ក្រសួង​ការងារ ​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​យន្តការ អនុវត្ត​ការងារ និង​ផែនការ​សកម្មភាព នៃ​ក្រុមការងារ​ដឹកនាំ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ

ចែករំលែកដោយ R-S-E
ក្រសួង​ការងារ ​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​យន្តការ អនុវត្ត​ការងារ និង​ផែនការ​សកម្មភាព នៃ​ក្រុមការងារ​ដឹកនាំ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ

ភ្នំពេញ​ ៖​ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី​១១ ​ខែ​កម្ភៈ ​ឆ្នាំ​២០១៩​ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​យន្តការ អនុវត្ត​ការងារ និង​ផែនការ​សកម្មភាព នៃ​ក្រុមការងារ​ដឹកនាំ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​ទីស្តីការ​ក្រសួង ក្រោម​អធិបតីភាព​លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

យោង​តាម​ទំព័រ​ហ្វេ​ប៊ុ​ក​របស់​លោក​បណ្ឌិត​អ៊ិត​ សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា ​កិច្ចប្រជុំ​ពិភាក្សា​លើ​យន្តការ អនុវត្ត​ការងារ និង​ផែនការ​សកម្មភាព នៃ​ក្រុមការងារ​ដឹកនាំ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​របស់ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព ប្រសិទ្ធ​ផល តម្លាភាព និង​គណនេយ្យ​ភាព​នៃ​ការផ្តល់សេវា​រដ្ឋបាល​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល និង​ឆ្លើយតប​ទាន់​ពេល​វេលា​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។

សូម​បញ្ជាក់​ថា ​កាលពី​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​ប្រកាស​ស្តីពី​ការ​ធ្វើ​ប្រតិភូកម្ម​ជូន​អភិបាល​រាជធានី ខេត្ត ក្នុង​ការ​ចុះហត្ថលេខា​ក្នុងនាម​រដ្ឋមន្ត្រី​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លើ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការផ្តល់​សេវាសាធារណៈ​ដែល​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រាជធានី ខេត្ត កំពុងផ្តល់​សេវា​ចំនួន​៤ រួមមាន​៖​ទី​១. ការផ្តល់​បណ្ណ​ការងារ និង​សៀវភៅ​ការងារ​របស់​ជនកម្ពុជា ​ទី​២. ការចុះ​លិខិត​ទទួលស្គាល់​ការបោះឆ្នោត​ជ្រើសរើស​ប្រតិភូ​បុគ្គលិក ​ទី​៣. ការចុះ​បញ្ជិកា និង​ទិដ្ឋាការ​សំណុំ​បែបបទ​ស្តីពី​សហគ្រាស គ្រឹះស្ថាន​និង​ទី​៤. លិខិតអនុញ្ញាត​ធ្វើការ​បន្ថែម​ម៉ោង​៕

ចំនួនអ្នកមើល: 3