មន្ដ្រីជាន់ខ្ពស់សុខាភិបាល៖ ៨ចំណុច ដើម្បីលើកកម្ពស់សុវត្ថិភាពអ្នកជំងឺ

ចែករំលែកដោយ R-S-E
មន្ដ្រីជាន់ខ្ពស់សុខាភិបាល៖ ៨ចំណុច ដើម្បីលើកកម្ពស់សុវត្ថិភាពអ្នកជំងឺ

(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត​ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល​ បានថ្លែងថា ដើម្បីលើកកម្ពស់សុវត្ថិភាពអ្នកជំងឺ មន្ដ្រីសុខាភិបាល ត្រូវតែអនុវត្ដន៍ឱ្យខ្ជាប់ខ្ជួននូវ៨ចំនុចជាចម្បង ។

លោកស្រីរដ្ឋលេខាធិការ បញ្ជាក់បន្ថែមទាំង៨ចំនុចនោះរួមមាន៖

១៖ ត្រូវតាមដានការចេញវេជ្ជបញ្ជាតាមប្រព័ន្ធកុំព្យូទ័រ ដែលក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំរួចហើយ ដែលអាចជួយលើការគ្រប់គ្រងទិន្ន័យអ្នកជំងឺ​កាត់បន្ថយជាបណ្តើរៗនូវការសរសេរវេជ្ជបញ្ជាមិនច្បាស់លាស់

២៖ ត្រូវមានការប្រុងប្រយ័ត្នពេលពិនិត្យអ្នកជំងឺ ដើម្បីជៀសវាងនូវការមាន​ Medication errors ព្រមទាំងត្រូវមានការប្រើប្រាស់ឱសថអង់ទីប៊ីយូទិក ឱ្យបានត្រឹមត្រូវជៀសវាងភាពស៊ាំ

៣៖ ជំរុញឲ្យមានការប្រើឱសថ ទៅតាមគោលការណ៍ណែនាំ ជៀសវាងមានការកកស្ទះឱសថ

៤.​ ត្រូវផ្សព្វផ្សាយសៀវភៅ និងរៀនសូត្រតាមគោលការណ៍ណែនាំសំណុំសកម្មភាពអប្បបរមា ​​(MPA) ដល់បុគ្គលិកមណ្ឌលសុខភាព​ទាំងអស់ និងសំណូមពរឲ្យ​ប្រធានមណ្ឌលសុខភាពធានា ការចម្លងជូនដល់បុគ្គលិកខ្លួនឱ្យបានគ្រប់ៗគ្នា ហើយមន្ទីរសុខាភិបាលខេត្ត (PHD) ត្រូវតាមដានមើលការងារនេះ

៥៖ មិនគួរមានការផ្លាស់ប្តូរបុគ្គលិក ដែលបានបណ្តុះបណ្តាលហើយភ្លាមៗញឹកញាប់ពេកទេ​ និងសំណូមពឱ្យមានការ​បណ្តុះបណ្តាលការគ្រប់គ្រងឱសថ និង pharmacovigilance ជូនដល់មណ្ឌលសុខភាព និងចែកជូនគោលការណ៍ណែនាំ លើការគ្រប់គ្រងឱសថ ឲ្យបានគ្រប់មណ្ឌលសុខភាពទាំងអស់

៦៖ មន្ទីសុខាភិបាលខេត្ត ត្រូវធ្វើការណែនាំបន្ថែមទៀត ឲ្យមានការរាយការណ៍ ពីប្រតិកម្មរំខានរបស់ឱសថ (ADRs) នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព​ ដោយមិនបាច់ដាក់ឈ្មោះអ្នករាយការណ៍ ដោយប្រើបែបជាអក្សរកាត់ ឬអនាមិក

៧៖ សំណូមពរឱ្យ អង្គការសុខភាពពិភពលោក (WHO) ជួយគាំទ្រកិច្ចការនេះបន្ត និងពង្រីកបន្ថែម​ ព្រមទាំងធ្វើការវាយតម្លៃបន្ទាប់ពីបណ្តុះបណ្តាលនេះ​​​​ ( baseline)

៨.​ ត្រូវមានការលើកទឹកចិត្តបុគ្គលិក ដែលប្រឹងប្រែងអនុវត្តការងារបានល្អ ហើយយកពួកគាត់ជាគំរូសម្រាប់អ្នកដ៏ទៃទៀត។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ថ្លែងបន្ដថា លើសពីនោះ ដើម្បីគុណភាពឱសថ ឱ្យកាន់តែមានគុណខ្ពស់នៅតាមមូលដ្ឋានសុខាភិបាល គឺត្រូវរួមគ្នាពង្រឹងការគ្រប់គ្រងឱសថ និងផ្តល់ព័ត៌មានប្រតិកម្មរំខានរបស់ឱសថនេះឲ្យបានជាក់លាក់ផងដែរ ។

សូមជម្រាបថា ការថ្លែងដូច្នេះរបស់លោកស្រីវេជ្ជបណ្ឌិត ក្នុងឱកាសអញ្ជើញចូលរួមសិក្ខាសាលាស្តីអំពី ហ្វាម៉ាកូវីជីឡែន​ ការប្រើប្រាស់ឱសថសមស្រប និងការ​គ្រប់គ្រង​ខ្សែ​សង្វាក់ផ្គត់ផ្គង់ឱសថ​ ដើម្បីលើកកំពស់សុវត្ថិភាពអ្នកជំងឺ​ (ប្រតិកម្មរំខានរបស់ឱសថ)​ ដល់មន្ត្រីសុខាភិបាលសាធារណៈ​ ដែលបានរៀបចំឡើងដោយនាយកដ្ឋាន​ឱសថ​ ចំណីអាហារ​ បរិក្ខារពេទ្យ​ និងគ្រឿងសម្អាង​ នៃក្រសួងសុខាភិបាល​ សហការជាមួយអង្គការសុខភាពពិភពលោក ដោយចាប់ផ្តើមចំនួន៣ខេត្តដំបូង​ (កំពង់ធំ,​ កំពង់ស្ពឺ​, និងកំពត)​ ដែលកំពុងតែអនុវត្តកម្មវិធីពង្រឹងសេវាសុខាភិបាល ដើម្បីការទទួលបានការគ្របដណ្តប់សុខភាពជាសកល (UHC)​ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នាទីស្ដីការក្រសួងសុខាភិបាល ។

ក្នុងឱកាសនេះ​ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានពាំនាំនូវការកោតសរសើរ ពីសំណាក់លោកសាស្ត្រាចារ្យ​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដល់ការខិតខំប្រឹងប្រែងកន្លងមក របស់មន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់នៅក្នុងខេត្តកំពង់ស្ពឺ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលធ្វើឲ្យវិស័យមួយនេះមានវឌ្ឍន:ភាពគួរជាទីមោទន:​៕








ចំនួនអ្នកមើល: 64