បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​រាលដាល​នៅ​តំបន់​បឹង​ទន្លេសាប ស្រុក​ឯក​ភ្នំ​

ចែករំលែកដោយ R-S-E
បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​រាលដាល​នៅ​តំបន់​បឹង​ទន្លេសាប ស្រុក​ឯក​ភ្នំ​

​ប្រភពពី​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅក្នុង​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​នៅក្នុង​តំបន់​អភិរក្ស​ត្រី​ឡូត៍​លេខ​២ ដែលជា​ជង្រុក​ត្រី​ធំ​បំផុត​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ខេត្តបាត់ដំបង កំពុង​កើតមាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​យ៉ាង​រាលដាល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ជល​ផល មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេនោះ គឺ​គ្មាន​ជនល្មើស​ណា​ហ៊ាន​ធ្វើ​សកម្មភាព​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​យ៉ាង​កំរោល​ដូច​សព្វថ្ងៃ​នេះឡើយ​។ ដូច្នេះហើយ​ទើប​ប្រជា​នេសាទ​ក្នុង​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ អំពាវនាវ​ឲ្យ​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង និង​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ឃុំ​កោះ​ជី​វាំង ជាបន្ទាន់​។

សេចក្ដីរាយការណ៍​ពី​ប្រជា​នេសាទ បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​ក្រុម​ជនល្មើស​បាន​ប្រើ​ឧបករណ៍​ខុសច្បាប់​ប្រភេទ​របាំង​ណ​រ៉ាវ សាច់​អួន​ក្រឡា​ញឹក ដែលមាន​ប្រវែង​បណ្ដោយ​១០០០​ម៉ែត្រ​ទៅ​២០០០​ម៉ែត្រ​ដើម្បី​ចាប់​ត្រី​ក្នុង​តំបន់​អភិរក្ស​ឡូត៍​លេខ​២ យ៉ាង​អនាធិបតេយ្យ​។ ប្រជា​នេសាទ​បាន​ឲ្យ​ដឹងថា នៅពេល​ឃើញ​បទល្មើស​កើតឡើង​គឺ​ពួកគាត់​តែង​រាយការណ៍​ទៅ​មន្ត្រី​អាជ្ញាធរ មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ឲ្យ​ចាត់វិធានការ​បង្ក្រាប​ក្រុម​ជនល្មើស​ភ្លាមៗ​។ ប៉ុន្តែ​សេចក្ដីរាយការណ៍​របស់​ប្រជា​នេសាទ​គឺជា​រឿង​ឥតន័យ ព្រោះ​មន្ត្រី​ជំនាញ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គឺជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់ ដូច្នេះហើយ​ពួកគេ​ធ្វើ​ឲ្យ​មាន​ភាពយឺតយ៉ាវ​ធ្វើ​ឲ្យ​មានការ​បង្ក្រាប​បទល្មើស​។

ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជា​នេសាទ​នៅ​ឃុំ​កោះ​ជី​វាំង បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​នៅ​ចំណុច​បន្ទាយ​សត្វ​អូររាំង​ជ្រំ ចំណុច​ព្រែក​ស្ព​ត បឹង​កម្ចី អូរ​ដា ភូមិ​អន្លង់​តា​អួ ឃុំ​កោះ​ជី​វាំង កំពុង​កើតមាន​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ប្រភេទ​ណ​រ៉ាវ របាំង​សាច់​អួន​ក្រឡា​ញឹក ដែលមាន​បណ្ដោយ​រាប់ពាន់​ម៉ែត្រ​ចាប់​ត្រី​យ៉ាង​មហន្តរាយ​។ ក្រុម​ឈ្មួញ​ដែល​ប្រើ​ឧបករណ៍​ខុសច្បាប់​ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ សួរ និង​ឈ្មោះ វី​រ៉ា រស់នៅ​ភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រីរដ្ឋបាល​ជល​ផល មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ទើប​ពួកគេ​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ដោយឡែក​នៅ​ចំណុច​ព្រែក​ចុង​អង្គ្រង ភូមិ​ថ្វាង ឃុំ​កោះ​ជី​វាំង មាន​ឈ្មួញ​ធំ​ម្នាក់​ឈ្មោះ ស៊ឹម ហន ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​នៅ​តំបន់​ឡូត៍​អភិរក្ស​លេខ​២ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ព្រោះ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ម្នាក់​នេះឡើយ​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម និង​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិនគួរ​មើលរំលង​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តបាត់ដំបង និង​មន្ត្រីក្រោមឱវាទ​ដែល​បណ្ដោយ​ឲ្យ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះទេ​៕

ចំនួនអ្នកមើល: 14