
ក្លិបភ្នំពេញក្រោន ចុះកុងត្រាជាមួយខ្សែការពារ សេង កុសែន ត្រៀមរដូវកាលថ្មី

ខ្សែការពារ សេង កុសែន ខ្សែការពារមួយរូប ដែលធ្លាប់មានបទពិសោធន៍ច្រើនឆ្នាំលើទីលាន ជាមួយក្លិបបាល់ទាត់៩ផ្សេងគ្នា នៅពេលនេះបានសម្រេចចិត្តទៅចូលរួមជាមួយក្លិបជើងឯកពានរង្វាន់លីគកំពូលកម្ពុជា៦សម័យកាលភ្នំពេញក្រោន ហើយដើម្បីត្រៀមជួយក្រុមស្វាគមន៍រដូវកាលឆ្នាំ២០១៩ ខាងមុខ។
ក្លិបភ្នំពេញក្រោន រំពឹងថា វត្តមានកីឡាករវ័យ២៨ឆ្នាំរូបនេះ នឹងជួយរួមចំណែកជាមួយមិត្តរួមក្រុម ដើម្បីឲ្យក្លឹបទទួលបានជោគជ័យក្នុងការប្រកួតប្រជែងនាពេលខាងមុខ។ ភ្នំពេញក្រោន កំពុងតែពង្រឹងក្រុមឡើងវិញក្រោយមានកីឡាករយុវជនដែលមានសមត្ថភាពមូយចំនួនចាកចេញទៅកាន់ក្លិបផ្សេង។
សូមបញ្ជាក់ថា កីឡាករលេងក្នុងតំណែងជាខ្សែការពាររូបនេះបានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួន ជាមួយក្រុមកងទ័ពជើងទឹក ក្នុងឆ្នាំ២០០៧ ហើយបានបន្តលេងជាមួយក្រុមមួយចំនួនទៀតដូចជា នៅឆ្នាំ២០០៩ ចូលរួមជាមួយក្រុម Spark FC នៅឆ្នាំ២០១១ លេងជាមួយក្រុមគីរីវង់សុខសែនជ័យ នៅឆ្នាំ២០១៣ លេងជាមួយក្រុមបៀប្រាយយូណាយធីត នៅឆ្នាំ២០១៤ លេងជាមួយក្រុមត្រាយអាស៊ី (អង្គរថាយហ្គឺរ បច្ចុប្បន្ន) នៅឆ្នាំ២០១៥ លេងជាមួយក្រុមអាស៊ីអឺរ៉ុប និងក្លិបមជ្ឍមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅឆ្នាំ២០១៦ លេងជាមួយក្រុមបឹងកេត នៅឆ្នាំ២០១៧ ចូលរួមក្រុមវេស្ទើនភ្នំពេញ និងឆ្នាំ២០១៨ លេងជាមួយក្រុមសូលទីឡូអង្គរ។
កាលពីរដូវកាលឆ្នាំ២០១៨ ថ្មីៗនេះក្នុងពានរង្វាន់លីគកំពូលកម្ពុជា ក្រុមភ្នំពេញក្រោន រក្សាចំណាត់ថ្នាក់លេខ៥ ក្នុងចំណោមសមាជិកទាំង១២ ក្រោយប្រកួតបាន២២លើក ឈ្នះបាន១១លើក ស្មើគ្នា៣លើកនិងចាញ់៨លើកមាន៣៦ពិន្ទុ ពោលគឺចាញ់ក្រុមកំពូលតារាងណាហ្គាវើល រហូតដល់២០ពិន្ទុ។ ភ្នំពេញក្រោនទាត់បញ្ចូលទីគូប្រកួតបាន៤១គ្រាប់ ហើយគេទាត់ចូលវិញចំនួន៣៣គ្រាប់។ ចំណែកនៅក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup)វិញក្រុមក្រុមភ្នំពេញក្រោន បានធ្លាក់ចេញត្រឹមវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុមអង្គរថាយហ្គឺរ ដែលមកពីខេត្តសៀមរាប ដោយបាល់ប៉េណាំងទីកាត់សេចក្តី៤ទល់៣ ក្រោយប្រកួតស្មើគ្នាទាំង២ជើង៤ទល់៤៕