លោក ឌូតឺតេ ចង់ប្តូរឈ្មោះប្រទេសហ្វីលីពីន ដើម្បីលុបដានអាណានិគមកាលពីអតីតកាល

ចែករំលែកដោយ R-S-E
លោក ឌូតឺតេ ចង់ប្តូរឈ្មោះប្រទេសហ្វីលីពីន ដើម្បីលុបដានអាណានិគមកាលពីអតីតកាល

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានលើកឡើងថា លោកចង់ប្តូរឈ្មោះប្រទេសអាស៊ាននេះនៅថ្ងៃណាមួយទៅ​ជា <<Maharlika (មហាលីកា)>> ដើម្បីលុបដានអាណានិគមកាលពីអតីតកាល​។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានថៃ បាង​កកប៉ុស្តិ៍ នៅយប់ថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

គោលបំណងរបស់លោក ឌូតឺតេ គឺដូចទៅនឹងអតីតមេដឹកនាំផ្តាច់ការ​ លោក Ferdinand Marcos ដែរ ដែលបានហៅប្រទេសហ្វីលីពីនថា <<Maharlika>> ដែលភាសាក្នុងតំបន់មានន័យថា <<អភិជនខ្ពង់ខ្ពស់>> ខណៈអ្នកជំនាញមួយចំនួនបានអះអាងថា ពាក្យនេះតាមពិតបកប្រែ​ខុស​ ដោយវាមានន័យត្រឹមតែជា <<ជនសាមញ្ញដែលមានសិទ្ធិសេរីភាពប៉ុណ្ណោះ>>។

ប្រទេសហ្វីលីពីន ដែលស្ថិតក្រោមអាណានិគម​អេស៉្បាញជាង៣០០ឆ្នាំ ទទួលបានឈ្មោះថា <<ហ្វីលីពីន>> នេះ ពីព្រះនាមរបស់ស្តេច​ Philip (ហ្វីលីព) ទី២ នៃប្រទេសអេស៉្បាញ។ យ៉ាងណាមិញ ប្រធានព្រឹទ្ធសភាហ្វីលីពីន លោក Tito Sotto បានលើកឡើងថា ​​បំណងរ​បស់​លោក ឌូតឺតេ នឹងតម្រូវឲ្យមានការធ្វើវិនិសោធនរដ្ឋធម្មនុញ្ញ ហើយនឹងទាមទារឲ្យមានការកែសម្រួលជាច្រើន។

គួរជម្រាបថា លោក Marcos ដែលត្រូវបានទម្លាក់ចេញពីអំណាច ដោយការបះបោរមិនបង្ហូរឈាមមួយ កាលពីជាង០៣ទសវត្សរ៍កន្លងទៅ ជាបុគ្គលដំបូងគេដែលបានស្នើឡើងពីការប្តូរឈ្មោះប្រទេសទៅជា <<Maharlika>> ដើម្បីលើកកម្ពស់ចលនាជាតិនិយម បន្ទាប់ពីលោកបាន​ដាក់ហ្វីលីពីននៅក្រោមច្បាប់អាជ្ញាសឹក៕


ចំនួនអ្នកមើល: 40