កិច្ចចរចាថាមពលនុយក្លេអ៊ែរអាមេរិក-អារ៉ាប៊ីសាអូឌីត នៅតែបន្តទៅមុខដដែល ប៉ុន្តែអ្វីគ្រប់យ៉ាងអាស្រ័យលើ​ទីក្រុងរីយ៉ាដ

ចែករំលែកដោយ R-S-E
កិច្ចចរចាថាមពលនុយក្លេអ៊ែរអាមេរិក-អារ៉ាប៊ីសាអូឌីត នៅតែបន្តទៅមុខដដែល ប៉ុន្តែអ្វីគ្រប់យ៉ាងអាស្រ័យលើ​ទីក្រុងរីយ៉ាដ

​(វ៉ាស៊ីនតោន)៖ កិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក​ និងអារ៉ាប៊ីសាអូឌីត ជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរនៅតែបន្តទៅមុខដដែល ប៉ុន្តែ​បច្ចុប្បន្ន​អ្វី​គ្រប់យ៉ាងគឺអាស្រ័យទៅលើទីក្រុងរីយ៉ាដ។ នេះបើតាមអនុរដ្ឋមន្ត្រីថាមពលអាមេរិក លោក Dan Brouillette ដកស្រង់ដោយសារព័ត៌មាន Sputnik នៅយប់ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក Brouillette បានគូសបញ្ជាក់ដូច្នេះថា៖ <<កិច្ចសន្ទនានៅតែបន្តដំណើរការ​ទៅ​មុខ... ប៉ុន្តែកិច្ចសន្ទនានេះហាក់ដូចជាមិនមានអ្វីវិវត្តន៍ថ្មីឡើយ ចាប់តាំងពីរដ្ឋមន្ត្រីថាមពលអាមេរិក លោក Perry ជួបពិភាក្សាការងារ​ជាមួយ​រដ្ឋ​មន្ត្រី​ថាម​ពល​អារ៉ាប៊ីសាអូឌីត។ ម្យ៉ាងវិញទៀតអ្វីៗគឺកំពុងស្ថិតនៅក្នុងដៃរបស់ទីក្រុងរីយ៉ាដ ហើយយើងកំពុងរង់ចាំអារ៉ាប៊ីសាអូឌីត​ត្រឡប់​មករកពួកយើងវិញ>>។

គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត កំពុងស្ថិតនៅក្នុងកិច្ចចរចាជាមួយសហរដ្ឋអាមេរិកស្ដីពីគម្រោងថាមពលនុយក្លេអ៊ែរ។ ប៉ុន្តែកិច្ចចរចា​នេះ​ត្រូវ​រាំងស្ទះ ដោយសារតែករណីឃាតកម្មលើអ្នកកាសែតអារ៉ាប៊ីសាអូឌីតលោក Jamal Khashoggi ក្នុងទីក្រុង អ៊ីស្ដង់ប៊ូល ប្រទេស​តួកគីកាល​ពី​ខែ​តុលា ឆ្នាំ២០១៨ ដោយសមាជិកសភាះអាមេរិកជាច្រើនបានស្នើឱ្យរដ្ឋបាលលោក ត្រាំ លុបចោលកិច្ចពិភាក្សាជាមួយទីក្រុងរីយ៉ាដ៕


ចំនួនអ្នកមើល: 24