ការ​ជំនុំជម្រះ​ក្តី​របស់​ក្រុម​បំបែក​ខ្លួន​កាតា​ឡាន​ គ្រោង​នឹង​ចាប់ផ្ដើម​នៅ​ក្នុង​ទីក្រុង ម៉ា​ឌ្រីដ

ចែករំលែកដោយ R-S-E
ការ​ជំនុំជម្រះ​ក្តី​របស់​ក្រុម​បំបែក​ខ្លួន​កាតា​ឡាន​ គ្រោង​នឹង​ចាប់ផ្ដើម​នៅ​ក្នុង​ទីក្រុង ម៉ា​ឌ្រីដ

ការជំនុំជម្រះ​ក្តី​ជា​ប្រវត្តិសាស្ត្រ​លើ​មេដឹកនាំ​បំបែក​ខ្លួន​កាតា​ឡាន​ចំនួន​១២​នាក់​ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុងការ​ប៉ុនប៉ង​ផ្តាច់ខ្លួន​ចេញពី​ប្រទេស​អេ​ស្ប៉ា​ញ​ដែល​បានធ្វើ​ឲ្យ​ប្រទេស​នេះ​ធ្លាក់​ចូលក្នុង​វិបត្ដិ​គឺ​បានចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ​ ខណៈ​ភាព​តានតឹង​ជុំវិញ​អនាគត​នៃ​ទឹកដី​ដែល​មាន​ទ្រព្យសម្បត្តិ​មួយ​នេះ​បាន​កើនឡើង​ជាថ្មី​ម្តងទៀត​។​

កិច្ចដំណើរការ​នីតិវិធី​នៅ​តុលាការ​ជាន់ខ្ពស់​អេ​ស្ប៉ា​ញ​ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ​នឹងត្រូវ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​។ អ្នកសារព័ត៌មាន​ជាង​៦០០​នាក់​មកពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​និង​បរទេស​ចំនួន​១៥០​អង្គភាព​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​យក​ព័ត៌មាន​។​


ប្រធាន​តុលាការ​កំពូល​លោក Carlos Lesmes បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការកាត់ទោស​នេះ​គឺ​សំខាន់បំផុត​ចាប់តាំងពី​ប្រទេស​អេ​ស្ប៉ា​ញ​បាន​វិល​ត្រលប់​មកកាន់​លទ្ធិប្រជាធិបតេយ្យ​វិញ​បន្ទាប់ពី​ការស្លាប់​របស់​មេដឹកនាំ​ផ្តាច់កា​រលោក Francisco Franco ក្នុង​ឆ្នាំ​១៩៧៥​។​

វា​ត្រូវបាន​គេ​រំពឹងថា​នឹង​ចំណាយពេល​បី​ខែ​ហើយ​សាលក្រម​នឹងត្រូវ​ប្រកាស​នៅ​ប៉ុន្មាន​ខែក្រោយ​។​​ក្រុម​បំបែក​ខ្លួន​កាតា​ឡាន​បាន​ច្រានចោល​ការជំនុំជម្រះ​ក្តី​នេះ​ថា​ជា​រឿង​កំប្លែង​មួយ​ដែលមាន​លក្ខណៈ​នយោបាយ​។ ពួកគេ​បាន​អំពាវនាវ​ឲ្យ​ក្រុមអ្នកតវ៉ា​ធ្វើបាតុកម្ម​តាម​ដងផ្លូវ​នៃ​ទីក្រុង​បា​សេ​ឡូ​ណា​។​

ប៉ុន្តែ​សម្រាប់​ជនជាតិ​អេ​ស្ប៉ា​ញ​ជាច្រើន​ដែល​បាន​មើលឃើញ​ភាពមិន​ជឿទុកចិត្ត​នៅពេលដែល​នាយក​ប្រតិបត្តិ​របស់​តំបន់​នេះ​បាន​ព្យាយាម​បំបែក​ចេញពី​ប្រទេស​នៅក្នុង​ខែតុលា​ឆ្នាំ​២០១៧​នោះ ការកាត់ទោស​នេះ​គឺ​មិនអាច​ខ្វះ​បានទេ​។​

ទោះបីជា​យ៉ាងណាក៏ដោយ អតីត​ប្រធានាធិបតី​កាតា​ឡាន​លោក Carles Puigdemont ដែល​បាន​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​ប៊ែ​ល​ហ្សិ​ក​បន្ទាប់ពី​ការប្រកាស​ឯករាជ្យ​នៅ​ថ្ងៃទី​២៧​ខែតុលា​គឺ​មិន​ស្ថិត​ក្នុងចំណោម​ចុងចោទ​ទាំង​១២​នាក់​នេះ​ទេ​។​

គួរ​បញ្ជាក់ថា តួឯក​ចម្បង​នៃ​ការកាត់ទោស​នេះ​គឺ​អតីត​អនុ​ប្រធានាធិបតី​ប្រចាំ​តំបន់​លោក Oriol Junqueras ដែល​បាន​សម្រេចចិត្ត​បន្ត​រស់នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​។ គាត់​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​រហូត​ដល់​២៥​ឆ្នាំ​។​

នៅក្រោម​ច្បាប់​របស់​ប្រទេស​អេ​ស្ប៉ា​ញ ការបះបោរ​ត្រូវបាន​គេ​កំណត់ថា​ជា "​ការ​ក្រោក​ឡើង​ក្នុង​លក្ខណៈ​ហិង្សា​និង​សាធារណៈ​"៕ AFP

ចំនួនអ្នកមើល: 3