កីឡាករ​បាល់ទាត់​ជា​ជនភៀសខ្លួន ​បាន​វិល​ត្រឡប់​មកកាន់​ប្រទេស​អូស្ត្រាលី​វិញ​

ចែករំលែកដោយ R-S-E
កីឡាករ​បាល់ទាត់​ជា​ជនភៀសខ្លួន ​បាន​វិល​ត្រឡប់​មកកាន់​ប្រទេស​អូស្ត្រាលី​វិញ​

កីឡាករ​បាល់ទាត់​ឈ្មោះ Hakeem al-Araibi បាន​វិល​ត្រឡប់​មកកាន់​ទឹកដី​អូស្ត្រាលី​វិញ​នៅ​ថ្ងៃ​អង្គារ​ដោយ​បាន​បញ្ចប់​ការ​ប្រឈម​មុខ​រយៈពេល​ពីរ​ខែ ​ដែល​បាន​ធ្វើ​ឲ្យ​គាត់​ត្រូវ​ជាប់ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​ថៃ ​ហើយ​បាន​គំរាម​បញ្ជូន​គាត់​ទាំង​បង្ខំ​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​បា​រ៉ែ​ន​ដែល​ជា​ប្រទេស​កំណើត​របស់​គាត់​វិញ។

ក្រុម​អ្នកគាំទ្រ​ជាច្រើន​ដែល​ពាក់​អាវយឺត #SAVEHAKEEM បាន​ស្រែក​អបអរ​និង​ច្រៀង​បទ​ចម្រៀង​បាល់ទាត់ "You’ll Never Walk Alone" នៅពេលដែល​ពួកគេ​បាន​ស្វាគមន៍​ខ្សែការពារ​អាយុ​២៥​ឆ្នាំ​រូបនេះ​នៅឯ​អាកាសយានដ្ឋាន​ទីក្រុង​មែ​ល​ប៊​ន​បន្ទាប់ពី​ការហោះហើរ​ពេលយប់​លើ​ជើងហោះហើរ​របស់​ក្រុមហ៊ុន Thai Airways ។​


លោក Araibi បាន​និយាយថា "​ខ្ញុំ​ចង់​អរគុណ​ដល់​ប្រទេស​អូស្ត្រាលី​។ នេះ​គឺជា​ប្រទេស​របស់ខ្ញុំ​"​។ លោក​បាន​បន្តថា "​ខ្ញុំ​មិនទាន់មាន​សញ្ជាតិ​នៅឡើយ​ទេ​ប៉ុន្តែ​ប្រទេស​របស់ខ្ញុំ​គឺ​អូស្ត្រាលី​។ ខ្ញុំ​នឹង​ស្លាប់​នៅក្នុង​ប្រទេស​អូស្ត្រាលី​ហើយ​ខ្ញុំ​ស្រឡាញ់​អូស្ត្រាលី​"​។​

លោក Araibi ត្រូវបាន​ឃុំខ្លួន​កាលពី​ថ្ងៃទី​២៧​ខែវិច្ឆិកា​ខណៈពេល​ស្ថិតក្នុង​ដំណើរ​ក្រេប​ទឹកឃ្មុំ​តាម​សំណើ​របស់​អាជ្ញាធរ​បា​រ៉ែ​ន​ដែល​បាន​ចោទប្រកាន់​គាត់​អំពី​បទល្មើស​ដែល​ទាក់ទង​ទៅនឹង​ការបះបោរ Arab Spring ឆ្នាំ​២០១១​។​

ការ​ឃុំឃាំង​របស់គាត់​បាន​បង្ក​ឲ្យ​មានការ​ថ្កោលទោស​នៅ​ទូទាំង​ពិភពលោក​និង​ជម្លោះ​ការទូត​មួយ​រវាង​ប្រទេស​បា​រ៉ែ​ន ប្រទេស​ថៃ​និង​ប្រទេស​អូស្ត្រាលី​ដែល​បាន​ចោទសួរ​អំពី​អព្យាក្រឹតភាព​របស់​ប៉ូលិស Interpol និង​ដីកា​ការពារ​ជនភៀសខ្លួន​របស់​ទីក្រុង​កង់​បេ​រ៉ា​។​

លោក Araibi បាន​សម្តែង​ការភ័យខ្លាច​ថា គាត់​នឹង​ត្រូវបាន​គេ​ធ្វើ​ទារុណកម្ម​និង​សម្លាប់​ប្រសិនបើ​គាត់​វិល​ត្រលប់​ទៅកាន់​ប្រទេស​បា​រ៉ែ​ន​វិញ​ហើយ​ក្រុម​អ្នកគាំទ្រ​បាន​ចោទប្រកាន់ថា ការកាត់ទោស​របស់គាត់​គឺជា​ការជំរុញ​ផ្នែក​នយោបាយ​។​

លោកនាយក​រដ្ឋមន្ដ្រី Scott Morrison បាន​អបអរសាទរ​ចំពោះ​ការដោះលែង​របស់លោក Araibi ដោយ​និយាយថា ការ​អធិស្ឋាន​របស់​ប្រជាជន​អូស្ត្រាលី​ជាច្រើន​ត្រូវបាន​ឆ្លើយតប​៕ AFP

ចំនួនអ្នកមើល: 2