អូស្ត្រាលី​ ចេញ​ការ​ព្រមាន​ថ្មី​អំពី​ទឹកជំនន់​ ខណៈ​នាយករដ្ឋមន្ត្រី​ចុះទៅ​មើល​តំបន់​រងគ្រោះ

ចែករំលែកដោយ R-S-E
អូស្ត្រាលី​ ចេញ​ការ​ព្រមាន​ថ្មី​អំពី​ទឹកជំនន់​ ខណៈ​នាយករដ្ឋមន្ត្រី​ចុះទៅ​មើល​តំបន់​រងគ្រោះ

ភ្លៀង​ធ្លាក់​ខ្លាំង​ បាន​បន្ត​វាយប្រហារ​ភាគ​ឦសាន​ប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃ​អង្គារ​ ដោយ​ជំរុញ​ឲ្យ​អាជ្ញាធរ​ព្រមាន​អំពី​ទឹកជំនន់​ភ្លាមៗ​បន្ថែម​ទៀត​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ខាងមុខ។

លោកនាយក​រដ្ឋមន្ត្រី Scott Morrison បានធ្វើ​ដំណើរ​ទៅ​តំបន់​នោះ​ដែលជា​កន្លែង​ទឹកជំនន់​មានតែ​ម្តងគត់​ក្នុង​មួយ​សតវត្សរ៍​បាន​ជន់​លិច​ផ្ទះ​រាប់ពាន់​ខ្នង​ហើយ​បិទ​ព្រលានយន្តហោះ​និង​សាលារៀន​ដោយ​បណ្តាល​ឲ្យ​រថយន្ត​និង​ផ្ទះ​លិច​ក្នុង​ទឹក​។​

លោក Morrison បាន​ថ្លែងថា "​វា​ជាការ​លំបាក​"​។ លោក​បានបង្ហាញ​ពី​ក្តី​អាណិតអាសូរ​ចំពោះ​ក្រុមគ្រួសារ​របស់​មនុ​ស្សវ័យ​ក្មេង​ដែល​បាន​បាត់បង់​ផ្ទះសម្បែង​របស់​ពួកគេ​។ លោក​និយាយថា "​ការងារ​ពិតប្រាកដ​គឺត្រូវធ្វើ​ឲ្យ​ច្បាស់​ថា ពួកគេ​អាច​ឆ្លងកាត់​តាម​ការសម្អាត​និង​កសាង​ជីវិត​របស់​ពួកគេ​ឡើងវិញ​"​។​

នៅក្នុង​ទីក្រុង Townsville, មនុស្ស​ជាង​៦៥០​នាក់​ត្រូវបាន​ជម្លៀស​ចេញពីផ្ទះ​របស់​ពួកគេ​ហើយ​ផ្ទះ​ប្រហែល​១១,០០០​ខ្នង​នៅតែ​គ្មាន​អគ្គិសនី​ប្រើប្រាស់​នៅ​ថ្ងៃ​អង្គារ​។ មនុស្ស​ប្រហែល​៩,០០០​នាក់​ទៀត​បាន​ស្នើសុំ​ជំនួយ​។​

ថ្វីបើ​ទឹកបាន​ស្រក​ចុះ​នៅតាម​តំបន់​ខ្លះ​ក៏ដោយ វា​ក៏​ហាក់ដូចជា​មានការ​រំពឹង​ទុក​អំពី​ការ​ឡើងវិញ​ភ្លាមៗ​ផងដែរ​។​

លោក Richard Wardle មកពី​ការិយាល័យ​ឧ​ត្តុ​និយម​របស់​រដ្ឋ Queensland បាន​និយាយថា "​យើង​រំពឹងថា រដូវ​មូសុង​ដ៏​សកម្ម​នេះ​នឹង​នៅតែ​សកម្ម​សម្រាប់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​ប៉ុន្តែ​អាច​ថមថយ​នៅ​ចុង​សប្តាហ៍​ដូច្នេះ​វា​មាន​សញ្ញា​នៃ​ការបញ្ចប់​។ ប៉ុន្តែ​យើង​រំពឹងថា នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​បន្ថែមទៀត​នៅ​ភាគ​ឦសាន​សម្រាប់​រយៈពេល​ពីរ​បី​ថ្ងៃ​ខាងមុខ​នេះហើយ​មាន​ហានិភ័យ​ខ្ពស់​នៃ​ទឹកជំនន់​ភ្លាមៗ​"​។​

ជាធម្មតា ភាគ​ខាងជើង​ប្រទេស​អូស្ត្រាលី​តែងតែ​ជួបប្រទះ​ភ្លៀង​ធ្លាក់​ខ្លាំង​អំឡុង​រដូវ​មូសុង​ប៉ុន្តែ​ភ្លៀង​ធ្លាក់​នាពេល​ថ្មីៗ​នេះ​បានធ្វើ​ឲ្យ​តំបន់​ខ្លះ​ទទួលបាន​ទឹកភ្លៀង​ដ៏​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​។

អាជ្ញាធរ​ត្រូវ​បង្ខំចិត្ត​បើក​ទំនប់​វា​រី​អគ្គិសនី​មួយ​កាលពី​រាត្រី​ថ្ងៃអាទិត្យ​ដោយ​បញ្ចេញ​នូវ​អ្វីដែល​ពួកគេ​ហៅថា "​លំហូរ​ល្បឿន​ដ៏​គ្រោះថ្នាក់​និង​លឿន​"៕ AFP


ចំនួនអ្នកមើល: 14