ប្រជាពលរដ្ឋ១០០នាក់ តំណាងប្រជាពលរដ្ឋជាង៣០០នាក់ លើកគ្នាតវ៉ាក្នុងបរិវេណបុរី «កាំងម៉េង» ខណ្ឌដង្កោ ស្នើសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំ រឿងមិនកាត់បំបែកក្បាលដី ធ្វើប្លង់រឹងដីឡូត៍ជូនពួកគាត់

ចែករំលែកដោយ R-S-E
ប្រជាពលរដ្ឋ១០០នាក់ តំណាងប្រជាពលរដ្ឋជាង៣០០នាក់ លើកគ្នាតវ៉ាក្នុងបរិវេណបុរី «កាំងម៉េង» ខណ្ឌដង្កោ ស្នើសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំ រឿងមិនកាត់បំបែកក្បាលដី ធ្វើប្លង់រឹងដីឡូត៍ជូនពួកគាត់

(ភ្នំពេញ)៖ ផ្ទុះការតវ៉ានៅក្នុងបរិវេណបុរី កាំងម៉េង ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០១៩នេះ ខណៈប្រជាពលរដ្ឋ១០០នាក់ តំណាងប្រជាពលរដ្ឋជាង៣០០នាក់ បានលើកគ្នាមកជួបជុំតវ៉ាជាមួយម្ចាស់បុរី កាំង ម៉េង ពាក់ព័ន្ធខាងបុរីមិនបានធ្វើតាមកិច្ចសន្យាទិញលក់ គឺមិនបានធ្វើប្លង់រឹងដីឡូត៍ ជូនពួកគាត់ដែលជាអតិថិជន។

តាមការលើកឡើងរបស់អ្នកស្រី កែវ បូនី ជាអតិថិជនទិញដីឡូត៍តំណាងឲ្យប្រជាពលរដ្ឋជាង៣០០នាក់ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ដីឡូត៍ដែលពួកគាត់ទិញពីលោកឧកញ៉ា កាំង យូម៉េង នាយកក្រុមហ៊ុន លាង ហេង ត្រេឌឹង និងជាម្ចាស់ដីឡូត៍ក្នុងបរិវេនបូរីកាំងម៉េង ជាង១០ឆ្នាំមកហើយ ដោយអតិថិជនខ្លះបង់រំលោះ នឹងអតិថិជនខ្លះបង់ដាច់ រហូតមកដល់ពេលនេះ គឺម្ចាស់ដីឡូត៍ទាំងអស់បានអនុវត្តន៍ តាមកិច្ចសន្យាទិញលក់ត្រឹមត្រូវ ហើយពួកគាត់បានបង់លុយគ្រប់ចំនួន ជូនទៅឲ្យភាគីម្ចាស់ដីឡូត៍ ប៉ុន្តែបច្ចុប្បន្នម្ចាស់ដីឡូត៍មិនបានធ្វើប្លង់រឹង បំបែកក្បាលដីអនុវត្តន៍ទៅតាមកិច្ចសន្យាទេ ទើបពួកគាត់សម្រេចប្រមូលផ្តុំគ្នាតវ៉ា។

ជាមួយគ្នានោះ អ្នកស្រី ក៏ដូចម្ចាស់ដីឡូត៍ទាំងអស់ បានទទូចគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មេត្តាអន្តរាគមន៍ជួយរកយុត្តិធម៌ឲ្យពួកគាត់ទទួលបានការបំបែកក្បាលដី ធ្វើប្លង់រឹងជាលក្ខណៈប្រព័ន្ធពីម្ចាស់បុរី កាំងម៉េង បានឆាប់រហ័សផង ដើម្បីឲ្យពួកគាត់បានសាងសងលំនៅដ្ឋាន រស់នៅអចិន្ត្រៃសមរម្យ បង់ពន្ធជូនរដ្ឋ និងឆ្លើយតបតាមការអភិវឌ្ឍន៍រីកចម្រើន របស់រាជរដ្ឋាភិបាល។

យោងតាមលិខិតឆ្លើយតបរបស់លោក គឹម ម៉េងឃី មេធាវីតំណាងម្ចាស់បូរីកាំងម៉េង បញ្ជាក់ថា ការពន្យាពេលការអភិវឌ្ឍន៍ក្នុងបុរីកាំងម៉េង មានកត្តាច្រើន ដោយខាងបុរីមានវិបត្តិសេដ្ឋកិច្ចផ្ទួនៗ ដែលធ្វើឲ្យតម្លៃដីធ្លី គ្មានហាងឆេង និងអតិថិជនមិនបានបង់ថ្លៃដីធ្លី (បង់រំលោះ) ហើយក្នុងចំណោមអតិថិជនជាងពីរពាន់ឡូត៍ ដែលទិញដីហើយ គឺទុកចោលអតិថិជនភាគច្រើន មិនបានចូលរួមក្នុងការអនុវត្តន៍កាតព្វកិច្ចនេះទេ ដែលកាតព្វកិច្ចសាងសង់ផ្ទះវីឡានេះ ជាកត្តាសម្រាប់អភិវឌ្ឍន៍ក្នងបុរី និងមានអតិថិជនជាច្រើន ដែលទិញដីហើយខកខាន ដោយបង់រំលោះជាច្រើនឆ្នាំ និងមានអតិថិជនមួយចំនួន បំផុសនឹងញុះញុងបង្កាច់បង្ខូច ឲ្យមានការយល់ច្រឡំលើបុរីកាំងម៉េង ដើម្បីខ្លួនរួចផុតពីការអនុវត្តកិច្ចរបស់ខ្លួន ក្នុងការចូលរួមអភិវឌ្ឍន៍ ក៏ដូចជាការបង់ថ្លៃដាក់លូ និងការបង់ថ្លៃសង់ផ្ទះវីឡាជាដើម។

ក្នុងលិខិតបន្តថា ចំពោះការចុះបញ្ជីនឹងការផ្ទេរសិទ្ធ គឺកន្លងមកខាងបុរីកាំងម៉េង បានធ្វើការផ្ទេរសិទ្ធកាន់កាប់ និងប្រើប្រាស់ដីធ្លីជូនអតិថិជនដោយគ្មានបញ្ហាឡើយ ដែលករណីនេះ អតិថិជនមួយចំនួន បានទទួលរួចរាល់ហើយ ប៉ុន្តែការផ្ទេរសិទ្ធកាន់កាប់ និងប្រើប្រាស់ដីធ្លីជូនអថិតិជន ក្នុងមួយរយៈនេះមិនទាន់មានភាពរលូន ដោយបញ្ហាការងារបច្ចេកទេស របស់មន្ត្រីជំនាញសុរិយោដីខេត្តកណ្តាល និងរាជធានីភ្នំពេញ។ ទោះបីជាយើងខ្ញុំ មិនអាចបញ្ជាក់ច្បាស់ថា តើការងារបច្ចេកទេសនេះ ដោះស្រាយរួចរាល់នៅពេលណាក៏ដោយ ក៏បុរីកាំងម៉េង បានស្នើសុំអន្តរាគមន៍ទៅមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីពន្លឿនការងារនេះជូនអតិថិជន។

សូមបញ្ជាក់ថា ជុំវិញករណីតវ៉ាខាងលើ ប្រជាពលរដ្ឋ អះអាងថា ជាម្ចាស់ដីឡូត៍ជាង៥០០ឡូត៍ បានកំពុងរៀបចំឯកសារផ្តិតមេដៃ ស្នើទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីឲ្យជួយសម្រួលអន្តរាគមន៍ ទៅភាគីខាងបុរីកាំងម៉េង កាត់បំបែកក្បាលដី ធ្វើប្លង់រឹងជូនពួកគាត់៕
















ចំនួនអ្នកមើល: 240