ក្រសួងសាធារណការ ចេញសេចក្តីណែនាំ ជំរុញឱ្យផ្សព្វផ្សាយ​លើកកម្ពស់ សុវត្ថិភាពចរាចរណ៍​​

ចែករំលែកដោយ R-S-E
ក្រសួងសាធារណការ ចេញសេចក្តីណែនាំ ជំរុញឱ្យផ្សព្វផ្សាយ​លើកកម្ពស់ សុវត្ថិភាពចរាចរណ៍​​

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេក្ដីណែនាំមួយ ជំរុញ​ឲ្យមានការ​អប់រំ ផ្សព្វផ្សាយ លើកកម្ពស់សុវត្ថិភាពចរាចរណ៍ដល់មន្ត្រីរាជការ និយោជិត អគ្គនាយកដ្ឋាន សហគ្រាសសាធារណៈ មន្ទីរ អង្គភាពនានា ក្រោមចំណុះក្រសួងនេះ។ នេះបើតាមសេចក្ដីណែនាំ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

ការចេញសេចក្ដីណែនាំរបស់ក្រសួងសាធារណការ គឺដោយ​ផ្អែកលើស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ ដែលនៅតែបន្តកើតឡើង បណ្តាល​ឲ្យមានអ្នកស្លាប់ និងរបួស ពិការ ខូចខាតទ្រព្យសម្បត្តិរ​ដ្ឋ និងឯកជន ជារៀងរាល់ថ្ងៃគួរឲ្យព្រួយបារម្ភ។

ក្រសួងសូមធ្វើការណែនាំដល់គ្រប់ អគ្គនាយកដ្ឋាន សហគ្រាសសាធារណៈ មន្ទីរ អង្គភាព ដូចខាងក្រោម​៖

* រៀបចំកម្មវិធីដាច់ដោយឡែក ដើម្បីអប់រំ ផ្សព្វផ្សាយ អំពីខ្លឹមសារច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបទដ្ឋានពាក់ព័ន្ធយ៉ាងតិច មួយត្រីមាសម្តង ដើម្បីលើកកម្ពស់ការប្រុងប្រយ័ត្ន ធានាសុវត្ថិភាពក្នុងការធ្វើចរាចរណ៍។

* ត្រូវធ្វើរបាយការណ៍ អំពីសកម្មភាពអប់រំ ផ្សព្វផ្សាយ ឬបញ្ចូលក្នុងរបាយការណ៍ការងារប្រចាំខែ របស់អង្គភាព​ឲ្យបានទៀងទាត់ ផ្ញើ​មកគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមរយៈអគ្គលេខាធិការដ្ឋាន​នៃគ.ស.ច.គ ដែលមានទីតាំងនៅក្រសួងសាធារណការ និងដឹកជញ្ជូន។

* ត្រួតពិនិត្យ និងជំរុញការអនុវត្តបទបញ្ជាផ្ទៃក្នុង សម្រាប់មន្ត្រីរាជការ និយោជិត អគ្គនាយកដ្ឋាន សហគ្រាស​​សាធារណៈ មន្ទីរ អង្គភាព ក្រោមឱវាទក្រសួងឲ្យបានម៉ឺងម៉ាត់។

* បង្កើតកម្មវិធីប្រឡងប្រណាំងលើកទឹកចិត្ត ចំពោះមន្ត្រីរាជការ និយោជិត ដែលអនុវត្តបានល្អតាមបទ​បញ្ជាផ្ទៃក្នុង៕

ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងសាធារណការ៖


ចំនួនអ្នកមើល: 1