អង្គការ​ជីវិត​សត្វ​ស្លាប​ ពង្រឹង​កម្មវិធី​ស្រូវ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ​នៅ​ស្រុក​សៀម​ប៉ាង

ចែករំលែកដោយ R-S-E
អង្គការ​ជីវិត​សត្វ​ស្លាប​ ពង្រឹង​កម្មវិធី​ស្រូវ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ​នៅ​ស្រុក​សៀម​ប៉ាង

ស្ទឹងត្រែង​ ៖ ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ សហការ​ជាមួយ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ពង្រឹង​កម្មវិធី​ស្រូវ​មិត្តភាព​​សង្គ្រោះ​សត្វព្រៃ​នៅ​ស្រុក​សៀម​ប៉ាង បំផុស​ប្រជាពលរដ្ឋ​ដាំ​ដុះ​ឲ្យ​បាន​ច្រើន​ ហើយ​ងាក​ទៅ​រួមគ្នា​អភិរក្ស​សត្វ​ស្លាប​ឲ្យ​នៅ​គង់វង្ស​ ដើម្បី​ឈាន​ទៅ​បង្កើត​តំបន់​អេកូ​ទេសចរណ៍​សត្វ​ស្លាប​ថ្មី​មួយ​បន្ថែមទៀត។

លោក​ដួង​ ពៅ​ អភិបាលរង​ខេត្ត​បាន​ប្រសាសន៍​ថា ​៖ ​ធនធានធម្មជាតិ​ទាំង​សត្វព្រៃ​ និង​ធនធាន​ជីវចម្រុះ​ក្នុង​ទឹក​លើគោក​ សុទ្ធសឹងតែ​ផ្តល់​ផលប្រយោជន៍​ដល់​ការ​រស់នៅ​សម្រាប់​ជីវិត​មនុស្ស​ និង​សត្វ ដូចនេះ​យើង​មាន​អង្គការ​ដៃគូ​បង្កើត​ឲ្យ​មាន​ទិវា​ស្រូវ​សង្គ្រោះ​សត្វព្រៃ​នេះ​ យើង​ត្រូវ​ប្រឹងប្រែងចូល​​​រួម​អនុវត្ត​ឲ្យ​បាន​ទាំង​អស់​គ្នា។


លោក​អភិបាលរង​បញ្ជាក់​ថា ​៖ ​ការចូលរួម​នេះ ​ជា​យន្តការ​ថ្មី​មួយទៀត​ដែល​អ្នក​ពាក់ព័ន្ធ​ទាំងអស់​អភិ​រក្សា​បាន​នូវ​ធនធានធម្មជាតិ​ផង​ និង​ជួយ​ស្តារ​ជីវភាព​ប្រជាពលរដ្ឋ​ឲ្យ​មានការ​រីកចម្រើន​ផង។ ​គោលដៅ​របស់​យើង​ទៅ​ថ្ងៃមុខ ​យើង​នឹង​ពង្រីក​សក្តានុពល​នៃ​ដំណើរ​ការ​ដាំ​ស្រូវ​ត្រ​យង​ ជំនួស​ឲ្យ​ការ​ធ្វើ​សកម្មភាព​កាប់​បាញ់​សត្វ​ឬ​ក៏​កាប់​បំផ្លាញ​ធនធានធម្មជាតិ​របស់​យើង គឺ​យើង​កាត់បន្ថយ​តាមរយៈ​ការធ្វើ​ស្រែ ធ្វើ​ស្រូវ​បាន​ផល​កាត់បន្ថយ​ការ​កាប់បំផ្លាញ​ធនធានធម្មជាតិ​ និង​រួមចំណែក​ធ្វើ​ឲ្យ​ជីវភាព​របស់​យើង​កើនឡើង​ ធនធានធម្មជាតិ​នៅ​គង់វង្ស​អាស្រ័យ​ផល​បាន​រហូត​រក្សា​បាន​នូវ​គម្រប​ព្រៃ ​រក្សា​បាន​នូវ​ជីវិត​សត្វ​ស្លាប ​រក្សា​បាន​នូវ​ធនធាន​ធម្មជាតិ​របស់​យើង​ឲ្យ​មាន​និរន្តរភាព​។​

លោក​ទី​ស្រ៊ុន​ ប្រធាន​ប្រចាំ​តំបន់​សៀម​ប៉ាង​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​បាន​បញ្ជាក់​ថា ​៖ នេះ​ជា​លើក​ទី​២​ហើយ​បន្ទាប់ នៅ​ឆ្នាំ​២០១៧​ យើង​បាន​ផ្សព្វផ្សាយ​ និង​ផ្តល់​ពូជស្រូវ​ត្រយង​នេះ​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​អភិរក្ស​ធ្វើការ​បង្កបង្កើនផល តែ​ពួកគាត់​នៅ​រារែក​រឿង​ទីផ្សារ​លក់ដូរ​។​


លោក​ថា​ លើក​នេះ​ខាង​អង្គការ​ដៃគូ​ ​បានរៀបចំ​គម្រោង​ត្រឹមត្រូវ​ ហើយ​នឹង​ត្រៀមលក្ខណៈ​ប្រមូល​ទិញ​ក្នុង​តម្លៃ​ថេរ​១២០០​រៀល ​ជូន​ប្រជាពលរដ្ឋ​ដែល​ផលិត​ស្រូវ​ត្រយង​នេះ​ ទោះ​នៅ​ក្នុង​រដូវ​ណា​ក៏ដោយ យើង​មាន​ដៃគូ​របស់​យើង​ ដែល​គាត់​ធានា​ទទួល​ទិញ​ទៅ​លក់​នៅ​ទីក្រុង​ភ្នំពេញ​ ក៏​ដូចជា​លក់​ទៅ​សហគមន៍​អឺរ៉ុប ​ជាពិសេស​គឺ​នៅ​​ប្រទេស​អាល្លឺម៉ង់​ដូច្នេះ​អ្វី​ដែល​សំខាន់​គឺ​យើង​អត់​បារម្ភ​រឿង​ទីផ្សារ​ទេ​ យើង​បារម្ភ​ថា​ប្រជាជន​យើង​គាត់​ផលិត​ស្រូវ​អត់​បាន​គ្រប់គ្រាន់​ទៅ​ឲ្យ​ទីផ្សារ​ទៅវិញ​ទេ​។​

លោកស្រី​ព្រះ​សៃ​ កសិករ​នៅ​ភូមិ​ខិះ​ស្វាយ​ ឃុំ​ព្រែក​មាស​បាន​សាទរ​ចំពោះ​ការជួយ​គិតគូរ​ផ្នែក​លក់ដូរ​នេះ ​ព្រោះ​កន្លងមក​មាន​ឈ្មួញ​ចូល​មក​ទិញ​ចេះតែ​ធ្វើការ​បង្អាប់ថ្លៃ​ធ្វើ​ឲ្យ​កសិករ​បន្ថយ​ការដាំដុះ​ស្រូវ​នេះ​។​


លោកស្រី​អះអាងថា ​៖​ នៅ​ឆ្នាំ​ខាងមុខនេះ ​នឹង​នាំគ្នា​ប្រឹងប្រែង​ធ្វើ​ឲ្យ​អស់​លទ្ធភាព​ដើម្បី​ជីវភាព​ខ្លួនឯង​ផង​ និង​ដើម្បី​ចូលរួម​ធ្វើ​ឲ្យ​គម្រោង​កម្មវិធី​ស្រូវ​មិត្តភាព​​សង្គ្រោះ​សត្វព្រៃ​ទទួលជោគជ័យ​។​

លោក​អេង​ភិ​រុង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​គាំទ្រ​ចំពោះ​ការ​ភ្ញាក់រលឹក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ប្តេជ្ញា​ចូលរួម​ជាមួយ​គម្រោង​របស់​យើង​ព្រោះ​វាទ​ទួល​បាន​ប្រយោជន៍​ទាំង​អស់​គ្នា​ធនធន​ធម្មជាតិ​សត្វព្រៃ​គ្រប់យ៉ាង​នៅ​តំបន់​អភិរក្ស​ ក៏​ថែរក្សា​បាន បងប្អូន​កសិករ​ ក៏​មាន​ជីវភាព​រីកចម្រើន​បន្ថែម​ទៀត។​

សូមបញ្ជាក់ថា ​៖ ​ស្រូវ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ​(​ស្រូវ​ត្រយង​) នៅ​ឆ្នាំ​២០១៨​កសិករ​នៅ​ភូមិ​ខិះ​ស្វាយ​ចំនួន​ជិត​១០០​គ្រួសារ បង្កបង្កើនផល​បាន​ផល​ល្អ ហើយ​នៅ​ឆ្នាំ​២០១៩​គម្រោង​នឹង​ពង្រីក​ទៅ​ភូមិ​ចំនួន​៣​ផ្សេងទៀត​ទោះបី​កសិករ​មិន​ស្ថិតនៅ​ជិត​តំបន់​​​អភិរក្ស​សត្វព្រៃ​ក៏ដោយ៕






ចំនួនអ្នកមើល: 32