អាសូរពន់ពេក! ក្មេងស្រីកម្មករឡឥដ្ឋអាយុ៩ឆ្នាំ ចូលដៃក្នុងម៉ាស៊ីនកិនឥដ្ឋដាច់ដៃខាងស្ដាំត្រឹមក្លៀក នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

ចែករំលែកដោយ R-S-E
អាសូរពន់ពេក! ក្មេងស្រីកម្មករឡឥដ្ឋអាយុ៩ឆ្នាំ ចូលដៃក្នុងម៉ាស៊ីនកិនឥដ្ឋដាច់ដៃខាងស្ដាំត្រឹមក្លៀក នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

(កណ្ដាល)៖ ក្មេងស្រីវ័យ៩ឆ្នាំម្នាក់ ដែលមានឪពុកម្ដាយជាកម្មករឡឥដ្ឋ ហើយខ្លួនក៏ធ្វើជាកម្មករដូចឪពុកម្ដាយដែរនោះ បានជួបហេតុការណ៍ដ៏អកុសលមួយ ​ដោយចូលដៃក្នុងម៉ាស៊ីនកិនឥដ្ឋបណ្ដាលដាច់ដៃខាងស្ដាំត្រឹមក្លៀក គួរឲ្យអាសូរចិត្តពន់ពេកឥតឧបមា។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ ​ចំណុចសិប្បកម្មឡឥដ្ឋភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​។

របាយការណ៍របស់មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្មេងស្រីជនរងគ្រោះឈ្មោះ ឆេង ស្រីភ័ក្រ ​អាយុ​០៩​ឆ្នាំ ​​មានទីលំនៅភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម (របួសដាច់ដៃខាងស្តាំត្រឹមក្លៀក) ដែលមានឪពុកឈ្មោះ ឆេង ប៊ុនហំ អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មករឡឥដ្ឋ និងម្តាយឈ្មោះ ឃឹម ចាន់ណា អាយុ​៣៣​ឆ្នាំ​ មុខរបរ​កម្មករឡឥដ្ឋ មានទីលំនៅភូមិឃុំជាមួយគ្នា។

សមត្ថកិច្ចបានបន្ដថា ​រយៈពេល​០៦ឆ្នាំ​មកហើយ ឈ្មោះ ឆេង ប៊ុនហំ និងប្រពន្ធ-កូន បានមកស្នាក់នៅ​ធ្វើការជាកម្មករឡឥដ្ឋ​ឲ្យថៅកែឈ្មោះ លាង ស្រ៊ុន នៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់។ លុះនៅថ្ងៃកើតហេតុ ឈ្មោះ ឆេង ប៊ុនហំ និងប្រពន្ធ បានបញ្ឆេះម៉ាស៊ីនកិនឥដ្ឋ ដោយឈ្មោះ ឆេង ប៊ុនហំ ជាអ្នកចាក់ដីបោះចូលម៉ាស៊ីន ឯឈ្មោះ ឃឹម ចាន់ណា ជាប្រពន្ធ និងកូនស្រីឈ្មោះ ឆេង ស្រីភ័ក្រ ជាអ្នកកាត់ឥដ្ឋចេញពីម៉ាស៊ីន និងរៀបឥដ្ឋដាក់លើរទះ។

មួយសន្ទុះក្រោយមក ពេលឥដ្ឋពេញរទះ ឈ្មោះ ឆេង ប៊ុនហំ បានអូសរទះយកឥដ្ឋទៅរៀបហាលថ្ងៃ ប៉ុន្ដែពេលឈ្មោះ ឆេង ប៊ុនហំ កំពុងរៀបឥដ្ឋដាក់ហាល ស្រាប់តែឃើញកូនស្រីឈ្មោះ ឆេង ស្រីភ័ក្រ ចូលដៃខាងស្តាំទៅក្នុងម៉ាស៊ីនកិនឥដ្ឋ ឃើញដូចនោះឈ្មោះ ឆេង ប៊ុនហំ និងកម្មករឡឥដ្ឋនៅក្បែរនោះ បាននាំជនរងគ្រោះ បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក បន្ទាប់មកមន្ទីរពេទ្យបង្អែកស្រុក បានបញ្ចូនជនរងគ្រោះទៅព្យាបាលនៅពេទ្យឯរាជធានីភ្នំពេញ។

សូមជម្រាបថា ហេតុការណ៍បែបនេះ មិនមែនទើបតែកើតមាននោះទេ ពោលគេសង្កេតឃើញថា ការចូលដៃក្នុងម៉ាស៊ីនកិនឥដ្ឋ តែងតែកើតឡើងជាញឹកញាប់ ដូច្នេះគេសង្ឃឹមថា សមត្ថកិច្ចពាក់ព័ន្ធនឹងពង្រឹងលើការងារនេះ ដើម្បីជៀសវាងកើតមានករណីនេះម្ដងហើយម្ដងទៀត ដែលនាំឲ្យជនរងគ្រោះធ្លាក់ខ្លួនពិការ និងមានវិប្បដិសារីអស់មួយជីវិត៕






ចំនួនអ្នកមើល: 158