នាយ​ឧត្ដមសេនីយ៍ ​ក្រើនរំលឹក​ដល់​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ ពង្រឹង​កិច្ចការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ

ចែករំលែកដោយ R-S-E
នាយ​ឧត្ដមសេនីយ៍ ​ក្រើនរំលឹក​ដល់​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ ពង្រឹង​កិច្ចការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ

ស្ទឹងត្រែង​ ៖ ​ថ្នាក់ដឹកនាំ​នគរបាល​ជាតិ​ ក្រើនរំលឹក​ឱ្យ​កម្លាំង​នគរបាល ប៉ុស្តិ៍​រដ្ឋបាល ប្រឹងប្រែង​បំពេញភារកិច្ច​ឲ្យ​បាន​ខ្ជាប់ខ្ជួន បម្រើ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ ក្រោម​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ និង​កម្លាំង​ប្រជា​ការពារ​ បង្កើន​ការពារ​សន្តិសុខ​ដើម្បី ភូមិ​ឃុំ​មាន​សុវត្ថិភាព​ព្រោះ​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​យើង​នឹង​ជិត​ឈាន​ចូល​មកដល់​ហើយ។

ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ថ្មីៗ​នេះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ម៉ក់ ​ជី​តូ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ មានប្រសាសន៍ថា ​៖ កម្លាំង នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ត្រូវ​យក​ចំណេះដឹង​និង​សមត្ថភាព​ជំនាញ​ទៅ​អនុវត្ត​ការងារ​ទប់ស្កាត់​-​បង្ការ​-​និង​បង្ក្រាប​បទល្មើស​ឲ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​រក្សា​សន្តិសុខ​សុ​វត្ថិភាព​ស្ថិរភាព​ជូន ប្រជាពលរដ្ឋ នៅ​តាម​មូលដ្ឋាន​របស់ខ្លួន។

ឯកឧត្តម​ឧត្ដមសេនីយ៍​បន្តថា​ ៖ ​ដើម្បី​ប្រសិទ្ធភាព​ការងារ​កម្លាំង​យើង​ត្រូវ​បង្កើន​កិច្ចសហការ​ឲ្យ​បាន​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ឃុំ​សង្កាត់​ និង​កម្លាំង​ប្រជា​ការពារ​ដើម្បី​ជា​កម្លាំង​ជំនួយ​ក្នុង​ការ​រក្សា​​សន្តិសុខ​សណ្ដាប់ធ្នាប់​មូលដ្ឋាន​ ហើយ​រួមគ្នា​ដោះស្រាយ​ទំនាស់​ឬ​បណ្តឹង​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​យុត្តិធម៌​ ​ជាពិសេស​(​ករណី​រំលោភបំពាន​ផ្លូវ​ភេទ​ដាច់ខាត​មិនត្រូវ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ឡើយ)។

ឯកឧត្តម​.​ឧត្ដមសេនីយ៍ទោ​ម៉ៅ​តារា ស្នងការ​នគរបាល​ខេត្ត​ស្ទឹងត្រែង បាន​អះអាងថា ​៖ ​កាតព្វកិច្ច​នេះ​ លោក​បាន​ពន្យល់​និង​ណែនាំ​គ្រប់​មន្ត្រី នគរបាល​ឱ្យ​យកចិត្តទុកដាក់​អនុវត្ត​ទៅតាម​ការណែនាំ​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ ព្រោះ​យើង​ជា​នគរបាល​ប្រជាជន ​ត្រូវ​បម្រើ​ប្រជាជន​ដោយ​ឥត​រើសអើង​ និង​ប្រកបដោយ​ភាពស្មោះត្រង់។

ឯកឧត្តម​.​​ឧត្ដមសេនីយ៍ទោ​បន្ថែម​ថា​ ៖​ នៅមុន នឹង​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​នេះ​កម្លាំង​យើង​នឹង​បង្កើន​ការការពារ​នៅតាម មូលដ្ឋានន​ភូមិ​ឃុំ -​គ្រឹះស្ថាន​សិក្សា​-​វត្ត​អារាម​-​រមណីយដ្ឋាន​-​និង​ក្លឹប​កម្សាន្ត​ជាដើម​ដើម្បី​រក្សា​សុវត្ថិភាព​ធ្វើ​ឲ្យ​មូលដ្ឋាន​មាន​សន្តិសុខ​ល្អ​ប្រជាពលរដ្ឋ​សប្បាយរីករាយ​នៅ​ក្នុងឱកាស​បុណ្យប្រពៃណី​ជាតិខ្មែរ​យើង។

សូមបញ្ជាក់ថា ​៖ ​ក្នុង​សន្និបាត​របស់​ស្នងការដ្ឋាន​គរ​បាល​ខេត្ត​បានដាក់​ទិសដៅ​ចំនួន​១៧​ចំណុច​បន្ថែមទៀត​ដើម្បី​បន្ត​អនុវត្ត​ការងារ​របស់ខ្លួន​ឱ្យមាន​ប្រសិទ្ធភាព​និង​ទទួលបាន​ជោគជ័យ​ឆ្លើយតប​ទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល៕






ចំនួនអ្នកមើល: 13