លោក មិត្ត ការ៉េន​ បិទការប្រកួត និងប្រគល់រង្វាន់ដល់ ម្ចាស់ជ័យលាភីកីឡាវាយកូនឃ្លីលើតុលើកទី២ ឆ្នាំ២០១៩​

ចែករំលែកដោយ R-S-E
លោក មិត្ត ការ៉េន​ បិទការប្រកួត និងប្រគល់រង្វាន់ដល់ ម្ចាស់ជ័យលាភីកីឡាវាយកូនឃ្លីលើតុលើកទី២ ឆ្នាំ២០១៩​

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ លោក មិត្ត ការ៉េន​ អគ្គលេខាធិការរងរដ្ឋសភា តំណាង លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា​ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាវាយកូនឃ្លីលើតុលើកទី២ ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ដែលរៀបចំឡើងដោយក្លឹបរដ្ឋសភាសែនជ័យ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។

តាមរយៈការប្រកួតរយៈពេល២ថ្ងៃ​ គឺថ្ងៃទី១៤ និងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩កន្លងមកនេះ​ គេសង្កេតឃើញថា​ កីឡាករទាំងអស់ បានបញ្ចេញនូវសមត្ថភាព ទេពកោសល្យនិងបច្ចេកទេសរៀងៗខ្លួន ក្នុងការប្រកួតប្រជែងដើម្បីដណ្ដើមយកពានរង្វាន់ ប្រកបដោយការទទួលខុសត្រូវ​ គោរពវិន័យតាមក្រឹត្យក្រមនៃកីឡា។

ក្នុងឱកាសបិទការប្រកួតនេះ​ លោក មិត្ត​ ការ៉េន​ បានលេីកឡេីងថា​ ការលេងកីឡាគឺដេីម្បីសុខភាព​ មិត្តភាព​ និងរក្សាសេចក្តីថ្លៃថ្នូ​រ កីឡាគឺជាមធ្យោបាយជម្រុះសង្រ្គាម​នាំមកនូវសុខសន្តិភាព។​ លោកបានផ្តាំផ្ញេីដល់កីឡាករទាំងអស់​ ប្រឹងប្រែងបន្ថែមទៀត​ ដោយនៅពេលនេះ​ សង្កេតឃេីញថា​ កីឡាករយេីងលេងបានល្អ​ តែនៅខ្វះបច្ចេកទេស​នៅឡេីយ ចំណែករូបមន្ត​នៃការលេងនៅមានកម្រិត​ ដូច្នេះ​សូមកីឡាករទាំងអស់​ ប្រឹងប្រែងហាត់បន្ថែមទៀត​ ដេីម្បីអាចមានឱកាសចូលប្រកួតជាមួយស្ថាប័នដ៏ទៃ​ ឬក៏ចូលរួមប្រកួតថ្នាក់ជាតិផងដែរ។

គួររំលឹកដែរថា​ ពិធីបេីកការប្រកួតកាលពីរសៀលម្សិលមិញ​ មានការចូលរួមពី​ លោក ញ៉ែម សាវើយ អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ដែលជាតំណាងរបស់ លោក ហង្ស វិចិត្រ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានក្លឹបរដ្ឋសភាសែនជ័យ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។ កីឡាករដែលចូលរួមប្រកួតជាមន្រ្តីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាចំនួន ៤៦នាក់ បានចូលរួមប្រកួត ហើយការប្រកួតនេះមាន ២វិញ្ញាសា គឺ ទី១ វិញ្ញាសាវាយគូបុរស និងទី២ វិញ្ញាសាឯកត្តជនបុរស។

ចំពោះលទ្ធផលនៃការប្រកួតនារសៀលថ្ងៃនេះ​ វិញ្ញាសាវាយគូបុរស​ លេខ១​ បានទៅលោក​ ទេព​ វាសនា​ និង​លោក​ ដេ​ ​រដ្ឋា​ លេខ២​ បានទៅលោក​ ងី​ វិចិត្រ​ និងលោក​ ឆន​ ឆាយ​ ចំណែក​វិញ្ញាសា​ឯកត្តជនបុរស​ លេខ១​ បានទៅលោក​ អ៊ុ​ កាមិន​ និងលេខ២​ បានទៅលោក​ ប៉ែន​ ប្រាកដ៕














ចំនួនអ្នកមើល: 31