ហុងហ្គារី​មានមោទនភាព​ក្នុងនាមជា​សមាជិក NATO តែមាន​ទំនាក់ទំនង​ល្អជាមួយ​រុស្ស៊ី និងចិន ប៉ុន្តែអាមេរិកព្រមានលើ​រឿងនេះ...

ចែករំលែកដោយ R-S-E
ហុងហ្គារី​មានមោទនភាព​ក្នុងនាមជា​សមាជិក NATO តែមាន​ទំនាក់ទំនង​ល្អជាមួយ​រុស្ស៊ី និងចិន ប៉ុន្តែអាមេរិកព្រមានលើ​រឿងនេះ...

(ប៊ីដាពែស)៖ រដ្ឋមន្ត្រីការបរទេស​ហុងហ្គារីលោក ភីធើ សាហ្ស៊ីចចារតូ (Peter Szijjarto) បានលើកឡើងថា ក្នុងនាមជាសមាជិកដ៏រឹងមាំ និងស្មោះស្ម័គ្រមួយ​របស់អង្គការ NATO ប្រទេស​ហុងហ្គារី នៅអាចបង្កើតទំនាក់ទំនងល្អជាមួយប្រទេស​ចិន និងរុស្ស៊ីថែមទៀត ប៉ុន្តែការលើក​ឡើងបែបនេះ បានទទួលការ​ព្រមានពីរដ្ឋមន្ត្រីការបរទេស​អាមេរិក។ នេះបើតាម​​ការចេញផ្សាយដោយ ស៊ីនហួរ នារសៀល​ថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេស​ហុងហ្គារី ធ្វើឡើង​នៅក្នុង​ឱកាសទទួលស្វាគមន៍​ដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រីការទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ នៅក្នុង​រដ្ឋធានី​ប៊ូដាពែស (Budapest)។ លោក សាហ្ស៊ីចចារតូ បានអះអាងទៀតថា ប្រទេស​ហុងហ្គារី​ធ្វើការនាំចេញទំនិញទៅ​ប្រទេសចិន ស្ថិតនៅក្នុងរង្វង់ ១.២ភាគរយ​ប៉ុណ្ណោះ​នៅក្នុងចំណោមសមាជិកទាំងអស់​របស់សហភាពអឺរ៉ុប ខណៈតួអង្គសំខាន់ៗពីរគឺ អាល្លឺម៉ង់ និងអង់គ្លេស គឺជាប្រទេសអឺរ៉ុបដែលរកស៊ីជាមួយចិនធំជាងគេ។

ដោយឡែក​ចំពោះ​បញ្ហារុស្ស៊ីវិញ ប្រមុខការទូត​ហុងហ្គារីរូបនេះ បានអំពាវនាវ​ឲ្យក្រុម​អ្នក​រិះគន់​បញ្ឃប់​ការស៊កសៀតពីក្រោយខ្នងទៀតទៅ ព្រោះពេលនេះ​​ការពិត​បានបង្ហាញយ៉ាង​ច្បាស់ហើយថា ក្រុមហ៊ុនអាល្លឺម៉ង់​ទៅវិញទេ គឺជាអ្នកទទួលសាងសង់បំពង់បញ្ជូនឧស្ម័ន្ទ North-Stream ជាមួយនឹង​ប្រទេសរុស្ស៊ី មិនមែនហុងហ្គារី​នោះឡើយ។

ទោះបី​ជាបែបនេះក្តី រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ប៉ុមប៉េអូ បាន​ក្រើនរំលឹក និងព្រមាន​ហុងហ្គារីផងដែរអំពីភាព​​ផ្តាច់ការរបស់រុស្ស៊ី ដែលមិនធ្លាប់ចាត់​ទុកប្រទេសតូចៗ​នៅអឺរ៉ុបភាគ​កណ្តាល​​ជាមិត្តនោះឡើយ នៅអំឡុងពេល ៣០០ឆ្នាំចុងក្រោយនេះ ដូច្នេះ​ហើយ​ហុងហ្គារីត្រូវ​មានការត្រៀមទុក ​សម្រាប់ការ​ប្រកួតប្រជែងទៅ​ថ្ងៃមុខ។ លោក ម៉ៃក៍ ប៉ុមប៉េអូ បាន​ចាប់ផ្តើមបំពេញ​ទស្សនកិច្ចនៅបណ្តាតំបន់​អឺរ៉ុបកណ្តាល មានដូចជាប្រទេស ហុងហ្គារី ស្លូវ៉ាក និង​ឈានទៅ​កាន់ប៉ូឡូញផងដែរ៕





ចំនួនអ្នកមើល: 3