សិស្ស​ប៊ែ​ល​ធី ១០​រូប ចូលរួម​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី

ចែករំលែកដោយ R-S-E
សិស្ស​ប៊ែ​ល​ធី ១០​រូប ចូលរួម​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី

ភ្នំពេញ ​៖ កាលពី​ល្ងាច​ថ្ងៃទី​១១ ខែ កុម្ភៈ ឆ្នាំ​២០១៩ ការិយាល័យ ប៊ែ​ល​ធី ទំនាក់ទំនង​អន្តរជាតិ បាន​ដឹកនាំ​សិស្ស ថ្នាក់​ទី​១១​មកពី​សាលា​ប៊ែ​ល​ធី​អន្តរជាតិ ចំនួន​១០​រូប ចូលរួម​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី រយៈពេល​១២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១១ ដល់ ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩។

ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ ត្រូវបាន​រៀបចំឡើង​ក្រោម​កិច្ចសហប្រតិបត្តិកា​រ​យ៉ាង​ជិតស្និទ្ធ​រវាង​សាកលវិទ្យាល័យ​ប៊ែ​ល​ធី​អន្តរជាតិ និង Sydney City College of Management នៃ​ប្រទេស​អូស្ត្រាលី ដែល​បាន​ចុះ​អនុស្សរណៈ យោគយល់​គ្នា​កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ ក្នុង​សន្និសីទ​កិច្ចសហប្រតិបត្តិការ​ប៊ែ​ល​ធី​ឆ្នាំ​២០១៨ ។

តាមរយៈ​កម្មវិធី​នេះ សិស្សានុសិស្ស​នឹងត្រូវ​ចូលរួម​សិក្សា​វគ្គ​ខ្លី​ស្តីអំពី​ការ​តម្រង់​ទិស​លើ​មុខវិជ្ជា គណនេយ្យ ពាណិជ្ជកម្ម​រដ្ឋបាល ព័ត៌មាន​វិទ្យា និង​គ្រប់គ្រង​បដិសណ្ឋារកិច្ច ជាមួយ​សិស្ស​-​និស្សិត​អន្តរជាតិ​ដែល​កំពុង​សិក្សា​នៅ​ទីនោះ និង​ការ​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ទីក្រុង​ស៊ីដនី។​ជាមួយគ្នា​នេះ​ដែរ កញ្ញា លី សុខុម អនុប្រធាន​ការិយាល័យ ប៊ែ​ល​ធី ទំនាក់ទំនង​អន្តរជាតិ និង​ជា​ប្រធាន​ដឹកនាំ​សិស្សានុសិស្ស​ទាំង​១០​រូប បាន​លើកឡើងថា​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​គុណ​ភាព​អប់រំ និង​កម្មវិធីសិក្សា​រប​ស់​សាលា ប៊ែ​ល​ធី អន្តរជាតិ ព្រោះនេះ​គឺជា​ឱកាស​ដ៏​ល្អប្រសើរ សម្រាប់​សិស្សានុសិស្ស​ក្នុងការ​ទទួលបាន​នូវ​ការផ្លាស់ប្តូរ​បទពិសោធន៍​នៃ​ការសិក្សា​នៅក្រៅ​ប្រទេស ពិសេស​គឺ​ការស្វែងយល់​បន្ថែម​អំពី ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ អរិយធម៌ និង​ការអភិវឌ្ឍ​របស់​ប្រទេស​អូស្ត្រាលី ដែលមាន​ប្រព័ន្ធ​អប់រំ​ទំនើប ជឿន លឿន និង​មានការ​ទទួលស្គាល់​ទូទាំង​សកលលោក។

រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ ការិយាល័យ ប៊ែ​ល​ធី ទំនាក់ទំនង​អន្តរជាតិ បានរៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅកាន់​គ្រឹះស្ថាន​អប់​រំជា​ដៃគូ របស់ខ្លួន​ឯ​ក្រៅប្រទេស​ជាច្រើន រួមមាន សហរដ្ឋអាមេរិក សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រទេស​កូរ៉េខាងត្បូង ប្រទេស​ម៉ាឡេស៊ី ព្រះរាជាណាចក្រ​ថៃ សរុប​ចំនួន ៥៤១​រូប រួចមកហើយ។ កញ្ញា​ក៏បាន​លើកឡើង​បន្ថែមទៀតថា ការិយាល័យ ប៊ែ​ល​ធី ទំនាក់ទំនង​អន្តរជាតិ នឹង​បន្ត​ខិតខំ​ប្រឹងប្រែង បង្កើន​កិច្ចសហប្រតិបត្តិការ​ជា​ដៃគូ​ជាមួយ​គ្រឹះស្ថាន​អប់រំ​ល្បីៗ​នៅ​ប្រទេស​អូស្ត្រាលី​បន្ថែមទៀត ដើម្បី​ជា​ឱកាស​សម្រាប់​សិស្ស​-​និស្សិត​កម្ពុជា​គ្រប់រូប ទៅ​បន្ត​ការសិក្សា​នៅ​ទីនោះ ដែលជា​ផ្នែក​មួយ​នៃ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅ​កម្ពុជា ។​

ទន្ទឹមនឹងនេះ​ផងដែរ ប្អូនប្រុស ប្រាក់ រ៉េ​ន​ណាវ​ណ្ណ មកពី​សាលា ប៊ែ​ល​ធី អន្តរជាតិ​ទី​៥ (​សាខា​ច្បារអំពៅ​) បាន​សម្តែង​នូវ​សេចក្ដីសោមនស្ស​រីករាយ​យ៉ាងខ្លាំង ដែល​បាន​ចូលរួម​ដំណើរ​ទស្សនកិច្ច​សិក្សា​មួយ​នេះ ។ ប្អូនប្រុស​ក៏ដូចជា​សិស្សានុសិស្ស​ទាំង​៩​រូប​ទៀត​បាន​រំពឹងថា តាមរយៈ​កម្មវិធី​នេះ​ពួកគេ​នឹង​ទទួលបាន​នូវ​ចំណេះដឹង​ថ្មីៗ គំនិត​ច្នៃប្រឌិត បទពិសោធន៍​នៃ​ជីវិត​សិក្សា​នៅក្រៅ​ប្រទេស និង​ការរស់នៅ​ដោយ​ពឹងពាក់​លើ​ខ្លួនឯង​ពេល​នៅ​ឆ្ងាយ​ពី​គ្រួសារ ពិសេស​គឺ​ការបង្កើន​ចំណងមិត្តភាព ភាតរភាព និង​ចេះ​សម្រប​ខ្លួន​ក្នុង​ការងារ​ជា​ក្រុម និង​ការរស់នៅ​ជា​សមូហភាព​។ ប្អូនប្រុស​បាន​សម្តែង​នូវ​ការដឹងគុណ​ចំពោះ​ក្រុមគ្រួសារ​ដែល​តែងតែ​ជំរុញ និង​លើកទឹកចិត្ត​ដល់​រូប​ប្អូន​ឲ្យ​ខិតខំ​យកចិត្តទុកដាក់​សិក្សា​រៀនសូត្រ​រហូតមក​។

ម្យ៉ាងទៀត ប្អូន​ក៏បាន​ថ្លែងអំណរគុណ​ដល់​សាលា ប៊ែ​ល​ធី អន្តរជាតិ ដែល​បាន​បង្កើត​ឲ្យ​មាន​កម្មវិធី​ដ៏​មានតម្លៃ​មួយ​នេះ ហើយ​វា​ជា​ចំណែក​មួយ​យ៉ាងសំខាន់​នៃ​ការចូលរួម​របស់​សិស្សានុសិស្ស​កម្ពុជា លើ ឆាក​អន្តរជាតិ​ផងដែរ​។

សូមបញ្ជាក់ថា សាលា ប៊ែ​ល​ធី អន្តរជាតិ ទទួល​ចុះឈ្មោះ​ចាប់ពី​ថ្ងៃនេះ​តទៅ នៅ​គ្រប់​ទីតាំង​ប៊ែ​ល​ធី ទាំង ១៩​សាខា ថ្នាក់​ចំណេះ​ទូទៅ ឆមាស ទី​២ និង ថ្នាក់​ភាសា​អង់គ្លេស វគ្គ​ថ្មី​ចូលរៀន​ថ្ងៃទី ០៤ មីនា ២០១៩ បង់ថ្លៃ​សិក្សា ១​វគ្គ ផ្តល់ជូន សៀវភៅ គូ​ល័​រ​ច្បាប់ដើម ១​ឈុត ផងដែរ៕









ចំនួនអ្នកមើល: 17