G-Devith ៖ អ្នក​ដែល​ជេរ​ម្តាយ​ខ្ញុំ​តាម​ការ​Live Video​ ទង្វើ​នេះ​ បាន​បង្ហាញ​នូវ​សេចក្ដី​គុំកួន​មក​លើ​ជាតិ​សាសន៍​ដូចគ្នា

ចែករំលែកដោយ R-S-E
G-Devith ៖ អ្នក​ដែល​ជេរ​ម្តាយ​ខ្ញុំ​តាម​ការ​Live Video​ ទង្វើ​នេះ​ បាន​បង្ហាញ​នូវ​សេចក្ដី​គុំកួន​មក​លើ​ជាតិ​សាសន៍​ដូចគ្នា

ភ្នំពេញ​ ៖ ​កុំ​ឃើញ​ទឹក​ស្ងប់ ​ថា​គ្មាន​ត្រី អ្នក​ដែល​ជេរ​ម្ដាយ​ខ្ញុំ​តាម​ការ​Live Video​ ទង្វើ​នេះ​ បាន​បង្ហាញ​នូវ​សេចក្តី​គុំកួន​មកលើ​ជាតិ​សាសន៍​ដូចគ្នា​ និង​ជន​រួម​ឈាម ​ខ្ញុំ​មិន​គាំទ្រ​នូវ​ការ​បង្ហាញ​ និង​ប្ដូរ​ការគិត​របស់​យុវវ័យ​ និង​មហាជន​ទូទៅ​ដោយ​ការ​ជេរ​ប្រមាថ​ ឬ​ចាក់រុក​ឲ្យ​ទៅ​សម្លាប់​អ្នកណា​ ឬ​វាយ​ធ្វើបាប​អ្នកណា​ដោយសារ​កំហឹង​របស់ខ្លួន​នោះដែរ។​ នេះ​ជាស​ម្តី​របស់​តារា​ប្រុស ​លោក ងួន ចាន់​ដេវីត ឬ G-Devith។

តារា​ចម្រៀង​រ៉េ​ប លោក G-Devith បាន​បន្តទៀតថា ​ខ្ញុំ​ទទួលស្គាល់ថា ​ចម្រៀង​សម័យ​របស់ខ្ញុំ​ បាន​ជ្រាប​ទៅក្នុង​សង្គម​យុវវ័យ​ តែ​វា​ឋិត​នៅ​ក្នុងន័យ​កម្សាន្ត​សប្បាយ ​ខ្ញុំ​មិនដែល​បង្រៀន​ឲ្យ​យុវវ័យ​ទៅ​កាប់​គេ ​ហើយ​មក​ផឹកស្រា​ស្បថ ​ដើម្បី​ធ្វើ​បងប្អូន​នោះទេ​ ព្រោះ​ប្រទេស​មាន​ច្បាប់​ គ្រួសារ​មាន​វិន័យ។ ​សម្រាប់​ខ្ញុំ​មិនដែល​បង្រៀនឲ្យ​បងប្អូន​ខឹង​អ្នកណា ​ស្អប់​អ្នក ​ឬ​ចង់​ដាក់ទោស​អ្នកណា​ដោយ​ការ​ជេរ​ប្រមាថ​អ្នកមានគុណ​គេ​នោះដែរ​។​

លោក G-Devith បាន​បញ្ជាក់ថា ខ្ញុំ​ពិតជា​មានការ​ឈឺចាប់​ខ្លាំង​បំផុត​ពេលដែល​បានឃើញ​នូវ Video live​ដែល​ធ្វើការ​ប្រមាថ​ជា​សាធារណៈ​មកលើ​ខ្ញុំ​ និង​ម្តាយ​ខ្ញុំ​ ដោយបាន​ប្រើប្រាស់​ការប្រមាថ​មកលើ​ខ្ញុំ​នៅក្រោម​រូបភាព​ស្រលាញ់​វប្បធម៌​ និង​ខ្ចី​ដៃ​អ្នក​ដែល​បាន​មើលងាយ​ជាតិសាសន៍​មក​វាយប្រហារ​ និង​ប្រមាថ​មកលើ​ខ្ញុំ។

តារា​ប្រុស G-Devith បាន​បន្តថា ​ខ្ញុំ​កើត​មកជា​ជនជាតិខ្មែរ ​ខ្ញុំ​ស្រលាញ់​ទឹកដី​ខ្ញុំ ​សង្គមជាតិ​ខ្ញុំ ហើយ​ខ្ញុំ​ក៏បាន​ចូលរួម​សហការ​យ៉ាងសកម្ម​ជាមួយ​ថ្នាក់ដឹកនាំ​ទៅតាម​អ្វីដែល​ខ្ញុំ​អាចធ្វើ​ទៅបាន​ ទោះ​តិចក្តី​ច្រើន​ក្តី​។​ ជា​ចុងក្រោយ ​ខ្ញុំ​សូម​អំពាវនាវ​ដល់​ជន​រួម​ឈាម​ដែល​តាំងខ្លួន​អ្នកក្លាហាន ​social media មេត្តា​យោគយល់ ​និង​ចូលរួម​រិះគន់​ដើម្បី​ស្ថាបនា​ដោយ​ចិត្ត​ស្មោះ​ កុំ​ដើម្បី businesses សូម​កុំ​យក​ឈ្មោះ​សម្បត្តិ​វប្បធម៌​ដ៏​ថ្លាថ្លៃ ​ដើម្បី​មក​បិទបាំង​ភាព​​មិន​ស្អាត​របស់ខ្លួន​។​

សូម​មេត្តា​ ចូលរួម​ធ្វើឲ្យ​បាន​ច្រើនជាង​សម្តី​។ ​ទោះ​ចង់​ដើរតួ​ជា​ជើងកាង​ក្តី​ ឬ​តួ​​កម្សត់​ក្តី​ គប្បី​ឲ្យ​ត្រូវ​សាច់រឿង​ កុំ​ចេះតែ​ចង់​ធ្វើតាម​គំនិត​ខ្លួន​ ព្រោះ​ផែនដី​នេះ​មាន​គេ​រស់នៅ​ដែរ​ របស់គេ​ដែរ ចូល​ចងចាំ​សម្ដី។​ នេះ​ជាការ​លើកឡើង​បន្ថែម​របស់​តារាចម្រៀង​ប្រុស​ លោក ងួន ចាន់​ដេវីត ឬ G-Devith៕





ចំនួនអ្នកមើល: 13