នាយ​ឧត្ដមសេនីយ៍​ដាំ វុទ្ធី ​ជំរុញ​ដល់​មន្ត្រី​នគរបាល​យុត្តិធម៌​ទាំងអស់ ត្រូវ​រួមគ្នា​ទប់ស្កាត់ និង​បង្ក្រាប​ទៅលើ​ជន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស ដោយ​គ្មាន​ការយោគយល់

ចែករំលែកដោយ R-S-E
នាយ​ឧត្ដមសេនីយ៍​ដាំ វុទ្ធី ​ជំរុញ​ដល់​មន្ត្រី​នគរបាល​យុត្តិធម៌​ទាំងអស់ ត្រូវ​រួមគ្នា​ទប់ស្កាត់ និង​បង្ក្រាប​ទៅលើ​ជន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស ដោយ​គ្មាន​ការយោគយល់

រតនគិរី ​៖ ការ​ជំរុញ​ទៅដល់​មន្ត្រី​នគរបាល​យុត្តិធម៌ ពិសេស មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ដែល​នៅ​កៀក​នឹង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន របស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ដាំ​វុទ្ធី ​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​បែប​នេះ ​ធ្វើ​ឡើង​នៅក្នុង​ពិធី បូកសរុប​លទ្ធផល​ការងារ​នគរបាល ឆ្នាំ​១០១៨ និង​លើក​ទិស​អនុវត្ត​បន្ត​ឆ្នាំ​២០១៩ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​នា​ល្ងាច​ថ្ងៃ​សុក្រ ១០​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩។

ស្នងការ​នគរបាល​ខេត្តរតនគិរី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យិន​ចំណាន បាន​ថ្លែងថា នៅក្នុង​ឆ្នាំ​២០១៨​កន្លងទៅនេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​អនុវត្ត​ការងារ ដោយ​បំពេញ​តួនាទី និង​ភារកិច្ច​បាន​យ៉ាង​ខ្ជាប់ខ្ជួន ទៅតាម​ផែនការ​ដែល​ក្រសួងមហាផ្ទៃ​បានដាក់ចុះ ក្នុងនោះ​ក្រៅពី​បាន​បំពេញ​កិច្ចការងារ​សង្គម រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធ​រណៈ អនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក សម្រួលការ​ធ្វើចរាចរ ជូន​ប្រជាពលរដ្ឋ និង​រក្សា​ការពារ​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​នោះ កម្លាំង​ស្នងការដ្ឋាន បានរួម​គ្នា​ចុះ​ពង្រឹង​គោលនយោបាយ​ភូមិ ឃុំ សុវត្ថិភាព ដែល​រាជរដ្ឋាភិបាល បានដាក់ចុះ​នាពេល​កន្លងមក ហើយ​បាន​បន្ត​ចុះ​ធ្វើ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា ជាមួយ​កម្លាំង​អង្គភាព​ប្រដាប់អាវុធ​ផ្សេងៗ​ទៀត ដើម្បី​រក្សា​សន្តិសុខ​ព្រំដែន បង្ក្រាប​ករណី​ឆ្លងដែន​ខុសច្បាប់ បង្ក្រាប​បទល្មើស​ព្រហ្ម​ទណ្ឌ បទល្មើស​ម​ជ្ឍិ​ម ល្បែងស៊ីសង បទល្មើស​គ្រឿងញៀន បទល្មើស​សេដ្ឋកិច្ច ការ​ស្តុក​ទុក​ឈើ និង​ការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ បទល្មើស​នេសាទ និង​បង្ក្រាប​បទល្មើស​សត្វព្រៃ​។​ល​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​ប្តេជ្ញា អនុវត្តន៍​សារាចរ​លេខ ០៤​ស​.​រ របស់​រាជរដ្ឋាភិបាល ស្តីពី ការចាត់តាំង​អនុវត្តន៍ វិធានការ​បង្ការ​ទប់​ស្កាត់ និង​បង្ក្រាប​សកម្មភាព​ក្មេង​ទំនើង និង​ផែនការ​ណែនាំ​លេខ ០៥២ ផ​.​ក របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ស្តីពី ការអនុវត្តន៍​ប្រៀប​សមរភូមិ ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​បន្ត​យកចិត្តទុកដាក់​ផ្សព្វផ្សាយ និង​ចាត់តាំង​អនុវត្តន៍​តាម​សេចក្តីណែនាំ លេខ​០០១ របស់​ក្រសួងមហាផ្ទៃ ស្តីពី វិធានការ​លុបបំបាត់​ការដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ អនាធិបតេយ្យ​តាមផ្លូវ​គោក និង​នៅតាម​ផ្លូវទឹក​ជាប្រចាំ ព្រមទាំង​បន្ត​បង្ក្រាប​បទល្មើស​ព្រៃឈើ គ្រឿងញៀន និង​បទល្មើស​ផ្សេងៗ​ទៀត ឲ្យ​មាន​ប្រសិទ្ធភាព​។​

អភិបាលរង​ខេត្តរតនគិរី​លោក​ញ៉ែម សំអឿន បាន​មានប្រសាសន៍​ ជំរុញ​ដល់​មន្ត្រីនគរបាល​គ្រប់លំដាប់​ថ្នាក់ និង​មន្ត្រីនគរបាល​យុត្តិធម៌​ទាំងអស់ ត្រូវខិតខំ​បន្ថែមទៀត ក្នុងការ​សហការ​​​រួមគ្នា អនុវត្តន៍ បំពេញ​តួនាទី និង​ភារកិច្ច ទៅតាម​គោលការណ៍ ក្រសួងមហាផ្ទៃ អគ្គស្នងការ​នគរបាល​ជាតិ ជាពិសេស ត្រូវ​អនុវត្តន៍​តាម​គោលការណ៍​ណែនាំ របស់​រាជរដ្ឋាភិបាល ឲ្យ​បាន​ហ្មត់ចត់​បំផុត​។​ក្រៅពីនោះ មន្ត្រីនគរបាល​គ្រប់រូប ពិសេស មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល ដែល​នៅ​កៀក​នឹង​ប្រជាពលរដ្ឋ ត្រូវ​ឧស្សាហ៍​ចុះ​ជួប​និង​ស្គា​ល់ពី​សុខទុក្ខ​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ហើយ​ប្រសិនបើ​មាន​មន្ត្រីនគរបាល​យុត្តិធម៌​ណាមួយ ជាប់​ពាក់ព័ន្ធ នឹង​ការ​ផ្សំគំនិត​ប្រព្រឹត្ត​បទល្មើស​នាពេល​កន្លងមក ចាប់ពីពេលនេះ​ទៅ​ត្រូវ​បញ្ឈប់ និង​ដកខ្លួន​ចេញ​ជាបន្ទាន់ បើ​ពុំ​នោះទេ​កុំ​ថា​ច្បាប់ គ្មាន​ការយោគយល់​ឲ្យ​សោះ។

នាយ​ឧ​ត្ត​ម​សេនីយ៍​ដាំ វុទ្ធី​អគ្គ​ស្នងការរង​នគរបាលជាតិ​ក៏បាន​វាយតម្លៃ​ខ្ពស់ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី ដែល​អនុវត្ត​តួនាទី និង​ភារកិច្ច ដែល​ថ្នាក់លើ​ប្រគល់ជូន បាន​យ៉ាង​ល្អប្រសើរ ទាំង​ការរក្សា​ការពារ​សន្តិសុខ​ព្រំដែន រក្សា​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ចុះជួយ​ប្រជាពលរដ្ឋ​ក្នុង​គ្រោះធម្មជាតិ ជូន​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ រួមទាំង​ការបង្ក្រាប បទល្មើស​ធនធានធម្មជាតិ គ្រឿងញៀន និង​បទល្មើស​នានា​ទៀត បាន​គួរ​ឲ្យ​កត់សម្គាល់។

នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​សង្កាត់​ធ្ងន់​ថា ​កងកម្លាំង​នគរបាល​ត្រូវតែ​បង្ក្រាប​នៅ​ជន​អគតិ​មួយ​ចំនួន​ដែល​ចង់​បង្កើត​នូវ​បដិវត្តន៍​ពណ៌​បង្ក្រាប​បទល្មើស​ព្រៃឈើ​បទល្មើស​នេសាទ​ខុសច្បាប់​បទល្មើស​ធនធាន​ធម្មជាតិ​បទល្មើស​គ្រឿងញៀន​ការរំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ​ការជួញដូរ​មនុ​ស្ស​ឆ្លងដែន​និង​ជំរុញ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​ម៉ឺងម៉ាត់៕









ចំនួនអ្នកមើល: 7