា​គ្របដណ្តប់​៨៤​ភាគរយ នៅ​ទូទាំងប្រទេស​។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ឆ្នាំ ២០១៩​នេះ​បាន នាំមក​នូវ​គំនិត​ច្នៃប្រឌិត​ថ្មី​បំផុត និង​ទំនើប​បំផុត​នៅក្នុង​បច្ចេកវិទ្យា​ឌីជីថល មកកាន់​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ក្នុង​រយៈពេល ៣​ថ្ងៃ​ដែល​ពោរពេញ​ទៅដោយ​គំនិត​ដឹកនាំ ការយល់ដឹង និង​ដំណោះស្រាយ​ជាក់ស្តែង​។

ព្រឹត្តិការណ៍​នេះ​មាន​ស្តង់​តាំង​ពិព័រណ៍​ប្រមាណ​១៥០​ស្តង់​និង​មាន​វត្តមាន​វាគ្មិន​ជាតិ និង​អន្តរជាតិ​ប្រមាណ​១០០​រូប​ ដែល​មាន​គំនិត​ច្នៃប្រឌិត និង​ចក្ខុវិស័យ​អន្តរជាតិ មកពី​ផ្នែក​អាជីវកម្ម​, រដ្ឋាភិបាល និង​អ្នកសិក្សា បាន​ប្រមូល​ផ្តុំ​ពិភាក្សាគ្នា ដើម្បី​បង្ហាញ​ពី​និន្នាការ និង​ការអភិវឌ្ឍន៍​ថ្មីៗ នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ឌីជីថល និង​ផ្តល់​គំនិត និង​ទស្សនវិស័យ​របស់​ពួកគេ ចំពោះ​បញ្ហា​ប្រឈម​នានា ដែល​កំពុង​ជួបប្រទះ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍​ទូទាំង​ពិភពលោក​៕


ចំនួនអ្នកមើល: 16