ក្រសួងការបរទេសកម្ពុជាចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបនឹងការសម្រេចចិត្តរបស់អឺរ៉ុប ក្នុងការបើកដំណើរការនីតិវិធីដកជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ EBA​ ពីកម្ពុជា

ចែករំលែកដោយ R-S-E
ក្រសួងការបរទេសកម្ពុជាចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបនឹងការសម្រេចចិត្តរបស់អឺរ៉ុប ក្នុងការបើកដំណើរការនីតិវិធីដកជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ EBA​ ពីកម្ពុជា

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍មួយឆ្លើយតបទៅនឹងការសម្រេចចិត្ត របស់គណៈកម្មការអឺរ៉ុបក្នុងការបើកដំណើរការនីតិវិធីជាផ្លូវការសម្រាប់ការដកជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ <<គ្រប់មុខទំនិញទាំងអស់លើកលែងគ្រឿងសព្វាវុធ (EBA)>> ពីកម្ពុជា។

នៅក្នុងសេចក្តីថ្លែងការណ៍នេះ ក្រសួងការបរទេសបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានការសោកស្តាយយ៉ាងខ្លាំងចំពោះសេចក្ដីសម្រេចរបស់ គណៈកម្មការអឺរ៉ុបនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីបើកដំណើរការនីតិវិធីជាផ្លូវការសម្រាប់ការដកជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ <<គ្រប់មុខទំនិញទាំងអស់លើកលែងគ្រឿងសព្វាវុធ (EBA)>> ពីកម្ពុជា។

សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពី សហភាពអឺរ៉ុប កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ បានចាប់ផ្តើម នូវដំណើរការ ដែលអាចនាំឱ្យមានការផ្អាកជាបណ្តោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធ នៃទំនិញកម្ពុជាលើទីផ្សារសហភាពអឺរ៉ុប ក្រោមគម្រោងពាណិជ្ជកម្ម Everything But Arms (EBA) ។ ប្រព័ន្ធ EBA អាចនឹងលុបចោលប្រសិនបើប្រទេសទទួលផលមិនគោរពសិទិ្ធមនុស្ស និងសិទ្ធិការងារសំខាន់ៗ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអឺរ៉ុប ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា សេចក្តីសម្រេចចិត្តនេះជារឿងអយុត្តិធម៌បំផុត ខណៈដែលគណៈកម្មការអឺរ៉ុបមិនអើពើចំពោះវិធានការជាក់ស្តែង និងវឌ្ឍនភាពសំខាន់ៗជាច្រើន ដែលបានធ្វើឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រកាន់ខ្ជាប់ និងការប្តេជ្ញាចិត្តចំពោះការអនុវត្តអនុសញ្ញាស្នូលទាំង១៥ របស់អង្គការសហប្រជាជាតិ និងអង្គការពលកម្មអន្តរជាតិ ដែលជាបុរេល័ក្ខខ័ណ្ឌក្នុងការបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ជាឯកតោភាគី ជាពិសេសនៅលើវិស័យទាំងឡាយដែលត្រូវបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីវិធានការដើម្បីពង្រឹងលំហនយោបាយ និងសង្គមស៊ីវិល សិទ្ធិការងារ និងការដោះស្រាយបញ្ហាដីធ្លីនិងដីសម្បទានស្ករអំពៅ។

រាជរដ្ឋាភិបាលកម្ពុជា មានទស្សនៈថា គណៈកម្មការអឺរ៉ុបមិនបានធ្វើសកម្មភាពដោយឈរលើគោលការណ៍ <<ស្មោះត្រង់>> និង <<យុត្តិធម៌>> នោះទេ។ គណៈកម្មការអឺរ៉ុបបានបិទភ្នែក នៅពេលដែលប្រទេសជាច្រើន ដែលកំពុងតែទទួលនូវក្របខ័ណ្ឌអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបមិនបានអនុវត្តពេញលេញនូវអនុសញ្ញាអន្តរជាតិទាំងនោះ ប៉ុន្តែ ជាមួយនឹងរបៀបវារៈនយោបាយ គណៈកម្មការអឺរ៉ុបបានដាក់បន្តុប និងរំពឹងនូវ <<ការអនុវត្តដ៏ល្អឥតខ្ចោះ>> នៃអនុសញ្ញាទាំងនោះពីកម្ពុជា។ គណៈកម្មការអឺរ៉ុបមិនបានទទួលស្គាល់ ការកែលំអ និងវឌ្ឍនភាពជាបន្តបន្ទាប់ ដែលរាជរដ្ឋាភិបាលបានធ្វើ ដូចដែលបានរំលេចឡើងក្នុងលិខិតឆ្លើយតបចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ដោយមានភ្ជាប់នូវរបាយការណ៍បញ្ជីវឌ្ឍនភាពគ្រប់ជ្រុងជ្រោយនោះទេ។ ចំពោះអ្នកសង្កេតការណ៍ ដែលមានភាពអព្យាក្រឹត្យ និងយុត្តិធម៌ សកម្មភាព និងវិធានការដែលរាជរដ្ឋាភិបាល បានធ្វើឡើង គឺអាចទទួលស្គាល់បានថាជាវឌ្ឍនភាពសំខាន់ៗ បើពិចារណាទៅលើភាពស្មុគ្រស្មាញនៃបណ្តាបញ្ហាទាំងនោះ។ វឌ្ឍនភាពដែលរាជរដ្ឋាភិបាលបានធ្វើឡើង ក្នុងអំឡុងពេល ៨ខែ ចុងក្រោយ ចាប់តាំងពីបេសកកម្មសុឆន្ទៈលើកទី ១ ទៅទីក្រុងប្រ៊ុចសែល គឺជាសក្ខីភាពនៃភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស៖




ចំនួនអ្នកមើល: 4