GMAC អំពាវនាវដល់អឺរ៉ុប វាយតម្លៃឲ្យបានហ្មត់ចត់ ពីដំណើរការនីតិវិធីព្យួរ EBA តើពិតជាការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ឬអត់?

ចែករំលែកដោយ R-S-E
GMAC អំពាវនាវដល់អឺរ៉ុប វាយតម្លៃឲ្យបានហ្មត់ចត់ ពីដំណើរការនីតិវិធីព្យួរ EBA តើពិតជាការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ឬអត់?

(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវឲ្យគណៈកម្មការអឺរ៉ុប និងរដ្ឋសមាជិកសហភាពអឺរ៉ុប វាយតម្លៃឲ្យបានហ្មត់ចត់ ចំពោះការដាក់ឲ្យដំណើរការនីតិវិធី ដែលអាចឈានដល់ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ចរបស់កម្មកររាប់ម៉ឺននាក់ របស់កម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែល Fresh News ទទួលនៅថ្ងៃទី១២ ខែកុម្ភៈនេះ។

GMAC ក៏បានស្នើឲ្យគណៈកម្មការអឺរ៉ុប និងរដ្ឋសមាជិកសហភាពអឺរ៉ុប វាយតម្លៃឲ្យបានហ្មត់ចត់ថា តើនីតិវិធីបែបដែលអាចនឹងនាំឲ្យមានការព្យួរការអនុគ្រោះពន្ធ ក្រោមកម្មវិធីអនុគ្រោះពន្ធលើ គ្រប់មុខទំនិញ លើកលែងតែគ្រឿងសព្វាវុធ (EBA) នឹងមានលក្ខណៈសមាមាត្រ ហើយពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាឬអត់?។

GMAC បានឲ្យដឹងថា សហគ្រាសកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ធ្វើដំណើរ (travel goods) ដែលជាចំណែកដ៏ធំបំផុតនៃការនាំចេញរបស់កម្ពុជា ទៅអឺរ៉ុបដែលមានទឹក ប្រាក់៣,៧៦ពាន់លានអឺរ៉ូ ក្នុងចំណោមការនាំចូលទំនិញសរុបចំនួន៥ពាន់លានអឺរ៉ូរបស់សហភាពអឺរ៉ុប ក្នុងឆ្នាំ២០១៧។ ប្រទេសកម្ពុជាទទួលបានការអនុគ្រោះពន្ធ EBA ដោយពន្ធដោយអត្រា សូន្យភាគរយ លើទំនិញនាំចេញទៅសហភាពអឺរ៉ុបចាប់តាំងពីឆ្នាំ២០០១ ហើយចាប់តាំងពីពេលនោះ មកអាចបង្កើនការនាំចេញទ្វេរដង ទៅសហភាពអឺរ៉ុប កសាងឲ្យមានវិស័យសេដ្ឋកិច្ចរឹងមាំ និងរស់រវើក ដែលឥឡូវនេះផ្តល់ការងារដល់កម្មករចំនួន៧០០.០០០នាក់ ដែលភាគច្រើនបំផុតនៃពួកគេមកពីតំបន់ជនបទ ហើយ៨០ភាគរយជាស្ត្រី។

GMAC បានលើកឡើងទៀតថា <<ឥឡូវនេះ យើងមានមោទនភាពដែលបានក្លាយជាអ្នកផ្គត់ផ្គង់សម្លៀកបំពាក់ធំបំផុតទី៦ របស់សហភាពអឺរ៉ុប បន្ទាប់ពីប្រទេសចិន ទួរគី បង់ក្លាដែស ឥណ្ឌា និងប៉ាគីស្ថាន។ ការផ្តល់ EBA បានកាត់បន្ថយភាពក្រីក្រ និងកសាងវប្បធម៌អនុលោមភាព និងការយកចិត្តទុកដាក់អនុវត្តត្រឹមត្រូវនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។ ដៃគូពាណិជ្ជកម្មរយៈពេលវែងជាមួយ សហភាពអឺរ៉ុប ត្រូវបានកសាងលើគំនិតរួមគ្នាដែលថា ពាណិជ្ជកម្មនឹងជួយអភិវឌ្ឍសង្គម និងសហគមន៍របស់យើង>>។

GMAC ឲ្យដឹងទៀតថា ដោយដឹងថា EBA ត្រូវបានផ្តល់ឲ្យក្រោមលក្ខខណ្ឌគោរពស្ដង់ដារអន្តរជាតិ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០០១បានធ្វើការងាររួមគ្នាជាមួយអង្គការអន្តរ ជាតិខាងការងារ (ILO) សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) ដោយភ្ជាប់ជាមួយភាគីកម្មករ សមាជិករបស់ GMAC និងរដ្ឋាភិបាលដើម្បីវាយតម្លៃ និងកែលម្អស្ដង់ដារការងារ និងលក្ខខណ្ឌការងារនៅតាមរោងចក្រនាំចេញសម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា។

ជាលទ្ធផល របាយការណ៍ទិន្នន័យតម្លាភាព របស់គម្រោងរោងចក្រកាន់តែប្រសើរ នៅកម្ពុជាឆ្នាំ២០១៨ បានវាយតម្លៃអនុលោមភាព របស់រោងចក្រទាំងនោះ ជាមួយនឹងបញ្ហាសំខាន់ចំនួន២១ ដែលត្រូវបានកំណត់អត្តសញ្ញាណ ដើម្បីឆ្លុះបញ្ចាំងអំពីសិទ្ធិសំខាន់ៗរបស់កម្មករគ្រប់រូប។ របាយការណ៍នេះបានរកឃើញថា ៩១ភាគរយនៃរោងចក្រ ដែលត្រូវបានវាយតម្លៃ គឺមានអនុលោមភាពទៅតាម១៨ចំណុច ក្នុងចំណោម២១ចំណុចសំខាន់ៗ ខណៈភាគរយនៃរោងចក្រដែលមានអនុលោមភាពកម្រិតទាប បានធ្លាក់ចុះដល់២ភាគរយក្នុងឆ្នាំ២០១៨នៅក្នុង របាយការណ៍ឆ្នាំ២០១៨ថ្មីៗបំផុតរបស់ BFC ។

លោក ខេន លូ អគ្គលេខាធិការ GMAC បានថ្លែងក្នុងសេចក្តីថ្លែងការថា <<ការចូលរួមរបស់ GMAC នៅក្នុងកម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) បានរួមចំណែកដល់ការ អភិវឌ្ឍវប្បធម៌តម្លាភាព និងអនុលោមភាពទៅតាមស្តង់ដារពលកម្ម និងការងារអន្តរជាតិ។ GMAC នឹងបន្តធ្វើការងារជិតស្និទ្ធជាមួយសមាជិករបស់ខ្លួន ដើម្បីកែលម្អឲ្យកាន់តែប្រសើរឡើង ចំពោះទំនាក់ទំនងវិជ្ជាជីវៈតាមរយៈការគាំទ្រធ្វើឲ្យការចុះបញ្ជីការបស់សហជីព មានលក្ខណៈសាមញ្ញជាងមុន និងមានតម្លាភាពជាងមុន នៅតាមគ្រប់រោងចក្រទាំងអស់។ ហេតុដូច្នេះ ផ្អែកលើលទ្ធផលរបស់វិស័យយើង GMAC ជឿថាការព្យួរ EBA គឺមិនស័ក្តិសម និងមិនមានហេតុផលគ្រប់គ្រាន់>>។

សេចក្តីថ្លែងការណ៍របស់ GMAC បានលើកឡើងថា ការព្យួរ EBA នឹងបង្កើនពន្ធចំនួន១២ភាគរយ នៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងចំនួន៨ដល់១៧ភាគរយសម្រាប់ផលិតស្បែកជើង។ សមត្ថភាពប្រកួតប្រជែងរបស់យើង នឹងស្ថិតនៅក្នុងហានិភ័យដោយមិនសមហេតុផល កេរ្តិ៍ឈ្មោះឧស្សាហកម្មរបស់យើងនឹងទទួលរងប៉ះពាល់ ហើយការអភិវឌ្ឍរបស់កម្ពុជានឹងត្រូវផ្អាក។ កិច្ចខិតខំប្រឹងប្រែងទាំងអស់នៅក្នុងការកសាងចង្វាក់ផ្គត់ផ្គង់សម្លៀកបំពាក់ ដែលមានលក្ខណៈទទួលខុសត្រូវនឹងអន្តរាយ ហើយវានឹងប៉ះពាល់យ៉ាងខ្លាំងសម្រាប់កម្មករ ជាពិសេសអ្នកដែលមកពីតាមជនបទ។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ស្នើសុំគណៈកម្មការអឺរ៉ុប រដ្ឋសមាជិក និងសភាអឺរ៉ុបវាយតម្លៃដោយយកចិត្តទុក ចំពោះផលប៉ះពាល់សង្គម និងសេដ្ឋកិច្ចលើកម្មករកម្ពុជាដែលកើតចេញពីការព្យួរ EBA។ GMAC ក៏ជំរុញឲ្យសហភាពអឺរ៉ុប បន្តចូលរួមជាមួយអាជ្ញាធរកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយ នយោបាយដែលមានលក្ខណៈទទួលខុស ត្រូវសម្រាប់ភាគីទាំងអស់ក្នុងអំឡុងពេលនេះ។ GMACទន្ទឹងរង់ចាំចូលរួមបន្ថែមទៀត ជាមួយអ្នកធ្វើសេចក្តីសម្រេចរបស់សហភាពអឺរ៉ុបលើបញ្ហានេះ និងដើម្បីបង្ហាញអំពីអនុលោមភាព ទៅតាមស្តង់ដារអន្តរជាតិរបស់វិស័យនេះ៕



ចំនួនអ្នកមើល: 3