ទូត​សហភាព​អឺរ៉ុប​កោតសរសើរ​កម្ពុជា ​ដែល​បាន​អនុវត្តន៍​លក្ខខណ្ឌ​និង​សិទ្ធិ​ការងារ​របស់​កម្មករ​បានល្អ​ប្រសើរ

ចែករំលែកដោយ R-S-E
ទូត​សហភាព​អឺរ៉ុប​កោតសរសើរ​កម្ពុជា ​ដែល​បាន​អនុវត្តន៍​លក្ខខណ្ឌ​និង​សិទ្ធិ​ការងារ​របស់​កម្មករ​បានល្អ​ប្រសើរ

ភ្នំពេញ ​៖ ​ទូត​សហភាព​អឺរ៉ុប​បាន​កោតសរសើរ​ដល់ក​ម្ពុ​ជា​ដែល​អនុវត្តន៍​លក្ខខណ្ឌ​និង​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត​បាន​ល្អ​ប្រសើរ​ដែល​ជួយ​ទាក់ទាញ​ដល់​អ្នកបញ្ជា​ទិញ​អន្តរជាតិ​មក​ទិញ​ទំនិញ​ពី​កម្ពុជា​កាន់តែច្រើន​ថែមទៀត​។

ការ​ថ្លែង​កោតសរសើរ​របស់​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​នេះ​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១៤​ ខែមីនា​ ឆ្នាំ​២០១៩ ​នៅក្នុង​ជំនួប​សម្ដែង​ការគួរសម​និង​ជម្រាបលា​ជាមួយ​លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ទីស្តីការក្រសួង​។

​លោក​ទូត​បាន​សន្យា​ថា​នឹង​ពាំ​នាំ​នូវ​ភាព​រីកចម្រើន​របស់​ក​ម្ពុ​ជា​នេះ​ទៅ​ប្រាប់​ដល់ដៃ​គូ​នានា​នៅក្នុង​សហភាព​អឺរ៉ុប​ឲ្យ​បានដឹង​ពី​ការពិត​ដើម្បី​បន្ត​កិច្ច​សហប្រតិបត្តិការ​ក៏ដូចជា​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​ជា​បន្តទៀត។


ជា​មួយ​គ្នា​នេះ លោក George Edgar បាន​ថ្លែងអំណរគុណ​ចំពោះ លោក​បណ្ឌិត អ៊ិត សំហេង ដែល​បាន​ជួយ​សម្រួល​ដល់​ការងារ​របស់​លោក​ក្នុង​ការ​បំពេញបេសកកម្ម​ការងារ​រយៈពេល​ជាច្រើន​ឆ្នាំ​នៅ​កម្ពុជា​ទទួលបាន​ជោ​គ័យ​ពិសេស​វឌ្ឍនភាព និង​កិច្ច​សហ​ប្រតិប​ត្តិ​ការ​ជាមួយ​សហភាព​អឺរ៉ុប​កន្លងមក​ទទួល​បាន​នូវ​លទ្ធផល​ជា​ផ្លែផ្កា និង​ជោគជ័យ​ធំធេង​។

លោក​បណ្ឌិត អ៊ិត សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែងអំណរគុណ​ចំពោះ​សហភាព​អឺរ៉ុប​ដែល​បាន​ចូលរួម​ដោះស្រាយ​នូវ​ការងារ​ជាច្រើន​ជាពិសេស​លើ​វិស័យ​ការងារ​ដែល​ពាក់ព័ន្ធ​ដល់​ការធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ និង​សិទ្ធិ​ការងារ​ផង​ដែរ​តាមរយៈ​ការទិញ​ទំនិញ​ពី​កម្ពុជា​ព្រោះថា​ សហភាព​អឺរ៉ុប​គឺជា​គោលដៅ​ទីផ្សារ​នាំចេញ​ទំនិញ​វាយនភណ្ឌ​ទីមួយ​របស់​កម្ពុជា​។

លោក​បណ្ឌិត អ៊ិត សំហេង​បាន លើកឡើងថា <<​លោក​ឯកអគ្គរដ្ឋទូត ពិតជា​មានការ​ខិតខំ​ប្រឹង​ប្រឹង​ជំរុញ​កិច្ច​សហប្រតិបត្តិ ទៅលើ​ការវិវឌ្ឍ​រីកចម្រើន និង​វឌ្ឍនភាព មកដល់​កម្ពុជា ហើយ​សហភាព​អឺរ៉ុប​គឺជា​គោលដៅ​ទីផ្សារ​នាំចេញ​ទំនិញ​វាយ​ន​ភណ្ឌ​ទីមួយ​របស់​កម្ពុជា​។ ទន្ទឹម​នឹង​នេះ លោក​អគ្គរដ្ឋទូត បាន​ផ្តល់​ការ​គាំទ្រ​ដល់​កម្ពុជា​ក្នុង​ការ​លើកកម្ពស់​ទំនាក់​ទំនង​ល្អ​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប ហើយ​អនុស្សាវរីយ៍​ទាំងនេះ​នឹង​ស្ថិតនៅក្នុង​ចិត្ត​យើង​ចំពោះ​ការចូលរួម​វិភាគទាន​របស់​លោក​អគ្គរដ្ឋទូត​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​នាពេល​កន្លងមក​>>​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា​ កម្ពុជា​បាន​អនុវត្ត​នូវ​លក្ខខណ្ឌ​និង​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត​បាន​យ៉ាង​ល្អប្រសើរ តាម​បទដ្ឋាន​ការងារ​អន្តរជាតិ ជាពិសេស​ឆ្លើយតប​បាន​ពេញលេញ​ទៅតាម​អនុសាសន៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ និង​បេសកកម្ម​ស្វែងរក​ការពិត​របស់​សហភាព​អឺរ៉ុប​ដែល​បានមក​កាន់​កម្ពុជា​កាល​ពី​ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅនេះ​។

ទន្ទឹម​នឹង​នេះ​លោក រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា កម្ពុជា​បាន​នឹង​កំពុង​សហ​ប្រតិបត្តិការ​យ៉ាង​ល្អ​ជាមួយ​គម្រោង​រោង​ច ក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា គម្រោង​កិច្ចព្រមព្រៀង​ជា​សកល​របស់​ស៊ុយអែត និង គម្រោង​បទដ្ឋាន​សង្គម និង​ការងារ​ក្នុង​វិស័យ​វាយនភណ្ឌ និង​កាត់ដេរ​នៅ​ទ្វីបអាស៊ី​ដើម្បី​លើកកម្ពស់​លក្ខខណ្ឌ​ការងារ សិទ្ធិសេរីភាព​អង្គការ​វិជ្ជាជីវៈ និង​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​៕


ចំនួនអ្នកមើល: 6