យុវតី Greta Thunberg វ័យ១៦ឆ្នាំ ជាប់ឈ្មោះជា «បុគ្គលមានឥទ្ធិពលបំផុតប្រចំាឆ្នាំ២០១៩» របស់ទស្សនាវដ្ដី Times

ចែករំលែកដោយ R-S-E
យុវតី Greta Thunberg វ័យ១៦ឆ្នាំ ជាប់ឈ្មោះជា «បុគ្គលមានឥទ្ធិពលបំផុតប្រចំាឆ្នាំ២០១៩» របស់ទស្សនាវដ្ដី Times

(ញូយ៉ក)៖ យុវតី Greta Thunberg ជាសកម្មជនការពារបរិស្ថានវ័យក្មេង និងដ៏សកម្មម្នាក់មកពីប្រទេសស៊ុយអែត ដែលបានជំរុញ ឱ្យមេដឹកនាំពិភពលោកចាត់វិធានការជាបន្ទាន់ដើម្បីដោះស្រាយវិបត្តិបម្រែបម្រួលអាកាសធាតុសកលលោក ត្រូវបានតែងតាំងជា <<បុគ្គលមានឥទ្ធិពលបំផុតប្រចំាឆ្នាំ២០១៩>> ឬ Person of the Year for 2019 របស់ទស្សនាវដ្ដី Time Magazine នៅថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩។

Thunberg មានអាយុ១៦ឆ្នាំ ក៏ត្រូវបានទស្សនាវដ្ដី Time កោតសរសើរផងដែរ សម្រាប់ការចាប់ផ្ដើមធ្វើយុទ្ធនាការការពារបរិស្ថាន កាលពីឆ្នាំ២០១៨ រហូតដល់ក្លាយជាចលនាការពារស្ថានសកលលោក។ យុវតីរូបនេះសម្រេចចិត្តមិនចូលសាលារៀន ដើម្បីដឹកនាំ យុទ្ធនាការជាច្រើននៅចំពោះមុខសភាស៊ុយអែត តាមរយៈការស្នើឱ្យពួកគេចាត់វិធានការការពារបរិស្ថានជាបន្ទាន់។

គួរបញ្ជាក់ថា បើតាម Time Magazine ក្នុងរយៈពេល១៦ខែមកនេះ ជាពិសេសគឺបន្ទាប់ពីយុវតី Greta Thunberg ថ្លែងសុន្ទរកថា ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ នាងបានទាក់ទាញមនុស្សជាង៤លាននាក់ឱ្យចូលរួមក្នុងកូដកម្មតវ៉ា ដើម្បីបរិស្ថាន កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ៕




ចំនួនអ្នកមើល: 45