សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពត​ បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៨​ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ ឆ្នាំ​២០១៩

ចែករំលែកដោយ R-S-E
សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពត​ បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៨​ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ ឆ្នាំ​២០១៩

កំពត ៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត ​បាន​បើក​កិច្ច​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​អនុវត្ត​បន្ត ​ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព លោក ជាវ តា​យ ប្រធាន​កិត្តិយស​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពត​។


ក្នុង​កិច្ចប្រជុំ​នេះ​ មាន​រយៈ​មួយ​ព្រឹក​ ដោយមាន​សមាសភាព​ចូលរួម ពី​ប្រធាន​គណៈកម្មាធិការ​សាខា សមាជិក សមាជិកា គណៈកម្មាធិការ​សាខា ប្រធាន​កិត្តិយស ​និង​ប្រធាន​គណៈកម្មាធិការ​អនុ​សាខា​ក្រុង/ស្រុក​ទាំង​៨​ និង​ក្រុម​ប្រតិបត្តិ​សាខា​សរុប​៤២​នាក់​ ដោយបាន​ផ្ដោត​លើ​របៀបវារៈ​សំខាន់ៗ​ ៖១-​ការពិភាក្សា​ និង​អនុម័ត លើ​របាយការណ៍​ ឆ្នាំ​២០១៨ និង​ទិសដៅ ​ឆ្នាំ​២០១៩​។​២-​ពិភាក្សា​រៀបចំ​សន្និបាត​របស់​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពត អាណត្តិ​ទី​៥​។​៣-​ពិភាក្សា​រួម​លើ​ការរៀបចំ​ទិវា​៨​ឧសភា ​ឆ្នាំ​២០១៩​។


ជាមួយគ្នានេះ លោក ជាវ តា​យ ប្រធាន​កិត្តិយស​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពត បាន​ឲ្យ​ដឹងថា ជារួម ​លទ្ធផល​ការងារ​ក្នុង​វិស័យ​ស្នូល​ទាំង​៤​របស់​កាកបាទក្រហម​កម្ពុជា​ ដែល​សាខា​កាក​បាទ​ក្រហម​ខេត្ត​កំពត​ បាន​អនុវត្ត​នៅ​ក្នុង​ឆ្នាំ​២០១៨​កន្លងមក ក្នុង​នោះ​រួមមាន​ ការងារ លើ​ការ​គ្រប់គ្រង គ្រោះ​មហន្តរាយ ការងារ​សុខភាព ​និង​ការថែទាំ​សុខភាព​ក្នុង​សហគមន៍ ការងារ​លើក​កម្ពស់​គោលការណ៍​គ្រឹះ​ និង​តម្លៃ​មនុស្សធម៌​ និង​ការងារ​អភិវឌ្ឍន៍​ស្ថាប័ន​ និង​ធនធាន​ ដោយ​ក្នុង​នោះ​សម្រេច​បាន​លទ្ធផល​គួរ​ឲ្យ​កោតសរសើរ​ផងដែរ​។

ទន្ទឹម​នឹង​នោះ ​ក៏បាន​ដាក់​ចេញ​នូវ​ទិសដៅ​បង្កើន​ការអនុវត្ត​សកម្មភាព​បន្ត​ទៀត ​ក្នុង​ឆ្នាំ​២០១៩ ដោយ​ផ្សារភ្ជាប់​នូវ​វិស័យ​ស្នូល​ទាំង​៤​ខាងលើ ​ឲ្យ​បាន​កាន់តែ​ចំ​គោលដៅ​ និង​មាន​ប្រសិទ្ធភាព​ល្អ​ប្រសើរ​ថែមទៀត​។​


សូម​ជម្រាប​ថា​ តាម​របាយការណ៍​របស់ លោក កែវ សុផាន់ នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពត បាន​ឲ្យ​ដឹង​ដែរ​ថា លទ្ធផល​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០១៨​កន្លងទៅនេះ សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពត​បានទទួល​សមាជិកភាព​ពី​សប្បុរសជន តាម​មន្ទីរ អង្គភាព ​ចាប់ពី​ថ្នាក់​កិត្តិយស​រហូតដល់​សមាជិក​ភាព​ពី​ថ្នាក់​លេខ​១​ ដល់​ថ្នាក់​លេខ​៧​ សរុប​ចំនួន​១០.២២២​នាក់ និង​ទទួល​បាន​ទឹកប្រាក់​សរុប​ចំនួន​៦៧.៣៧៥.០០០​រៀល​៕




ចំនួនអ្នកមើល: 0